ទំនប់​វារីអគ្គិសនី​ដនសាហុង​បង្ក​ហានិភ័យ​ខ្ពស់​ដល់​សត្វ​ផ្សោត​នៅ​អន្លង់​អភិរក្ស​ឈើទាល

សត្វ​ផ្សោត​នៅ​អន្លង់​ឈើទាល ក្នុង​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង កំពុង​ប្រឈម​ទៅ​នឹង​ហានិភ័យ​ខ្ពស់ ខណៈ​ភាគី​ប្រទេស​ឡាវ ចាប់​ផ្ដើម​សាងសង់​ទំនប់​នៅ​ជាប់​នឹង​អន្លង់​ជ្រក​នៅ​របស់​សត្វ​ផ្សោត​ទន្លេ​ទាំង​នោះ។

មន្ត្រី​អភិរក្ស​ផ្នែក​បរិស្ថាន​អំពាវនាវ​សុំ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​រក​មធ្យោបាយ​ការពារ និង​សង្គ្រោះ​សត្វ​កម្រ​ទាំង​នោះ​ដើម្បី​បម្រើ​វិស័យ​ទេសចរណ៍​ក្នុង​ប្រទេស។

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​សហគមន៍​អភិរក្ស​អន្លង់​ផ្សោត​ឈើ​ទាល​សង្កេត​ឃើញ​ថា សត្វ​ផ្សោត​ចាប់​ផ្ដើម​ចរាចរណ៍​ពី​អន្លង់​ជ្រក​នៅ​ជា​ប្រចាំ ទៅ​កាន់​អន្លង់​ខ្សែ​ទឹក​ខាង​លើ​ខុសប្លែក​សព្វ​មួយ​ដង ពីព្រោះ​អ្នក​ភូមិ​កម្រ​ឃើញ​សត្វ​ផ្សោត​ទាំង​នោះ​ធ្វើ​បន្លាស់​ទី​បែប​នេះ​ច្រើន​ឆ្នាំ​កន្លង​ទៅ។

មន្ត្រី​ជាន់​ខ្ពស់​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក មៀច មាន ចាត់​ទុក​បន្លាស់​ទី​របស់​សត្វ​ផ្សោត​នៅ​ពេល​នេះ​គឺ​ទាក់ទិន​នឹង​ការ​ភ័យ​ខ្លាច​ដោយសារ​រំ​ញ័រ ឬ​សំឡេង​បំផ្ទុះ​ថ្ម​នៃ​ការដ្ឋាន​សាងសង់​ទំនប់ ដន សាហុង ពី​ប្រទេស​ឡាវ ដែល​ឋិត​នៅ​ចម្ងាយ​ប្រមាណ ១.៥០០​ម៉ែត្រ ពី​អន្លង់​ជ្រក​នៅ​របស់​សត្វ​ផ្សោត​ទន្លេ​នៃ​អន្លង់​ឈើទាល។ លើស​ពី​នេះ​ទៀត លោក​បារម្ភ​ទៅ​នឹង​ហានិភ័យ​កាន់តែ​ខ្ពស់​នៃ​ការ​ធ្វើ​ចរាចរណ៍​សត្វ​ផ្សោត​នេះ ខណៈ​ដែល​តំបន់​ឆ្លង​កាត់​នៃ​សត្វ​ផ្សោត​សម្បូរ​ទៅ​ដោយ​អ្នក​នេសាទ​ទាំង​ប្រជាជន​ឡាវ និង​ខ្មែរ​ដែល​រស់​នៅ​តាម​ដង​ទន្លេ​ជា​ខ្សែ​បន្ទាត់​ខណ្ឌ​ទឹក​ដី​ប្រទេស​ទាំង​ពីរ​នៅ​ចំណុច​នោះ​ដាក់​មង​ធ្វើ​ឲ្យ​ជាប់​សត្វ​ផ្សោត​ទាំង​នោះ៖ «»។

តាម​ការ​សង្កេត​របស់​សហគមន៍​អូរស្វាយ រស់​នៅ​ជិត​អន្លង់​សត្វ​ផ្សោត​ឈើទាល ឲ្យ​ដឹង​ថា សត្វ​ផ្សោត​ដែល​នៅ​សេសសល់​ប្រមាណ ៦​ក្បាល បាន​ធ្វើ​ចរាចរណ៍​ទៅ​កាន់​អន្លង់​សុភមិត្ត នៅ​ចម្ងាយ​ប្រមាណ ២.០០០​ម៉ែត្រ ពី​អន្លង់​ឈើទាល ដែល​ជា​អន្លង់​អភិរក្ស​សត្វ​ផ្សោត​បច្ចុប្បន្ន។

