អ្នកនយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ ចាត់ទុក​មេដឹកនាំ​ភូមា លោក ថេ​ន សេន ជា​វីរបុរស​

ភ្នំពេញ: ​ព្រឹត្តិការណ៍​បោះឆ្នោត នៅក្នុង​ប្រទេស​ភូមា កាលពី​ថ្ងៃអាទិត្យ ទី​៨​វិច្ឆិកា ដែល​លទ្ធផល​បឋម​នេះ បង្ហាញថា គណបក្សប្រឆាំង​របស់​លោកស្រី អ៊ុង សាន​ស៊ូ​ជី បានឈ្នះ​ការបោះឆ្នោត ហើយ​គណបក្ស​ដឹកនាំ​ប្រទេស​ភូមា​របស់លោក ថេ​ន សេន ដែលមាន​យោធា​គាំទ្រ បានទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​នោះ គឺ​នៅតែ​ជា​ព្រឹត្តិការណ៍​អន្តរជាតិ ដែល​សង្គម​កម្ពុជា បាន​ចាប់អារម្មណ៍​។ ព្រឹត្តិការណ៍​នៅ​ភូមា នាំ​ឲ្យ​អ្នកនយោបាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បានចាត់ទុក​មេដឹកនាំ​ភូមា លោក ថេ​ន សេន ជា​វីរបុរស​។​

​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​១១​វិច្ឆិកា​នេះ លោក អេង ឆៃអ៊ាង អ្នកតំណាងរាស្ត្រ និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើងថា "​ការផ្ទេរអំណាច​នៅ​ប្រទេស​ភូមា នាពេល​ខាងមុខនេះ បើ​ប្រព្រឹត្ត​ទៅដោយ​សន្តិវិធី នោះ​លោក ថេ​ន សេន នឹង​ក្លាយជា​វីរបុរស​នៃ​ប្រជាជាតិ​ភូមា ដែល​បាន​នាំ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ពិតប្រាកដ​នៅ​ប្រទេស​ភូមា​"​។​

​លោក​អេង​ឆៃអ៊ាង បន្តថា "​រយៈពេល​ប្រាំ​ឆ្នាំ ក្នុងឋានៈ​ជា​ប្រធានាធិបតី លោក ថេ​ន សេន បានធ្វើ​កំណែទម្រង់​ធំៗ​ជាពិសេស​វិស័យ​នយោបាយ​ដូចជា ដោះលែង​អ្នកទោសនយោបាយ បង្កើត​វប្បធម៌​សន្ទនា​ជាមួយ​មេដឹកនាំ​គណបក្សជំទាស់​លោកស្រី​អង់​សាន ស៊ូ​ជី ផ្តល់​សេរីភាព​នយោបាយ​ដល់​ប្រជាពលរដ្ឋ ។​ល​។ រហូត​ធ្វើ​ឲ្យ​ប្រទេស​មហាអំណាច​លោកខាងលិច បាន​ដក​ទណ្ឌកម្មសេដ្ឋកិច្ច​ពី​ប្រទេស​ភូមា ។ ហើយ​ចុង​ក្រោយនេះ បាន​ជួយ​សម្រួល​និង​ធានា រៀបចំ​ឲ្យ​មានការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​អន្តរជាតិ​ទទួលស្គាល់ ព្រមទាំង​បានប្រកាស​ទទួលយក​នូវ​លទ្ធផល​នៃ​ការបោះឆ្នោត​"​។​

​លោក​អេង​ឆៃអ៊ាង បន្តថា "​ដូច្នេះ បើ​គ្មាន​លោក ថេ​ន សេន ក៏​ប្រហែលជា​គ្មាន​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ នា​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះដែរ ។ កត្តា​ទាំងអស់​នេះហើយ ដែល​ប្រជាពលរដ្ឋ​ភូមា មាន​ជំនឿ​យ៉ាង​មុតមាំ​ថា លោក ថេ​ន សេន នឹង​ចាប់ដៃ​ជាមួយ​លោកស្រី អង់​សាន ស៊ូ​ជី ដើម្បី​នាំ​ប្រទេស​ភូមា​ទៅរក​ភាពរុងរឿង ថ្កុំ​ថ្កើ​ន​"៕​

អ្នកនយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ ចាត់ទុក​មេដឹកនាំ​ភូមា លោក ថេ​ន សេន ជា​វីរបុរស​
លោកស្រី អ៊ុងសានស៊ូជី និងលោកធេនសេន