ប្រជាពលរដ្ឋ​ខណ្ឌឫស្សីកែវ សុំ​ឲ្យ​មន្ទីរពេទ្យ​អនុគ្រោះ​តម្លៃ​ជូន​ពេល​ពួកគាត់​មាន​ជំងឺ​ចូល​សម្រាក​ព្យាបាល​

ភ្នំពេញ:  ប្រជាពលរដ្ឋ​រស់នៅ​ខណ្ឌឫស្សីកែវ បាន​ទទូច​សុំ​ឲ្យ​អាជ្ញាធរ និង​មន្ទីរពេទ្យ​រដ្ឋ​ជួយ​សម្រួល​ដោះស្រាយ ដល់​ពលរដ្ឋ​ក្រីក្រ​នៅពេល​មាន​ជំងឺ​ចូលទៅ​សម្រាក​ព្យាបាល សូម​អនុគ្រោះ​តម្លៃ និង​ព្យាបាល​ដោយ​យកចិត្តទុកដាក់ ពិសេស​ជនពិការ ទាំង​អតីតយុទ្ធជន​ពិការ និង​ជនពិការ​ដោយ​ប្រការ​ផ្សេងៗ​។

​លោក​ហ៊ុំ សារុន តំណាង​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ខណ្ឌឫស្សីកែវ បានលើកឡើង​ក្នុង​វេទិកាសាធារណៈ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អាណត្តិ​ទី​២ កាលពី​ព្រឹក​ថ្ងៃទី​១០ វិច្ឆិកា នៅ​ខណ្ឌឫស្សីកែវ​ថា សព្វថ្ងៃនេះ ប្រជាពលរដ្ឋ​រស់នៅ​ខណ្ឌ ឫស្សីកែវ​មាន​ពលរដ្ឋ​ក្រីក្រ​ជាច្រើន ពិសេស​ចាស់ជរា​គ្មាន​ញ្ញាតិសណ្តាន គ្មាន​បងប្អូន​ទីពឹង និង​ជនពិការ ទាំង​អតីតយុទ្ធជន​ពិការ និង​ជនពិការ​ពី​កំណើត​ដោយ​ប្រការ​ផ្សេងៗ ពេល​បងប្អូន​ទាំងអស់នេះ មាន​ជំងឺ​ចូលទៅ​សម្រាក​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​ក្តី មណ្ឌល​សុខភាព​ក្តី ឬ​មន្ទីរពេទ្យបង្អែក​ក្តី សូមមេត្តា​អនុគ្រោះ​ដោយ​បញ្ចុះតម្លៃ និង​ព្យាបាល​ដោយ​យកចិត្តទុកដាក់​ផង មេត្តា​កុំ​ទុកចោល កុំ​រើសអើង​ដល់​អ្នកក្រីក្រ​ឲ្យ​សោះ ព្រោះ​អ្នកជំងឺ​ក៏​ជាម​នុស្ស​ដែរ ហើយ​សុទ្ធតែ​ជនជាតិខ្មែរ​ដូចគ្នា​។

​លោក​ហ៊ុំ សារុន ក៏​សុំ​អំពាវនាវ​ឲ្យ​អាជ្ញាធរ និង​ខាង​មន្ទីរពេទ្យ​រដ្ឋ មេត្តា​យកចិត្តទុកដាក់​ពិនិត្យ និង​ព្យាបាល​អ្នកជំងឺ​ក្រីក្រ​គ្រប់​ប្រភេទ បើទោះបី ជា​ជំងឺ​ប្រភេទ​ណាក៏ដោយ ត្រូវ​យកចិត្តទុកដាក់​តាមដាន​ដូច​អ្នកមាន​លុយ​បង់​សេវា​ដែរ​ទៅ​។​

​លោក​បន្តថា ចំពោះ​ចាស់ជរា​គ្មាន​ទីពឹង និង​ជនពិការ សូមមេត្តា​អនុគ្រោះ​តម្លៃ​ឲ្យ​ខុសពី​អ្នក​ធម្មតា ព្រោះ​ពួកគាត់​ទាំងនេះ គ្មាន​សាច់ញ្ញាតិ និង​គ្មាន​លទ្ធភាព​រក​ថវិកា​ចំណូល​ឯណា​មក​ព្យាបាល​ដូច​អ្នក​ឈើ​មាន​បងប្អូន​ឡើយ​។

​ចំណែក​លោក លែង ឆុន ជន​បង្គោល​ក្នុង​សហគមន៍​មិត្តភាព បាន​បញ្ជាក់ដែរថា ការយកចិត្តទុកដាក់​និង​គិត​គួរ​សុខ​ប្រជាពលរដ្ឋ មិនមែនជា​តម្រូវការ​សម្រាប់​លើកឡើង​ក្នុង​វេទិកា​នេះ​ទេ នៅពេល​ចប់​វេទិកា អាជ្ញាធរ​ត្រូវ​គិតគូ និង​ដោះស្រាយ​ជូន​ប្រជាជន​ភ្លាម​។ ដែល​ទាំងអស់នេះ ទើប​ជាការ​ចង់បាន​របស់​ព​ល​រដ្ឋ​។ លោក លែង ឆុន បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ចាប់ពីពេលនេះ​ទៅ សុំ​ឲ្យ​ខាង​មន្ទីរពេទ្យ​របស់​រដ្ឋ ពេល​មាន​ប្រជាជន​ក្រីក្រ និង​ជនពិការ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ សូម​អនុគ្រោះ​តម្លៃ​ឲ្យ​ខុសពី​ជន​ធម្មតា ឧ​ទារ​ហណ៍​ថា ពេទ្យ​កាល់ម៉ែត​វះកាត់​អស់ ៤០០ ដុល្លារ ជនពិការ និង​ជនក្រីក្រ​សុំ​យក​ទាប​ជាង​នេះ ដោយ​សុំ​ឲ្យ​មានការ​លើកលែង​។​
        
