ករណី​ស្នើ​បិទ​គណបក្ស​សំបុក​ឃ្មុំ​៖​លោក ហ៊ាង ឫទ្ធី នឹង​បន្ត​ប្តឹងទៅ​ឧទ្ធរណ៍​

​អនុប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​លោក ហ៊ាង ឫទ្ធី នឹងដាក់​ពាក្យបណ្ដឹង​ទៅ​សាលាឧទ្ធរណ៍​បន្ដទៀត ប្រឆាំងនឹង​ការសម្រេច​របស់​ចៅក្រម​សាលាដំបូង ដែល​បដិសេធ​សំណើសុំ​ឲ្យ​ផ្អាក​សកម្មភាព​គណបក្សរ​ប​ស់លោក ម៉ម សូណង់ដូ​។​ចៅក្រម​សាលាដំបូង លោក លី សុខ​ឡេង បានចេញ​ដីកា​សម្រេច​បដិសេធ​សំណើ​របស់លោក ហ៊ាង ឫទ្ធី ដែល​ស្នើ​ឲ្យ​តុលា​ការចេញ​ដីកា​សម្រេច​ផ្អាក​សកម្មភាព​នយោបាយ​ជា​បណ្ដោះអាសន្ន​។​

​លោក រឿន ភា​រុន រាយការណ៍​ព័ត៌មាន​នេះ​បន្ត​៖

​លោក ហ៊ាង ឫទ្ធី យល់ថា ការសម្រេច​របស់​សាលាដំបូង​នេះ គឺមាន​ភាពមិន​ឯករាជ្យ និង​មិន​ត្រឹមត្រូវ​នោះឡើយ ព្រោះ​ចៅក្រម​មិនបាន​បញ្ជាក់​មូលហេតុ​ប្រាប់​លោក​ឲ្យ​បានច្បាស់លាស់​។ ហើយ​លោក នឹងដាក់​ពាក្យ​ប្ដឹងទៅ​សាលាឧទ្ធរណ៍​ប្រឆាំងនឹង​សម្រេច​នេះ ។

​លោក ហ៊ាង ឫទ្ធី បាន​ពន្យល់​ពី​មូល​ហេតុដែល​ចៅក្រម​លោក លី សុខ​ឡេង បាន​បដិសេធ​សំណើរ​របស់លោក​ថា លោក​ចៅក្រម​គ្រាន់តែ​ប្រាប់​ហេតុផល​ថា លោក​មាន​សម្ពាធ ដែល​មិនអាច​ធ្វើតាម​សំណើ​រលោក​បាន​។ ជាមួយគ្នានេះ លោក​នឹង​បន្ត​ប្ដឹងទៅ​សាលាឧទ្ធរណ៍​ជំទាស់​នឹង​ការសម្រេច​របស់​ចៅក្រម​សាលាដំបូង​នេះ​។ ប៉ុន្តែ​លោក​ថា​លោក​ពុំ​សូវ​មាន​សង្ឃឹមថា សាលាឧទ្ធរណ៍​ឯករាជ្យ​នឹង​ចាត់ការ​រឿងនេះ​ទេ​។

​កាលពី​ថ្ងៃទី​៦ តុលា លោក ហ៊ាង ឫទ្ធី បានដាក់​ពាក្យ​ប្ដឹងទៅ​សាលាដំបូង​រំលាយ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​របស់លោក ម៉ម សូណង់ដូ ។ ហើយ​លោក​បាន​ចោទ​លោក ម៉ម សូណង់ដូ​ថា ជា​មេដឹកនាំ​ផ្ដាច់ការ ប្រព្រឹត្ត​អំពើពុករលួយ និង​ចាយវាយ​ថវិកា​បក្ស​គ្មាន​តម្លាភាព​៕