លោក ប៉រ ត្រី​សៈ​ឌី មាន​គ្រោះថ្នាក់​ដល់​ជីវិត កំពុង​សង្គ្រោះ​ក្នុង​បន្ទប់ ICU

Sanofi

មិត្ត​អ្នកគាំទ្រ​ជាច្រើន​មានការ​បារម្ភ​ពី​លោក ប៉រ ត្រី​សៈ​ឌី (Por Tridsadee) ដែលជា​តួឯក​ប្រុស​ក្នុង​រឿង «​ចុង​​ភៅ​ឡេះ​ឡោះ​ ​កំ​​លោះ​លង់​ស្នេហ៍​​»​ (Nang Sao Thong Sroi) យ៉ាងខ្លាំង បន្ទាប់ពី​ឮដំណឹង​ថា លោក​កំពុង​បញ្ចូនទៅ​សម្រាក​ព្យាបាល​ក្នុង​បន្ទប់​អាយ​ស៊ី​យូ​។ ទោះជា​លោក​មិនមែនជា​តារា​កូនកាត់ តែ​លោក​ក៏​ទទួលបាន​ប្រជាប្រិយភាព​ខ្ពស់​ពី​ទស្សនិកជន ជាពិសេស​រឿង​ដែល​លោក​សម្តែង​ភាគច្រើន​ជា​រឿង​កំប្លែង ធ្វើឱ្យ​ទស្សនិកជន​ទស្សនា​ហើយ​មិនមាន​អារម្មណ៍​ជិនណាយ​សោះឡើយ​។​




​ថ្មីៗ​នេះ លោក​ត្រូវបាន​បញ្ចូនទៅ​ព្យាបាល​នៅ​បន្ទប់​អាយ​ស៊ី​យូ​នៅ​មន្ទីរពេទ្យ​រ៉ា​ម៉ា​ធី​បូ​ឌី  ដោយ​រោគវិនិច្ឆ័យ​បាន​បញ្ជាក់ថា លោក​ឆ្លង​ជំងឺគ្រុនឈាម​កម្រិតធ្ងន់​ធ្ង​រ ប្លា​កែ​ត​ចុះ​ទាប​ខ្លាំង  ហើយ​បច្ចុប្បន្ន​ត្រូវការ​បញ្ចូល​ឈាម​ក្រុម A  ដើម្បី​ជួយ​បង្កើន​ចំនួន​ប្លា​កែ​ត ហើយ​ទន្ទឹមនឹងនោះ តារា​ល្បីៗ​របស់​ប៉ុស្តិ៍​លេខ ៣ បាន​គណនី Instagram ផ្ទាល់ខ្លួន​ដើម្បី​ធ្វើការ​ប្រកាស​ឱ្យ​មហាជន​ជួយ​ចូលរួម​បរិច្ចាគ​ឈាម​ជាបន្ទាន់​។​



​គួរបញ្ជាក់​ផងដែរ​ថា មុននឹង​ប​ញ្ចូ​ន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ លោក​បានទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​អស់​រយៈពេល​មួយ​សប្តាហ៍​មកហើយ តែ​អាការ​មិនបាន​ធូរស្បើយ​សោះឡើយ រហូត​ចូលដល់​ដំណាក់កាល​សន្លប់​លែង​ដឹងខ្លួន ទើប​ព្រម​ប​ញ្ចូ​ន​មក​ព្យាបាល​នៅ​មន្ទីរ​រដ្ឋ​នៅ​ថ្ងៃទី ៩ ខែវិច្ឆិកា វេលា​ម៉ោង ៤ ល្ងាច​។



​សម្រាប់​ពេលនេះ អាកា​រលោក ប៉រ ត្រី​សៈ​ឌី នៅ​មិនទាន់បាន​ធូរស្រាល​ទេ គឺ​នៅ​គេង​សន្លប់​មិនទាន់​ដឹងខ្លួន និង ពឹង​ផ្អែកលើ​ឧបករណ៍​ជួយ​ដល់​ការដកដង្ហើម ព្រោះ​ការពិនិត្យ​ឃើញថា លោក​បាត់បង់​ឈាម​យ៉ាងច្រើន​តាមរយៈ​ការហូរ​ឈាម​នៅ​សរីរាង្គ​ខាងក្នុង តម្រងនោម​រង​ការប៉ះពាល់​ស្រួចស្រាល ដូចនេះ​ត្រូវការ​តាមដាន​ពី​ខាង​គ្រូពេទ្យ​យ៉ាង​ដិតដល់​។​



​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា វេលា​ម៉ោង ៧ និង ៣០​នាទី អាកា​រលោក ប៉រ ត្រី​សៈ​ឌី កាន់តែ​ធ្ងន់ធ្ងរ  នៅពេលដែល​គ្រូពេទ្យ​ធ្វើការ​លាង​ឈាម បេះដូង​របស់លោក​ឈប់​លោត ដូចនេះ​ត្រូវ​សង្គ្រោះ​ជាបន្ទាន់​ដោយ​ការ​ឆក់​បេះដូង​ចំនួន​ដល់​ទៅ ៣ ដង​។ នៅ​ម៉ោង ១២ យប់ ខាង​មន្ទីរពេទ្យ​បាន​រាយការណ៍​ថា អាកា​រលោក ប៉រ ត្រី​សៈ​ឌី បាន​គ្រាន់បើ​ជាង​មុន​បន្តិច តែ​ក៏​នៅ​មិនទាន់​ដឹងខ្លួន​ត្រូវ​រងចាំ​តាមដាន​នៅពេល​ព្រឹក​ម្តឹ​ង​ទៀត​។​



​សម្រាប់​ពេលនេះ ខាង​គ្រូពេទ្យ​ជំនាញ​នៅ​មិនទាន់​ហ៊ាន​អះអាងថា លោក ប៉រ ត្រី​សៈ​ឌី រួចផុត​គ្រោះថ្នាក់​នោះទេ ព្រោះ​រាងកាយ​របស់លោក​គឺ​ខ្សោយ​ខ្លាំងណាស់ រួមទាំង​សរីរាង្គ​ខាងក្នុង​ដូចជា មុន​ងារ​តម្រងនោម​ចុះខ្សោយ និង ចង្វាក់បេះដូង​មិន​ប្រ​ក្រ​ត្រី រួមទាំង​ជីពចរ​ក៏​ខ្សោយ គួរ​បញ្ចាក់​ផងដែរ បច្ចុប្បន្ននេះ​លោក ប៉រ ត្រី​សៈ​ឌី  មាន​អាយុ ៣៧ ឆ្នាំ ដែល​ជំងឺ​នេះ​ធ្លាប់តែ​បារម្ភ​ចំពោះ​ក្មេង​វ័យ​តូចៗ តែ​ពេលនេះ​ជំងឺ​នេះ​កំពុងតែ​រាតត្បាត​មិន​រើស​វ័យ​នោះទេ​៕ ខេ​រី​
(​ប្រភព​៖ ខោ​វ​ស៊ុ​ក​)



Related