​ឆ្លើយតប​បញ្ហា​នេះ លោក​វេជ្ជ​ប​ណ្ទិ​ត ងី ម៉េង​ហេង អនុប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា តាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល បានចេញ​គោលនយោបាយ​មួយ ពេល​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ គឺ​ត្រូវ​អនុវត្តតាម​មូលនិធិ​សមធម៌ ។ មូលនិធិ​នេះ គឺ​គ្រប់​អ្នកក្រីក្រ​ត្រូវបាន​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ មណ្ឌល​សុខភាព មន្ទីរពេទ្យបង្អែក អ្នកជំងឺ​ក្រីក្រ​ត្រូវ​លើកលែង បង់ថ្លៃ​សេវា​ព្យាបាល​។​

​លោក​វេជ្ជបណ្ឌិត បាន​បន្តថា ចំពោះ​ប្រជាជន​ក្រីក្រ​ចូល​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​ក្តី មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យបង្អែក​ក្តី ដោយ​មិនមាន​បង់ប្រាក់ លុះត្រាតែ​អាជ្ញាធរ​ពិនិត្យ​ស្ថានភាព​គ្រួសារ​ជាក់ស្តែង ហើយ​ចេញ​ប័ណ្ណ​ក្រីក្រ​ជូន ទើប​ខាង​មន្ទីរពេទ្យ​មិន​យកលុយ មានន័យថា បន្ទុក​របស់​រដ្ឋ​ជា​អ្នកចេញ​សម្រាប់​សេវា​បង់ថ្លៃ​។

​លោក​អនុប្រធាន បានបញ្ជាក់​បន្ថែមទៀត​ថា ចំពោះ​ជនពិការ ក្រសួង​បានចេញ​សារាចរ​ឲ្យ​យកចិត្តទុកដាក់​ព្យាបាល​អតីតយុទ្ធជន​ពិកា​រ​។ ដោយឡែក​ជនពិការ ដោយ​ប្រការ​ផ្សេងៗ ក្រសួង​ក៏បាន​គិតគូ​ដូចគ្នា​ដែរ ដូច្នេះ​នៅពេល​ក្រោយ​ឬ បើ​មាន​បងប្អូន​ជា​ជនពិការ​ទៅ​សម្រាក​មន្ទីរពេទ្យ បាត់បង់​សមត្ថភាព​ពលកម្ម ត្រូវ​ប្រាប់​ខាង​មន្ទីរពេទ្យ​ឲ្យ​ដឹង​ជាមុន ទើប​ខាង​មន្ទីរពេទ្យ​មានការ​អនុគ្រោះ​តម្លៃ​ជូន ហើយ​ប្រសិនបើ​អ្នកជំងឺ​មាន​ប័ណ្ណ​ក្រីក្រ​ហើយ នឹង​បាន​ប្រាប់​ប្រធាន​មន្ទីរពេទ្យ​ហើយ គេ​នៅតែ​យកលុយ​ទៀត​នោះ សូម​បងប្អូន​ត្រូវ​រាយការណ៍​និង​ប្តឹងទៅ​អាជ្ញាធរ​ជាបន្ទាន់​ដើម្បី​មាន​វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​គ្រូពេទ្យ​ដែល​យក​លេស​ដើម្បី​យកប្រាក់​ពី​ពលរដ្ឋ​ក្រីក្រ​នោះ​។​

​គួររំលឹកថា​៖ កន្លងមក​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​មួយចំនួន មានការ​រិះគន់​ខ្លាំងៗ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ថា ពេល​មាន​អ្នកជំងឺ​ក្រីក្រ​ចូល​ព្យាបាល​ជំងឺ ខាង​មន្ទីរពេទ្យ​តែងតែ​កូ​ស​រួស​ទាមទារ​រកប្រាក់​មុន ទើប​អាច​ពិនិត្យ​និង​ព្យាបាល​ជូន​តាម​ក្រោយ​៕

ប្រជាពលរដ្ឋ​ខណ្ឌឫស្សីកែវ សុំ​ឲ្យ​មន្ទីរពេទ្យ​អនុគ្រោះ​តម្លៃ​ជូន​ពេល​ពួកគាត់​មាន​ជំងឺ​ចូល​សម្រាក​ព្យាបាល​

ប្រជាពលរដ្ឋ​ខណ្ឌឫស្សីកែវ សុំ​ឲ្យ​មន្ទីរពេទ្យ​អនុគ្រោះ​តម្លៃ​ជូន​ពេល​ពួកគាត់​មាន​ជំងឺ​ចូល​សម្រាក​ព្យាបាល​

ប្រជាពលរដ្ឋ​ខណ្ឌឫស្សីកែវ សុំ​ឲ្យ​មន្ទីរពេទ្យ​អនុគ្រោះ​តម្លៃ​ជូន​ពេល​ពួកគាត់​មាន​ជំងឺ​ចូល​សម្រាក​ព្យាបាល​