ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ត្បូងឃ្មុំ​បារម្ភ​បាត់​ដី​ចម្ការ​ខណៈ​អាជ្ញាធរ​ដាក់​កម្លាំង​ឃ្លាំ​មើល

ប្រជាពលរដ្ឋ​នៅ​ឃុំ​ទន្លូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​ភាគ​ច្រើន​ជា​ជនជាតិ​ភាគ​តិច​ស្ទៀង បារម្ភ​ខ្លាច​បាត់បង់​ដី​ចម្ការ​វិល​ជុំ​របស់​ពួក​គាត់។ ក្តី​បារម្ភ​នេះ បន្ទាប់​ពី​មាន​ក្រុម​អាជ្ញាធរ​ដាក់​កម្លាំង​ពង្រាយ​នៅ​ចំណុច​ដី​មាន​ជម្លោះ និង​បាន​ហាម​ឃាត់​ប្រជាពលរដ្ឋ​មិន​ឲ្យ​បន្ត​ចូល​ដាំ​ដំណាំ​នៅ​តំបន់​ដី​ចម្ការ​វិល​ជុំ​បាន​ទៀត​ឡើយ ដោយ​បញ្ជាក់​ថា ដី​នោះ គឺ​ជា​ដី​របស់​ក្រុមហ៊ុន។

ប្រជាពលរដ្ឋ​នៅ​ឃុំ​ទន្លូង ជិត ២០០​គ្រួសារ សម្រេច​ផ្អាក​សកម្មភាព​ចូល​ទៅ​ដាំ​ដំណាំ​នៅ​លើ​ដី​ដែល​ពួក​គេ​អះអាង​ថា ជា​ដី​ចម្ការ​វិល​ជុំ​របស់​ខ្លួន​ពី​ដើម​មក។ ការ​សម្រេច​នេះ ដោយសារ​កម្លាំង​សមត្ថកិច្ច​ស្រុក​មេមត់ នៅ​បន្ត​ពង្រាយ​នៅ​បរិវេណ​តំបន់​ដី​ជម្លោះ​រវាង​ប្រជា​សហគមន៍​ឃុំ​ទន្លូង ជាមួយ​ក្រុមហ៊ុន កុយ សុខងួន នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា។

ប្រជាពលរដ្ឋ​នៅ​ឃុំ​ទន្លូង លោក រុំ សាន មាន​ប្រសាសន៍​ថា សកម្មភាព​របស់​អាជ្ញាធរ​តាម​ឃ្លាំ​មើល​ប្រជាពលរដ្ឋ​នៅ​តំបន់​ដី​ជម្លោះ គឺ​មាន​ពីរ​ថ្ងៃ​មក​ហើយ។ លោក​បន្ត​ថា អ្នក​ភូមិ​បារម្ភ​ខ្លាច​ក្រែង​មាន​ការ​ចាប់​ចង ឬ​ចោទ​ប្រកាន់​ណា​មួយ​ពី​សំណាក់​អាជ្ញាធរ​ទៅ​លើ​ពួក​គាត់ បន្ទាប់​ពី​ពលរដ្ឋ​សម្រុក​ចូល​ដាំ​ដំណាំ​លើ​ចំណុច​ដី​ជម្លោះ​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ ប្រភព​ដដែល​បន្ត​ថា ក្រុមហ៊ុន​នេះ​បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋ ប៉ុន្តែ​មិន​បាន​ដាំ​អ្វី​នោះ​ទេ ក្រៅ​តែ​ពី​យក​ចំណែក​ដី​របស់​ខ្លួន​ទៅ​ជួល​ឲ្យ​ពលរដ្ឋ​វៀតណាម ធ្វើ​បន្ត។ លោក​ថា ដោយ​ឃើញ​ដី​នៅ​ទំនេរ​ចោល ម្យ៉ាង​ដោយសារ​ដី​នោះ​ជា​កម្មសិទ្ធិ​របស់​ពលរដ្ឋ​ពី​ដើម​មក​ផង ពួក​គាត់​ក៏​នាំ​គ្នា​ចូល​ដាំ​ដំណាំ​ជា​ថ្មី​ទៀត៖ «តាំង​ពី ២០១៣ គាត់​បាន​ទៅ​ធ្វើ ប៉ុន្តែ​អត់​មាន​ហាម​ឃាត់​អី​ទេ ហើយ​នៅ​ពេល​ពួក​ខ្ញុំ​ទៅ​ធ្វើ​ម្សិលមិញ​ហ្នឹង ១៧៥​គ្រួសារ ទៅ​ធ្វើ​ហ្នឹង​ថា​ទៅ​ធ្វើ​លើ​ដី​របស់​គាត់​វិញ សមត្ថកិច្ច​ហាម​ឃាត់​ហ្មង»

ដី​ប្រមាណ ៧០០​ហិកតារ​ដែល​កំពុង​មាន​វិវាទ គឺ​ជា​ប្រភេទ​ដី​ចម្ការ​វិល​ជុំ​របស់​ពលរដ្ឋ​ពី​មុន​មក ហើយ​ជម្លោះ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន កុយ សុខងួន គឺ​ចាប់​តាំង​ពី​ឆ្នាំ​២០០៤ ឬ ២០០៥ បន្ទាប់​ពី​ដី​នោះ​ត្រូវ​បាន​រដ្ឋ​ផ្តល់​សិទ្ធិ​វិនិយោគ ក្រោយ​ពេល​ក្រុមហ៊ុន​ជប៉ុន ដក​ខ្លួន​ចេញ។