តំណាង​សហគមន៍​អូរស្វាយ លោក គង់ ចាន់ធី កត់សំគាល់​ថា ជា​រឿង​ចម្លែក​ដែល​សត្វ​ផ្សោត​ព្យាយាម​បន្លាស់​ទី​ទៅ​កាន់​តំបន់​ខ្សែទឹក​ខាង​លើ​ដែល​មាន​អន្លង់​ជ្រក​ពួន​មាន​ទំហំ​តូច​ពិបាក​រស់នៅ​ចិញ្ចឹម​ជីវិត​របស់​សត្វ​ផ្សោត។ មួយ​វិញ​ទៀត លោក​សង្កេត​ឃើញ​ដែរ​ថា សត្វ​ផ្សោត​បាន​បោះបង់​ការ​ចរាចរ​ទៅ​កាន់​អន្លង់​នៅ​តំបន់​កោះ​ស្តាំ ដែល​ឋិត​នៅ​កៀក​នឹង​តំបន់​សាងសង់​ទំនប់ ដន សាហុង ទំនង​ដោយសារ​ភាព​រំញ័រ និង​សំឡេង​បំផ្ទុះ​ថ្មី ឬ​សំឡេង​នៃ​ការ​ដឹក​ជញ្ជូន​គ្រឿង​សម្ភារៈ​សាងសង់​ទំនប់។

លោក​បារម្ភ​ដែរ​ថា នៅ​ថ្ងៃ​អនាគត​សត្វ​ផ្សោត​នៅ​តំបន់​នោះ​នឹង​រក​ផល​ប៉ះពាល់ និង​អាច​ធ្វើ​ឲ្យ​ត្រី​ផ្សោត​បន្លាស់​ទៅ​ទៅកាន់​តំបន់​ផ្សេង ឬ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ការ​អភិរក្ស​សត្វ​ផ្សោត និង​វិស័យ​ទេសចរណ៍​នៅ​តំបន់​នោះ៖ «»។

ប្រទេស​ឡាវ បាន​ចាប់​ផ្ដើម​សាងសង់​ទំនប់​វារីអគ្គិសនី ដន សាហុង ចាប់​ពី​ខែ​តុលា ឆ្នាំ​២០១៥ ខណៈ​ដែល​ប្រទេស​ជា​សមាជិក​ទាំង​បួន​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ មាន​កម្ពុជា ថៃ ឡាវ និង​វៀតណាម បាន​ឯកភាព​គ្នា​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៥ ថា​នឹង​ពិគ្រោះ​យោបល់​គ្នា​មុន​នឹង​ធ្វើ​ការ​សាងសង់​ទំនប់។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​ប្រធាន​គណៈកម្មការ​អភិវឌ្ឍន៍​ទេសចរណ៍​សត្វ​ផ្សោត​មេគង្គ គឺ​លោក ទូច សៀងតាណា បាន​ទេ នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា។ រី​ឯ​ប្រធាន​អង្គការ WWF កម្ពុជា លោក ឈិត សំអាត ធ្លាប់​បាន​ព្រមាន​ថា រដ្ឋាភិបាល​ត្រូវ​បន្ត​កិច្ច​ខំ​ប្រឹងប្រែង​ចាំបាច់​មួយ​ដើម្បី​រក្សា​កំណើន​ត្រី​ផ្សោត ពោល​គឺ​ការ​ទប់ស្កាត់​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី ដន សាហុង នៅ​ប្រទេស​ឡាវ និង​គម្រោង​វារីអគ្គិសនី ១០​កន្លែង​ផ្សេង​ទៀត​នៅ​តាម​ទន្លេ​មេគង្គ។

កាល​ពី​មុន​ឆ្នាំ​២០០៥ សត្វ​ផ្សោត​នៅ​អន្លង់​ឈើទាល មាន​ជាង ១០​ក្បាល ក៏​ប៉ុន្តែ​សត្វ​កម្រ​មួយ​នេះ​ប្រឈម​ទៅ​នឹង​ហានិភ័យ​នៅ​សល់​ផ្សោត​ធំៗ​ប្រមាណ ៦​ក្បាល បន្ត​រស់​នៅ​ក្រោម​ការ​អភិរក្ស​របស់​សហគមន៍​នៅ​អន្លង់​ឈើទាល នេះ។ មួយ​វិញ​ទៀត សត្វ​ផ្សោត​ទាំង​នោះ​បាន​បម្រើ​ឲ្យ​វិស័យ​ទេសចរ​នៅ​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ ដែល​បាន​ដឹក​ជញ្ជូន​អ្នក​ទេសចរ​មក​ទស្សនា​សត្វ​ផ្សោត​នៅ​អន្លង់​ឈើទាល នេះ​ដូច​គ្នា។ បច្ចុប្បន្ន​ត្រី​ផ្សោត​មាន​ចំនួន ៨០​ក្បាល នៅ​តាម​ដង​ទន្លេ​មេគង្គ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។