ឈ្មួញ​ដឹកស្រូវ​បំផ្លាញ​ផ្លូវលំ​ជនបទ​នៅ​ស្រុក​កំពុង​រោ​ទិ៍ ហើយ​មាន​មនុស្សលួច​ដាក់​កុងត្រូលជជុះ​យក​លុយ​​ទៀត

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​នៅ​ស្រុក​កំពង់​រោ​ទិ៍​មានការ​សម្បារ​យ៉ាង​ខ្លាំង​ចំពោះ​រថយន្ត​យី​ឌុ​បរាប់​រយ​គ្រឿង​ដែល​តែងតែ​ដឹកស្រូវ​រៀង​រាល់​យប់​បណ្ដាល​ឲ្យ​ផ្លូវលំ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ចំណែក​ក្រុម​ឈ្មួញ​ដឹកស្រូវ​ទាំងនោះ​វិញ​ក៏​បាន​នាំ​គ្នា​រិះ​​គន់ថា មាន​មនុស្ស​មក​ពី​ខេត្តព្រៃវែង​ឃុបឃិត​គ្នា​ជាមួយ​ប៉ូលិស​ស្រុក​កំពង់​រោ​ទិ៍​ដាក់​កុងត្រូលជជុះ​ទារប្រាក់​ក្នុង​១​គ្រឿង​៥​ម៉ឺន​រៀល​ដាក់​ក្នុង​ហោប៉ៅ​ខ្លួនឯង គ្មាន​គិត​ពី​ផលប្រយោជន៍​សាធារណៈ ឬ​ខូចខាត​ផ្លូវ​ឡើយ ។

ការ​បែកធ្លាយ​រថយន្ត​ដឹកស្រូវ​បំផ្លាញ​ផ្លូវលំ និង​មនុស្ស​លួច​ដាក់​កុងត្រូលជជុះ​យក​លុយ​ពី​រថយន្ត​យី​ឌុ​ប​ដឹកស្រូវ​នេះ​កើតឡើង​កាលពីរ​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១១ វិច្ឆិកា ២០១៥ នៅ​ស្រុក​កំពង់​រោ​ទិ៍ ។

បើ​តាម​មន្ត្រី​សាលាខេត្ត​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៥ វិច្ឆិកា ២០១៥​មានឈ្មោះ លី ឡុ​ង ភេទ​ប្រុស អាយុប្រមាណ​៤៥​ឆ្នាំ ជា​ឈ្មួញ​រកស៊ី​ដឹកស្រូវ មាន​ទីលំនៅ​ក្នុង​ខេត្តព្រៃវែង បាន​មក​ដាក់​សំណើសុំ​លោក​អភិបាល​ខេត្តស្វាយរៀង​ជួសជុល​ផ្លូវលំ​ក្នុងស្រុក​កំពង់​រោ​ទិ៍ ហើយ​សុំ​ដាក់កុង​ត្រូល​សុំ​ប្រាក់​ពី​ឈ្មួញ​ដឹកស្រូវ​ក្នុង​រថយន្ត​១​គ្រឿង​៥​ម៉ឺន​រៀល ក៏​ប៉ុន្តែ​នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា ២០១៥​នេះ​លោក​អភិបាលខេត្ត​បាន​បដិសេធ និង​ឲ្យ​ទៅ​ទាក់ទង​ជាមួយ​លោក ហុ​ក បូ​ទី ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​វិញ ពីព្រោះ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ជា​អ្នកគ្រប់គ្រង​ផ្លូវ​ជនបទ ។

ទាក់ទិន​ករណី​ខា​លើ​នេះ​ដែរ ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា​ឈ្មោះ លី ឡុ​ង នេះ​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​នគ​បាល​ស្រុក​កំពង់​រោ​ទិ៍ ដាក់​កុងត្រូលជជុះ​ជិត​មួយ​ឆ្នាំ​ហើយ ទើបតែ​មួយ​ខែ​ចុង​ក្រោយ​នេះ​ឈ្មួញ​សម្រុក​ដឹកស្រូវ​ទៅ​ព្រំដែន​ព្រៃ​វ​ល្លិ៍​លក់​ឲ្យ​ឈ្មួញ​វៀតណាម​ទាំង​យប់​ទាំង​ថ្ងៃ​រាប់រយ​គ្រឿង បណ្តាល​ឲ្យ​ខូច​ផ្លូវ ទើប​ដាក់​ពាក្យសុំ​ជួសជុល តាម​ពិត​នាំ​គ្នា​មក​កើប​យក​ប្រាក់​ធ្វើ​មានបាន ហើយ​ចង់បាន​ឈ្មោះ​ជា​មនុស្ស​ល្អ​ជួយ​សង្គម លុបលាង​អំពើ​​ពុក​រលួយ​របស់​ខ្លួន​ទៀត ។

ពាក់​ព​ន្ធ័​ករណី​នេះ​ដែរ «​កោះសន្តិភាព​»​ មិន​អាច​សុំ​ការ​បំភ្លឺ​ពីរ​លោក លី ឡុ​ង បាន​ទេ ព្រោះ​ទូរស័ព្ទ​មិន​ចូល ។ ចំណែក​លោក​អធិការ​នគ​បាល​ស្រុក​កំពង់​រោ​ទិ៍​ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ ៕