គណបក្ស​ប្រឆាំង​អំពាវនាវ​ជប៉ុន​ឲ្យ​ឃ្លាំ​មើល​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា

មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ ពិសេស​ប្រទេស​ជប៉ុន ជួយ​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ក្នុង​ប្រទេស​កម្ពុជា ពេល​ខាង​មុខ ដើម្បី​ធានា​ភាព​សេរី និង​យុត្តិធម៌។ គណបក្ស​សង្គ្រោះ​ជាតិ ក៏​អំពាវនាវ​ជប៉ុន ឲ្យ​ជួយ​ស៊ើប​អង្កេត​ករណី​អំពើ​ហិង្សា​លើ​សកម្មជន​របស់​ខ្លួន ដែល​ត្រូវ​បាន​គេ​វាយ​កាល​ពី​ខែ​តុលា ផង​ដែរ។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​របស់ លោក សម រង្ស៊ី និង​លោក កឹម សុខា នៅ​ប្រទេស​ជប៉ុន ចន្លោះ​ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១៣ វិច្ឆិកា។

សេចក្ដី​អំពាវនាវ​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល លោក សម រង្ស៊ី និង​លោក កឹម សុខា កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ជប៉ុន ដើម្បី​ជួប​ជាមួយ​តំណាង​គណបក្ស​នយោបាយ​របស់​ជប៉ុន និង​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​ទីនោះ។

បើ​តាម​ទំព័រ​ហ្វេសប៊ុក​របស់ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ថា ខណៈ​ដែល​កម្ដៅ​នយោបាយ​នៅ​កម្ពុជា ហាក់​ឡើង​ក្ដៅ នៅ​ពេល​ដែល​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់ និង​ការ​បោះ​ឆ្នោត​ជាតិ​ខិត​ជិត​មក​ដល់ លោក​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ ពិសេស​ប្រទេស​ជប៉ុន ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៖ «»។

បន្ទាប់​ពី​ជាប់​គាំង​នយោបាយ​រាប់​ខែ​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចុះ​សម្រុង​គ្នា ដោយ​ផ្នែក​លើ​កិច្ច​ព្រមព្រៀង​ជា​អ្វី​ដែល​គេ​ហៅ​ថា «វប្បធម៌​សន្ទនា»។

កាល​ពី​ចុង​ខែ​តុលា សកម្មជន​ពីរ​រូប​របស់​គណបក្ស​ប្រឆាំង ត្រូវ​បាន​គេ​អូស​ចេញ​ពី​ឡាន ហើយ​វាយ​ទាត់​ធាក់​រហូត​ដល់​សន្លប់ បន្ទាប់​ពី​ចេញ​ប្រជុំ​សភា។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បោះ​ឆ្នោត​ទម្លាក់​ចេញ​ពី​តំណែង​អនុប្រធាន​រដ្ឋសភា។ ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ដំណើរ​ការ​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ទាំង​ពីរ កំពុង​ដើរ​លើ​ផ្លូវ​របាក់របើក។

លោក កឹម សុខា តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​របស់​លោក បាន​អំពាវនាវ​ឲ្យ​ប្រទេស​ជប៉ុន សម្រប​សម្រួល​បរិយាកាស​នយោបាយ​ដែល​កំពុង​តាន​តឹង ទៅ​រក​សភាព​ដើម​វិញ ដោយ​លោក​ស្នើ​ឲ្យ​មាន​ការ​គោរព​តាម​ខ្លឹមសារ​នៃ​កិច្ច​ព្រមព្រៀង​នយោបាយ ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។ បន្ថែម​ពី​លើ​នេះ អនុប្រធាន​បក្ស​ប្រឆាំង​រូប​នេះ ក៏​សុំ​ឲ្យ​ជប៉ុន ជួយ​ស៊ើប​អង្កេត​ករណី​ហិង្សា​លើ​សមាជិក​របស់​ខ្លួន​ថ្មីៗ​នេះ​ផង​ដែរ។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ជប៉ុន មាន​តួនាទី​សំខាន់​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ដើម្បី​ធានា​ការ​ជឿ​ទុក​ចិត្ត និង​ប្រសិទ្ធភាព​នៃ​លទ្ធផល​បោះ​ឆ្នោត។ លោក​បន្ត​ថា ការ​សុំ​អន្តរាគមន៍​របស់​បក្ស​ប្រឆាំង​ពី​ប្រទេស​ជប៉ុន ពេល​នេះ ស្រប​នឹង​ការ​អំពាវនាវ​របស់​បក្ស​កាន់​អំណាច៖ «»។

ប្រទេស​កម្ពុជា នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០១៧ ហើយ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨។

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ដែល​ក្ដោប​ក្ដាប់​អំណាច​ជាង ៣០​ឆ្នាំ​នោះ ធ្លាប់​ធ្វើ​ការ​ព្រមាន​ជា​សាធារណៈ​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨ ប្រទេស​កម្ពុជា នឹង​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​ស៊ីវិល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។