កន្លះម៉ោងគយ​ចល័ត​ដេញចាប់​​រថយន្ត​ស៊េរី​ទំនើប​អត់​ពន្ធ​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​​បាន២​គ្រឿង

រាជធានី​ភ្នំពេញ ៖ គយ​ចល័ត​រាជធានី​ភ្នំពេញ​បាន​ដេញចាប់​រថយន្ត​ស៊េរី​ទំនើប​អត់​ពន្ធ​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​បាន​ចំនួន​២​គ្រឿង​នៅ​២​កន្លែង​ផ្សេង​គ្នា​កាលពី​​វេលាម៉ោង៤ និង​វេលាម៉ោង​៤ និង​៣០នាទី​ល្ងាច ​ថ្ងៃ​ទី​១១ វិច្ឆិកា ២០១៥ ។

លោក ព្រាប គា​រ៉ាត់ ប្រធាន​ការិយាល័យ​បង្ការ និង​បង្ក្រាប​បទល្មើស​គេចពន្ធ ហៅ​គយ​ចល័ត បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​មានការ​ចូលរួម​សម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​១១ វិច្ឆិកា កម្លាំង​សមត្ថកិច្ច​បាន​ដេញចាប់​បាន​រថយន្ត​ឡិច​ស៊ី​ស RX 350 ពណ៌​កណ្តុរ​ល្មែះ អត់​ពន្ធ​១​គ្រឿង ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​០១ ២-៦៥០៥ ខណៈ​ម្ចាស់​ចូល​​ទៅ​​កន្លែង​លាង​រថយន្ត​មួយ​កន្លែង​នៅ​ចំណុច​ផ្លូវ​លេខ​៥៦៦ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក និង​នៅ​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល កម្លាំង​សមត្ថកិច្ច​បាន​ដេញចាប់​បាន​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក អាល់​ហ្វា​ត ពណ៌​ស ចង្កូត​ស្តាំ ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​០២ ២-៥៦៦៥ ខណៈ​ម្ចាស់​រថយន្ត​បើក​គេច​ចូល​ក្នុង​ស្តា​ត​អូ​ឡាំ​ពិ​ក ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។

លោក ព្រាប គា​រ៉ាត់ បាន​ឲ្យ​ដឹង​ទៀត​ថា រថយន្ត​ស៊េរី​ទំនើប​អត់​ពន្ធ​ទាំង​២​គ្រឿង​នេះ​សុទ្ធតែ​ជា​កម្មសិទ្ធិ​របស់​មន្ត្រី​មាន​អំណាច និង​មាន​ឋានៈ​ខ្ពស់ ដែល​ក្នុង​១​គ្រឿង​ៗ​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ឯណោះ ។

លោក ព្រាប គា​រ៉ាត់ បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ពេល​ចាប់​បាន រថយន្ត​ស៊េរី​ទំនើប​អត់​ពន្ធ​ទាំង​២​គ្រឿង​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​រក្សា​ទុក​នៅ​មណ្ឌល​ឃ្លាំង​របស់​គយ និង​រដ្ឋាករ ផ្នែក​បង្ការ និង​បង្ក្រាប​បទល្មើស​គេចពន្ធ ដើម្បី​ឲ្យ​ម្ចាស់​រថយន្ត​ទៅ​បង់ពន្ធ​តាម​ច្បាប់​នៅ​ពេល​ក្រោយ ៕