អាជ្ញាធរ​រាជធានី គ្រោង​បោសសម្អាត​អាជីវកម្ម និង​ការចត​យានយន្ត​រំលោភ​លើ​ចំណីផ្លូវ នៅ​មហាវិថី​ធំៗ​ចំនួន​៥

ភ្នំពេញ:  អាជ្ញាធ​រាជធានី​ភ្នំពេញ ត្រៀម​យក​មហាវិថី​ធំៗ​ចំនួន ៥ ក្នុង​រាជធានី ដើម្បី​បោសសម្អាត​អាជីវកម្ម និង​ការចត​យានយន្ត​រំលោភ​លើ​ចំណីផ្លូវ ក្នុង​គោលបំណង​លើកកម្ពស់​សោ​ភណ្ឌ​ភាព និង​ធ្វើ​ឲ្យ​មាន​ផ្លូវ​ដើរ​សម្រាប់​អ្នក​ថ្មើរជើង និង​លុបបំបាត់​ភាពអនាធិបតេយ្យ​តាមផ្លូវ​សាធារណៈ​។​
          
​លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ អាជ្ញាធរ​កំពុងតែ​ធ្វើ​សេចក្តីព្រាង​គោលការណ៍​មួយ ស្តីពី​ការគ្រប់គ្រង​ចិញ្ចើមផ្លូវ​សាធារណៈ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ដាក់​ឆ្លង​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អនុម័ត​នាពេល​ឆាប់ៗ​នេះ ដែល​អាច​ឈានទៅ​ចេញ​ដីកា​អនុវត្តបាន​។​

​លោកប៉ា សុជាតិ​វង្ស បាន​ឲ្យ​ដឹង​ដូច្នេះ ក្នុងឱកាស​ថ្លែង​បាឋកថា​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល កាលពី​ព្រឹក​ថ្ងៃទី​១១ វិច្ឆិកា ដោយបាន​ចាត់ទុកថា ការ​បោសសម្អាត​អាជីវកម្ម និង​ការរំលោភ​លើ​ចំណីផ្លូវ​ជា​ករណី​ខុសច្បាប់ ហើយ​ជា​ផែនការ​ចំពោះមុខ​ត្រូវ​កែលម្អ​ជាបន្ទាន់​។ ការបង្កើត​យន្តការ​ថ្មី​នេះ បន្ទាប់ពី​គេ​មើលឃើញថា បច្ចុប្បន្ន​គ្រប់​ចិញ្ចើមផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ មានការ​រំលោភ​ចំណីរ​ផ្លូវ ដោយ​ការតាំង​លក់​សម្ភារៈ និង​ទំនិញ​គ្រប់បែបយ៉ាង ដែល​បានធ្វើ​ឲ្យ​បាត់បង់​ផ្លូវ​ថ្មើរជើង ផ្លូវ​រួម​តូច ខូច​សណ្តាប់ធ្នាប់​សាធារណៈ បង្កើតជា​ការស្ទះ​ចរាចរណ៍​ដែល​នាំ​ឲ្យ​អ្នកដំណើរ​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់ ព្រមទាំង​បានធ្វើ​ឲ្យ​មាន​ប៉ះពាល់​ដល់​សោភ័ណភាព​រាជធានី​ភ្នំពេញ ហើយ​បញ្ហា​នេះ ក៏ត្រូវ​បាន​ប្រជាពលរដ្ឋ​រអ៊ូរទាំ​និង​រិះគន់​ខ្លាំងៗ​មកលើ​ការគ្រប់គ្រង​របស់​អាជ្ញា​ធរ​ផងដែរ​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ដើម្បី​ចេញដំណើរ​អនុវត្ត​ផែនការ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព អាជ្ញាធរ​នឹង​សម្រេច​ជ្រើស​រើសយក​មហាវិថី​ចំនួន ៥ ដែលមាន​ភាពស្មុគស្មាញ​ជាងគេ ដោយ​កំណត់​សិទ្ធិ​នៃ​ការប្រើប្រាស់​របស់​ម្ចាស់ផ្ទះ​រួម ជាមួយនឹង​ការបង់ថ្លៃ​សេវា នៃ​ការប្រើប្រាស់​ចិញ្ចើមផ្លូវ ទោះបីជា​ស្ថាប័នរដ្ឋ​ក៏ដោយ​។ ជាមួយគ្នានេះ អាជ្ញាធរ​នឹង​រៀបចំ​ក្រាល​ការ៉ូឡា​ថ្មី​ហើយ​យក​ខ្សែភ្លើង​នៅលើ​អាកាស​ទាំងអស់ ទម្លាក់​កប់​ចូលទៅក្នុង​ដី​។​

​លោក​អភិបាល បាន​បន្តថា ការរៀបចំ​និង​គ្រប់គ្រង​ចំណីផ្លូវ​បានល្អ វា​មិន​ត្រឹមតែ​ជួយ​លើកកម្ពស់​សោភ័ណភាព​រាជធានី​ភ្នំពេញ ឲ្យ​មាន​សណ្តាប់ធ្នាប់​ល្អ​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​ផ្តល់​សុវត្ថិភាព​ដល់​អ្នក​ថ្មើរជើង បានធ្វើ​ដំណើរ​បាន​យ៉ាង​ស្រួល​ផង​ដែល ពិសេស​នោះបាន​ចូលរួម​កាត់បន្ថយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ បាន​យ៉ាង​មាន​ប្រសិទ្ធភាព ខណៈដែល​បញ្ហា​កកស្ទះ នេះ​បានធ្វើ​ឲ្យ​ខាត​ថវិកា​ជាង ៦ លាន​ដុល្លារ​ក្នុង​មួយខែៗ​។

​លោក​អភិបាល​រាជធានី បាន​បញ្ជាក់ថា ចំពោះ​បញ្ហា​ផ្លូវ​នេះ ត្រូវតែ​រៀបចំ ព្រោះ​ឥឡូវនេះ ចិញ្ចើមផ្លូវ​ទាំងអស់​ជា​របស់​សាធារណៈ ត្រូវតែ​យកលុយ​មក​ថែ​ទាំង​ចិញ្ចើមផ្លូវ​ជំនួស​វិញ​៕

អាជ្ញាធរ​រាជធានី គ្រោង​បោសសម្អាត​អាជីវកម្ម និង​ការចត​យានយន្ត​រំលោភ​លើ​ចំណីផ្លូវ នៅ​មហាវិថី​ធំៗ​ចំនួន​៥

អាជ្ញាធរ​រាជធានី គ្រោង​បោសសម្អាត​អាជីវកម្ម និង​ការចត​យានយន្ត​រំលោភ​លើ​ចំណីផ្លូវ នៅ​មហាវិថី​ធំៗ​ចំនួន​៥