ឃាត់​​ខ្លួន​​​អ្នក​បើក​បរ​គោ​យន្ត​កន្ត្រៃ​​ដឹក​ឈើ​២នាក់​​ក្នុង​ព្រៃ​សហ​គម​ន៏​ភ្នំ​បា​ឡាំង

ខេត្តសៀមរាប ​៖ លោក ភូ​ង លី​ណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត ​សហការ​ជាមួយ​មន្ត្រី​ជម្រក​​សត្វព្រៃ​បឹង​ពែរ​ដឹកនាំ​​កម្លាំង​ចុះ​ល្បាតក្នុង​តំបន់​ការពារ​ព្រៃ​ធម្មជាតិ ក្នុង​ព្រំ​ប្រទល់​​ខេត្តសៀមរាប​​និង​ខេត្តព្រះវិហារ រហូត​ឈាន​ដល់​​​ឃាត់ខ្លួន​​ជនល្មើស​២​នាក់​ និង​ដកហូត​​វត្ថុ​តាង​មួយ​ចំនួន​ ​​កាលពី​ថ្ងៃ​ទី​១០ ​វិច្ឆិកា​ ​​២០១៥ ស្ថិត​នៅ​​​ភូមិ​ស្រា​ស្ត្រ​វាល​កប៉ាល់​ហោះ​ក្នុង​ព្រៃ​សហ​គម​ន៍ភ្នំ​បា​ឡាំង​ ក្នុងភូមិ​សាស្ត្រ ភូមិ​ព្រះ​ធាតុ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ។

លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ បាន​​ឱ្យ​ដឹង​នៅ​​ម៉ោង​៣រសៀលថ្ងៃ​ទី​១១​ វិច្ឆិកា​ ​នេះ​​ថា ក្នុង​ពេល​ចុះ​ល្បាត​​កម្លាំងជំនាញ​​​ស្ទាក់​ចាប់បាន​អ្នកបើកបរ​គោ​យន្ត​កន្ត្រៃ​​​​​​២​នាក់ ​​​​ម្នាក់​ឈ្មោះ អេ​ង សុ​ឃាង​ និង​ម្នាក់​ទៀត​​ ​ឈ្មោះ ហ៊ា​ង សុង​ហៃ ​​ទាំង​២នាក់​​មាន​ទីលំនៅ​ភូមិ​តា​ភ្ញា ឃុំ​គោ​គ​ធ្លក​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប ​។ ក្រោយ​​ការ​ឃាត់​ខ្លួន​កម្លាំង​ជំនាញ​បាន​អប់រំ​ណែនាំ​​ពួកគាត់​ និង​ឱ្យ​ធ្វើ​កិច្ចសន្យា​ ​ទើប​​​អនុញ្ញាត​​ឱ្យវិល​​ត្រឡប់​ទៅ​លំនៅ​​ឋាន​​វិញ ។ ចំណែក​វត្ថុ​តាងដែល​រូបអូសបាន​​​ ​ត្រូវ​​កម្លាំង​​​បញ្ជូន​​ទៅ​​កាន់​​ស្នាក់​ការបរិស្ថាន​ស្រោង​ ដើម្បី​រក្សា​ទុក​ដោះ​ស្រាយ​​តាម​ច្បាប់​ ៕​