Google ដាក់​ទង់ជាតិ​កម្ពុជា​នៅ​ទំព័រ​មុខ ក្នុង​ថ្ងៃ​បុណ្យ​ឯករាជ្យ


តំណាលគ្នានឹងខួបលើកទី៦២ នៃបុណ្យឯករាជ្យ ៩ វិច្ឆិកា ក្នុងឆ្នាំ២០១៥នេះ នៅកម្ពុជា ក្រុមហ៊ុន ហ្គោហ្គ័ល (Google) បាន​យក​ទង់ជាតិ​កម្ពុជា មក​ដាក់​នៅ​លើ​ទំព័រ​មុខ​របស់​ខ្លួន។
Google ដាក់​ទង់ជាតិ​កម្ពុជា​នៅ​ទំព័រ​មុខ ក្នុង​ថ្ងៃ​បុណ្យ​ឯករាជ្យ

រូបផ្តិតពីគេហទំព័រ ហ្គូហ្គ័ល ជាខេមរភាសា ក្នុងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

ទង់ជាតិកម្ពុជាត្រូវបានគេហទំព័រ ហ្គោហ្គ័ល​ ឯកទេសខាងរុករក ដ៏ល្បីជាងគេនៅលើពិភពលោក ដាក់​នៅ​លើ​ទំព័រមុខរបស់ខ្លួន នៅចំថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលត្រូវជាថ្ងៃខួបលើកទី៦២ នៃការ​ទាមទារ​ឯករាជ្យ​ភាព​ទាំងមូលរបស់កម្ពុជា ពី​ប្រទេស​បារាំង ក្រោយការដឹកនាំ​របស់​ព្រះបរមរតនកោដ្ឋ អតីត​ព្រះមហាក្សត្រ​កម្ពុជា ព្រះ​បាទ​នរោត្តម សីហនុ។

គេហទំព័រ ហ្គូហ្គ័ល ជាខេមរភាសា ដែលមានអាស័យដ្ឋាន google.com.kh បានជំនួសស្រះ«O»មួយ នៃ​ពាក្យ «GOOGLE» របស់ខ្លួន ដោយទង់ជាតិកម្ពុជា ដាក់នៅពីមុខទេសភាព វាលស្រែនៅជាប់នឹង​ព្រៃភ្នំ​របស់​កម្ពុជា យ៉ាងបៃតងល្វឹងល្វើយ។ ហើយបើគេចុចទៅលើរូបនេះ គេនឹងបានទៅដល់ទំព័រមួយ ដែល​មាន​សរសេរ ជា​ភាសា​អង់គ្លេសថា៖ «November 9, 2015. Cambodia Independence Day 2015» មាន​ន័យ​ជា​ខេមរភាសា៖ «ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ថ្ងៃបុណ្យឯករាជ្យនៃប្រទេសកម្ពុជា»។

នៅពីក្រោមឃ្លានោះ មានឃ្លាពន្យល់ ជាភាសាអង់គ្លេសយ៉ាងវែង ចំនួន៤ទៅ៥ឃ្លាទៀត មាន​សេចក្ដី​ជា​អាថ៌​ថា៖ «Today, November 9th, marks Cambodian Independence Day. A ceremony at the Independence Monument this morning will precede the parade. The streets in front of the Royal Palace will be filled with brightly colored floats and the proud music from Cambodian marching bands. The city will be decked out with the Cambodian flag, which features the temple city of Angkor Wat — the largest religious monument in the world.» មាន​ន័យ​ជា​ខេមរភាសា៖ «ថ្ងៃនេះ ថ្ងៃទី៩ វិច្ឆិកា, គឺ​ជា​ថ្ងៃ​បុណ្យ​ឯករាជ្យ​របស់​កម្ពុជា។ ក្នុង​ពិធី​មួយ​នា​វិមាន​ឯករាជ្យ នា​ព្រឹក​នេះ នឹងមាន​ការ​ដើរ​ដង្ហែ​ជា​ក្បួន។ នៅ​តាម​ដង​ផ្លូវ នៅ​ខាង​មុខ​ព្រះ​បរមរាជវាំង (...)។ រាជធានី​កម្ពុជា នឹង​ដោត​លំអ​ពោរពាស ដោយ​ទង់ជាតិ ដែល​មាន​ប្រាសាទ​អង្គរវត្ត ជា​និមិត្តរូប - អង្គរវត្ត ដែល​ជា​ប្រាសាទ​សាសនា ដែល​ធំ​ជាង​គេ​បំផុត នៅ​លើ​ពិភពលោក។»។

ការចូលរួមអបអរបុណ្យជាតិ ជាមួយប្រទេសកម្ពុជា ពីសំណាក់គេហទំព័ររុករកដ៏ធំជាងគេនេះ មិនមែនទើប​តែ​ធ្វើ​ឡើង ជាលើកទីមួយនោះទេ។ លើកមុន គេបានឃើញហ្គូហ្គ័ល បានចូលរួមបុណ្យចូលឆ្នាំថ្មីខ្មែរ ម្ដង​ហើយ។ នេះ អាច​ធ្វើ​ឲ្យ​គេ​នឹក​ឃើញ ទៅដល់នយោបាយ របស់ក្រុមហ៊ុនរុករករបស់អាមេរិក Google ថា​កំពុង​ងាក​មក​ចាប់​​អារម្មណ៍​លើ​ទីផ្សារអាំងធើណែត នៅក្នុងប្រទេសកម្ពុជា ហើយវាក៏ជាសក្ដានុពលថ្មីមួយទៀត សម្រាប់​ប្រទេស​នេះ ដែលមានយុវជន ប្រើប្រាស់កាន់តែខ្លាំងឡើង នូវបច្ចេវិទ្យាទំនើបៗ៕