ទាក់ទង​បញ្ហា​នេះ ជំទប់​ទី​១ នៃ​ឃុំ​ទន្លូង ទទួល​បន្ទុក​បញ្ហា​ដីធ្លី លោក ពឹង ប៊ុនថន មាន​ប្រសាសន៍​ថា អាជ្ញាធរ​មិន​បាន​ដាក់​កម្លាំង​គំរាម​អ្វី​នោះ​ទេ ប៉ុន្តែ​មាន​ក្រុម​កម្លាំង​ចម្រុះ​បាន​ចុះ​ត្រួត​ពិនិត្យ ឲ្យ​ដឹង​ច្បាស់​ថា តើ​មាន​ប្រជាពលរដ្ឋ​ប៉ុន្មាន​គ្រួសារ​ចូល​ទៅ​បោះ​បង្គោល​កាន់​កាប់​ដី​តំបន់​នោះ។ លោក​បន្ថែម​ទៀត​ថា ដី​នោះ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ប្រគល់​សិទ្ធិ​វិនិយោគ​ឲ្យ​ក្រុមហ៊ុន កុយ សុខងួន ហើយ​ក្រុមហ៊ុន​នេះ​ក៏​បាន​ដាំ​ដំណាំ​នៅ​លើ​ផ្ទៃ​ដី​របស់​ខ្លួន​ខ្លះ​ហើយ​ដែរ៖ «ប្រជាពលរដ្ឋ​បាន​ទៅ​បោះ​ពីរ​ថ្ងៃ​ហើយ គាត់​ទៅ​បោះ​ម៉ា​បង្គោល​ចម្លោះ ៣៥ ទៅ ៤០​ម៉ែត្រ»

លោក​បញ្ជាក់​ថា កន្លង​មក ក្រុមហ៊ុន​នេះ​ពិត​ជា​បាន​ជួល​ដី​បន្ត​ទៅ​ឲ្យ​ជនជាតិ​វៀតណាម ធ្វើ​ខ្លះ​មែន ហើយ​ពួក​លោក​ក៏​បាន​ចុះ​ធ្វើ​របាយការណ៍​ជុំវិញ​ករណី​នេះ​បញ្ជូន​ទៅ​ថ្នាក់​លើ​ហើយ​ដែរ។ យ៉ាង​ណា បញ្ហា​ថ្មីៗ​នេះ ខាង​លោក​ក៏​បាន​ចុះ​ធ្វើ​កំណត់​ហេតុ ដើម្បី​បញ្ជូន​របាយការណ៍​ទៅ​ថ្នាក់​ខេត្ត ប៉ុន្តែ​ការ​សម្រេច​កាត់​ដី​នោះ​ប្រគល់​ឲ្យ​ប្រជាពលរដ្ឋ ឬ​បន្ត​ឲ្យ​ក្រុមហ៊ុន​យ៉ាង​ណា ខាង​អាជ្ញាធរ​ឃុំ​មិន​អាច​ដឹង​ទេ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ទៅ​ខាង​តំណាង​ក្រុមហ៊ុន ដើម្បី​ឆ្លើយ​តប​បញ្ហា​នេះ​បាន​ឡើយ​នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា។

ទោះ​ជា​យ៉ាង​ណា មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មើល​ឃើញ​ថា ភាគ​ច្រើន​ការ​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​នៅ​ខេត្ត​ត្បូងឃ្មុំ គឺ​តែង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ។ លោក​ថា មូលហេតុ​បណ្ដាល​ឲ្យ​ប៉ះពាល់ ព្រោះ​ការ​សិក្សា​របស់​អាជ្ញាធរ​មិន​មាន​តម្លាភាព ហើយ​ការ​អនុវត្ត​របស់​ភាគី​ក្រុមហ៊ុន និង​អាជ្ញាធរ​កន្លង​មក មិន​បាន​គោរព​ទៅ​តាម​គោលការណ៍​របស់​រាជ​រដ្ឋាភិបាល។ ជាក់ស្តែង ក្រុមហ៊ុន​ខ្លះ​យក​ដី​របស់​ខ្លួន​ទៅ​ជួល​បន្ត​ឲ្យ​បុគ្គល​ឯកជន ឬ​ទុក​ដី​ទំនេរ​ចោល​រាប់​ឆ្នាំ ជាដើម៖ «ខ្ញុំ​ថា​ដី​ក្រុមហ៊ុន​នៅ​ខេត្ត​ត្បូងឃ្មុំ គួរ​តែ​សិក្សា​ឡើង​វិញ​ទាំងអស់ ព្រោះ​ឥឡូវ​មាន​បញ្ហា​ច្រើន​ណាស់»

លោក​ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល ដក​ហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំងឡាយ​ណា​ដែល​មិន​បាន​គោរព​តាម​ច្បាប់ មក​រក្សា​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ ឬ​ក៏​ដាក់​បញ្ចូល​ជា​សម្បត្តិ​រួម ឬ​ក៏​បែង​ចែក​ជូន​ពលរដ្ឋ​ស្រប​តាម​ការ​ទាមទារ​របស់​ពួក​គាត់ ជៀសវាង​ធ្វើ​ឲ្យ​អ្នក​ស្រុក​កាន់​តែ​ទទួល​រង​ផល​ប៉ះពាល់ ដោយសារ​គ្មាន​ដី​សម្រាប់​ដាំ​ដំណាំ​ចិញ្ចឹម​ជីវិត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។