លោក កឹម សុខា ថា​ជប៉ុន​ដើរ​តួនាទី​សំខាន់​សម្រាប់​ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ជំទាស់​មើល​ឃើញ​ថា ប្រទេស​ជប៉ុន គឺ​បាន​ដើរ​តួនាទី​រួច​មក​ហើយ​ក្នុង​ដំណោះស្រាយ​នយោបាយ​កម្ពុជា ហើយ​រឹត​តែ​មាន​សារសំខាន់​ថែម​ទៀត ដែល​អាច​ជួយ​ធ្វើ​ឲ្យ​កម្ពុជា មាន​សន្តិភាព និង​ស្ថិរភាព​នយោបាយ។

បន្ថែម​ពី​លើ​នេះ សម្រាប់​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​វិញ អះអាង​ថា ប្រទេស​ជប៉ុន គឺ​ជា​ប្រទេស​ដែល​ស័ក្តិសម ហើយ​មាន​លទ្ធភាព​គ្រប់គ្រាន់​អាច​ជំរុញ​ឲ្យ​កម្ពុជា ស្វែងរក​ដំណោះស្រាយ​នយោបាយ​រួម​បាន បើ​ធៀប​នឹង​បណ្ដា​ប្រទេស​ផ្ដល់​ជំនួយ​ផ្សេង​ទៀត​ឲ្យ​កម្ពុជា។

អ្នក​វិភាគ​នយោបាយ​មើល​ឃើញ​ថា ប្រទេស​ជប៉ុន គឺ​ជា​ប្រទេស​មួយ​ដែល​ស័ក្ដិសម​ជាង​បណ្ដា​មេ​ដឹក​នាំ​រដ្ឋ​ជា​ដៃគូ​ដទៃ​ទៀត​របស់​កម្ពុជា ក្នុង​ការ​ផ្សះផ្សា​នយោបាយ​នៅ​កម្ពុជា ថ្វី​បើ​ប្រទេស​ដែល​អនុវត្ត​របប​រាជា​និយម​មួយ​នេះ​មិន​មាន​សិទ្ធិ ឬ​កាតព្វកិច្ច​ណា​មួយ​ក្នុង​កិច្ចការ​នយោបាយ​ក្ដី។

ការ​ថ្លែង​ដូច​នេះ​របស់ លោក អ៊ូ វីរៈ ប្រធាន​អង្គការ​នៃ​វេទិកា​អនាគត ធ្វើ​ឡើង​បន្ទាប់​ពី​អតីត​អនុប្រធាន​រដ្ឋសភា មក​ពី​ខាង​គណបក្ស​ជំទាស់​លើក​ឡើង​ថា ជប៉ុន បាន​ដើរ​នាទី​យ៉ាង​សំខាន់​សម្រាប់​រក​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា។

លោក អ៊ូ វីរៈ យល់​ឃើញ​ថា ជា​ការ​ពិត ជប៉ុន ជា​ប្រទេស​ដែល​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ​មួយ​នេះ មាន​ស្ថានភាព​ស្ទើរ​តែ​ស័ក្ដិសម​ជាង​សហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ក្នុង​ការ​ដើរ​តួនាទី​រក​ដំណោះស្រាយ​នយោបាយ​សម្រាប់​កម្ពុជា បើ​កម្ពុជា ពិត​ជា​ត្រូវ​ការ​មែន។ លោក អ៊ូ វីរៈ បន្ត​ថា ថ្វី​បើ​ជំនួយ​របស់​ជប៉ុន ជា​ជំនួយ​លំដាប់​លេខ​រៀង​ទី​២ បន្ទាប់​ពី​ចិន ក្នុង​ការ​ផ្ដល់​ជំនួយ​ឲ្យ​កម្ពុជា ក៏ដោយ​ចុះ ក៏ប៉ុន្តែ​រាល់​ជំនួយ​លើសលប់​របស់​ជប៉ុន ជា​ជំនួយ​ដែល​មាន​ភាព​ស្មោះ​ត្រង់ និង​ពុំ​ទាមទារ​សំណង​អ្វី​ឡើយ​ពី​កម្ពុជា៖ «»។

ក្រោយ​ពី​កម្ពុជា បាន​បញ្ចប់​ភាព​ជាប់​គាំង​នយោបាយ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ នោះ រដ្ឋាភិបាល​ជប៉ុន ក៏​បាន​ជួយ​ដល់​ការ​រៀបចំ​ប្រព័ន្ធ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ទំនើប​ដល់​កម្ពុជា ថែម​ទាំង​បាន​បញ្ជូន​ក្រុម​អ្នក​បច្ចេកទេស​លើ​កិច្ចការ​បោះ​ឆ្នោត​ឲ្យ​មក​ជួយ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ទៀត​ផង។

