​ចំណីអាហារ​៥​យ៉ាង​ដែល​ធ្វើឱ្យ​អ្នក​គេង​មិនបាន​ស្រួល​

​ចំណីអាហារ​៥​យ៉ាង​ដែល​ធ្វើឱ្យ​អ្នក​គេង​មិនបាន​ស្រួល​

​មាន​កត្តា​ជាច្រើន​ដែល​ធ្វើឱ្យ​អ្នក​គេង​មិន​លក់ ឬ​លក់​មិន​បាន​ស្រួល ជាអាទិ​គឺ​បញ្ហា​ខាង​ផ្លូវចិត្ត ដូច​ជា​ស្ត្រេ​ស កង្វល់ និង​ការធ្លាក់​ទឹកចិត្ត ជាដើម​។ ក៏​ប៉ុន្តែ​បើសិនជា​អ្នក​គ្មាន​បញ្ហា​ទាំងអស់​នោះ​ទេ ហើយ​នