ប្ដី​ប្រពន្ធ​២​នាក់​នៅ​ស្រុក​អន្លង់វែង​ស្លាប់​បន្តបន្ទាប់​សង្ស័យ​ថា​ពុល​ស្រា​ស

បុរស​ម្នាក់​ជា​អ្នក​រត់​ម៉ូតូ​ឌុប និង​ប្រពន្ធ​របស់​គាត់​ដែល​ជួល​ផ្ទះ​ស្នាក់នៅ​ក្នុង​ភូមិ​អភិវឌ្ឍន៍ ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង បាន​ស្លាប់​បន្តបន្ទាប់​គ្នា​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា កន្លង​ទៅ។ អ្នក​ភូមិ​ជាច្រើន​ដែល​រស់នៅ​ជិត​ខាង​នឹង​ប្ដី​ប្រពន្ធ​នោះ នៅ​មិន​ទាន់​បាន​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នៃ​ការ​ស្លាប់​នោះ ថា​តើ​បណ្ដាល​មក​ពី​អ្វី​ទេ? ប៉ុន្តែ​ប៉ូលិស​បាន​ដាក់​ការ​សង្ស័យ​ថា ប្រហែល​បណ្ដាល​មក​ពី​ពុល​ស្រា​ស។

មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អន្លង់វែង និង​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ កំពុង​បន្ត​ការ​ស្រាវជ្រាវ​ជុំវិញ​ករណី​បុរស​ម្នាក់ និង​ប្រពន្ធ​របស់​គាត់ ដែល​ស្លាប់​ជា​បន្តបន្ទាប់​គ្នា​នោះ ថា​តើ​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​ឲ្យ​បាន​ច្បាស់លាស់?

នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​អន្លង់វែង គឺ​លោក វង់ ចាន់។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ពុធ ទី​១១ ខែ​វិច្ឆិកា ថា កម្លាំង​របស់​លោក​នៅ​តែ​បន្ត​ការ​ស្រាវជ្រាវ​ទៅ​លើ​ករណី​បុរស​ម្នាក់ និង​ប្រពន្ធ​របស់​គាត់​បាន​ស្លាប់​ជា​បន្តបន្ទាប់​គ្នា​នោះ ថា​តើ​វា​បណ្ដាល​មក​ពី​អ្វី? លោក​មេ​ប៉ុស្តិ៍​ដដែល​បញ្ជាក់​ថា នៅ​កន្លែង​ដែល​បុរស និង​ប្រពន្ធ​របស់​គាត់​ស្នាក់នៅ គឺ​ប៉ូលិស​មិន​បាន​រក​ឃើញ​ជាតិ​ពុល​អ្វី​គួរ​ឲ្យ​សង្ស័យ ក្រៅ​តែ​ពី​អ្នក​ជិត​ខាង​បាន​ប្រាប់​ថា ប្ដី​ប្រពន្ធ​នោះ​ផឹក​ស្រា​ព្រឹក​ល្ងាច ដោយ​មិន​គិត​បាយ​ទឹក​នោះ​ទេ។ ប៉ូលិស​បាន​សន្និដ្ឋាន​ថា ប្ដី​ប្រពន្ធ​នោះ​ទំនង​ជា​ស្លាប់​ដោយសារ​ខ្យល់​គ ពីព្រោះ​គាត់​មិន​ដែល​ដាំ​បាយ​ហូប គឺ​គិត​តែ​ពី​ផឹក​ស្រា៖ «យើង​ចូល​ទៅ​ស្រាវជ្រាវ​បន្ត ទី​១ គឺ​រក​ថ្នាំពេទ្យ​ក្រែងលោ​គាត់​លេប​ថ្នាំ​ពេទ្យ ឬ​ក៏​មាន​អ្នក​ណា​មួយ​ស្អប់ លប​លួច​ធ្វើ​ឃាត​ធ្វើ​អី គឺ​មិន​ឃើញ​ទេ»

ការ​សន្និដ្ឋាន​របស់​នគរបាល​ប៉ុស្តិ៍​អន្លង់វែង បែប​នេះ បន្ទាប់​ពី​ល្ងាច​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា កន្លង​ទៅ បុរស​ម្នាក់​ឈ្មោះ កន ខន អាយុ ៥៣​ឆ្នាំ បាន​ស្លាប់​នៅ​ក្នុង​ផ្ទះ​ជួល ហើយ​បន្ទាប់​មក ប្រពន្ធ​របស់​បុរស​នោះ​ឈ្មោះ អៀង រិត អាយុ ៥៣​ឆ្នាំ​ដូច​គ្នា ក៏​មាន​អាការៈ​ប្រកាច់​បែក​ពពុះ​មាត់ ហើយ​បាន​ស្លាប់​ប្រហែល​ជា ៣០​នាទី​ក្រោយ​ពី​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ស្រុក​អន្លង់វែង។

អនុប្រធាន​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់វែង លោក នៅ សំអន មាន​ប្រសាសន៍​ថា ចំពោះ​ការ​ស្លាប់​របស់​បុរស​ជា​ប្ដី គ្រូពេទ្យ​មិន​អាច​សន្និដ្ឋាន​បាន​ថា​យ៉ាង​ណា​ទេ ពីព្រោះ​នៅ​ឯ​ផ្ទះ ក៏ប៉ុន្តែ​ចំពោះ​ការ​ស្លាប់​របស់​ស្ត្រី​ជា​ប្រពន្ធ​វិញ ក្រុម​គ្រូពេទ្យ​សង្ស័យ​អាច​បណ្ដាល​មក​ពី​ជាតិ​ពុល ពីព្រោះ​មុន​ពេល​ស្លាប់ ស្ត្រី​នោះ​បែក​ពពុះ​មាត់​ប្រកាច់ ហើយ​ធុំ​ក្លិន​ស្រា​ផង។ គ្រូពេទ្យ​ដដែល​បញ្ជាក់​ថា តាម​ការ​សាកសួរ​កុមារ​ម្នាក់​ដែល​ជា​កូន​របស់​ស្ត្រី​នោះ បាន​ប្រាប់​ថា ឪពុក​ម្តាយ​របស់​គេ​មិន​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​អ្វី​ទេ ហើយ​កាល​ពី​ពេល​ព្រឹក គឺ​ពួក​គាត់​ទាំង​ពីរ​នាក់​មាន​សុខភាព​ធម្មតា៖ «ការ​សន្និដ្ឋាន​របស់​គ្រូពេទ្យ គាត់​អាច​នឹង​ពុល ព្រោះ​គាត់​ហូប​ស្រា។ គាត់​ហូប​ប៉ុណ្ណា​យើង​អត់​ដឹង​ទេ ប៉ុន្តែ​ក្នុង​មាត់​គាត់​ធុំ​ក្លិន​ស្រា នេះ​បើ​តាម​ការ​អះអាង​របស់​គ្រូពេទ្យ»

អ្នក​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន ក៏​យល់​ឃើញ​ដូច​គ្នា​នឹង​ក្រុម​គ្រូពេទ្យ​ដែរ​ថា ប្រជាពលរដ្ឋ​ពីរ​នាក់​ប្ដី​ប្រពន្ធ​នោះ អាច​ស្លាប់​បណ្ដាល​មក​ពី​ការ​ពុល​ស្រា​ស។

រយៈពេល ២-៣​ឆ្នាំ​មក​នេះ ព័ត៌មាន​ស្ដីពី​ប្រជាពលរដ្ឋ​ខ្មែរ​ស្លាប់​ដោយសារ​ពុល​ស្រា​ស គឺ​ឧស្សាហ៍​កើត​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ដូចជា​នៅ​ខេត្ត​សៀមរាប ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​កំពង់ឆ្នាំង ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។