លោកស្រីអ៊ុង សានស៊ូជី​អំពាវនាវ​ឲ្យ​មាន​ការ​ផ្សះផ្សា ចំ​ពេល​ដែល​ភូមា​ត្រៀម​បើក​សករាជ​ថ្មី

នៅ​ក្នុង​ប្រទេស​ភូមា លទ្ធផល​នៃ​ការ​បោះឆ្នោត​សភា​កាល​ពី​ថ្ងៃ​អាទិត្យ ទី៨ វិច្ឆិកា​នៅ​មិន​ទាន់​បាន​ប្រកាស​ជា​ផ្លូវការ​នៅ​ឡើយ​ទេ តែ​លទ្ធផល​បណ្តោះអាសន្ន​ដែល​កំពុង​ធ្លាក់​មក​ជា​បណ្តើរៗ​បាន​ផ្តល់​ជោគជ័យ​យ៉ាង​ធំធេង​ចំពោះ​គណបក្សប្រឆំាង​របស់​លោកស្រី​អ៊ុង សានស៊ូជី គឺ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ។ ចំណែក​មន្រ្តី​របស់​គណបក្ស​កាន់​អំណាច​ដែល​ជា​អតីត​យោធា​ក៏​បាន​ផ្តើម​ទទួល​ស្គាល់​ជា​បណ្តើរៗ​ពី​បរាជ័យ​របស់​ខ្លួន។ នៅ​ថ្ងៃ​ពុធ ទី១១ វិច្ឆិកា​នេះ លោកស្រី​អ៊ុង សានស៊ូជី​បាន​អំពាវនាវ​ឲ្យ​មាន​ជំនួប​ជាមួយ​លោក​ប្រធានាធិបតី​ថេន សេន លោក​ប្រធាន​រដ្ឋសភា​ស្វេ ម៉ាន់ និង​មេបញ្ជាការ​កងទ័ព​លោក​មីន អ៊ុងឡេង។