របាយការណ៍​របស់​គេហទំព័រ ឌីប្លូមាត (Diplomat) បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩២ មក ជប៉ុន បាន​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​ជា​ផ្លូវ​ការ​សម្រាប់​កម្ពុជា ជាង ២​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ខណៈ​ប្រទេស​ចិន ដែល​ជា​ម្ចាស់​ជំនួយ​ធំ​ជាង​គេ​នៅ​កម្ពុជា ទាំង​ជំនួយ​ឥត​សំណង និង​ជំនួយ​មាន​ការ​ប្រាក់​ប្រមាណ ២.៧០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩២ មក ក៏ប៉ុន្តែ​សម្រាប់​ជំនួយ​ជប៉ុន វិញ ភាគ​ច្រើន​គឺ​ជា​ជំនួយ​ពុំ​មាន​សំណង ឬ​លក្ខខណ្ឌ​ផ្សេង​ទៀត​ដូច​ប្រទេស​ជា​ដៃគូ​ផ្សេង​ទៀត​របស់​កម្ពុជា ទេ។

ជំនួយ​របស់​ជប៉ុន ភាគ​ច្រើន​ផ្ដោត​លើ​ការ​ស្ថាបនា​ស្ពាន ថ្នល់ សាលា​រៀន ប្រព័ន្ធ​ធារាសាស្ត្រ និង​ជំនួយ​លើ​វិស័យ​សុខាភិបាល ជាដើម។

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អតីត​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា បាន​ថ្លែង​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក​កាល​ពី​ថ្ងៃ​ទី​១០ វិច្ឆិកា ថា តួនាទី​សំខាន់​របស់​ប្រទេស​ជប៉ុន ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​នយោបាយ និង​ស្ថិរភាព​នយោបាយ​សម្រាប់​ការ​អភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា។ លោក កឹម សុខា បន្ត​ថា ជំនួប​ជា​ផ្លូវ​ការ​នៅ​វិមាន​ព្រឹទ្ធសភា​ជប៉ុន កាល​ពី​ថ្ងៃ​ទី​១០ វិច្ឆិកា ក្នុង​ទីក្រុង​តូក្យូ ដែល​ជំនួប​នោះ​ធ្វើ​ឡើង​រួម​ទាំង​បក្ស​ដឹក​នាំ​រដ្ឋាភិបាល និង​បក្ស​ប្រឆាំង​របស់​ជប៉ុន ផង គឺ​តំណាង​រាស្ត្រ និង​សមាជិក​ព្រឹទ្ធសភា​របស់​ប្រទេស​ជប៉ុន ចង់​ឃើញ​ប្រទេស​កម្ពុជា មាន​ស្ថិរភាព​នយោបាយ ដើម្បី​ធានា​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ សេរីភាព​ជា​មូលដ្ឋាន ការ​អភិវឌ្ឍ និង​ទាក់ទាញ​អ្នក​វិនិយោគទុន​បរទេស​កាន់​តែ​ច្រើន។

ពាក់ព័ន្ធ​រឿង​នេះ លោក ហ៊ុន សែន ថ្លែង​កាល​ពី​ថ្ងៃ​ទី​៥ វិច្ឆិកា ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ស្នើ​ឲ្យ​ជប៉ុន ពន្យល់​ទៅ​បក្ស​ប្រឆាំង​ផង ដោយ លោក ហ៊ុន សែន ចាត់​ទុក​ថា ជំនួយ​របស់​ជប៉ុន គឺ​រដ្ឋាភិបាល​ធ្វើ​ឡើង​ដោយ​តម្លាភាព និង​ភាព​ស្មោះ​ត្រង់។ លើស​ពី​នេះ​ទៀត លោក ហ៊ុន សែន ឌឺដង​ឲ្យ​គណបក្ស​ជំទាស់​ដែល​រិះគន់​រដ្ឋាភិបាល​រឿង​អំពើ​ពុក​រលួយ​ជំនួយ​របស់​ជប៉ុន នេះ​ថា វា​គ្រាន់​តែ​ល្បិច​នយោបាយ​របស់​បក្ស​ប្រឆាំង​ប៉ុណ្ណោះ៖ «»។

បើ​ទោះ​ជា​បែប​ណា លោក កឹម សុខា លើក​ឡើង​នៅ​ក្នុង​បណ្ដាញ​សង្គម​របស់​លោក​ថា សមាជិក​រដ្ឋសភា និង​ព្រឹទ្ធសភា​របស់​ជប៉ុន អះអាង​ថា ជំនួយ​របស់​ប្រទេស​ជប៉ុន ដែល​ផ្ដល់​ដល់​កម្ពុជា គឺ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ទាំងអស់ ពុំ​មែន​សម្រាប់​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។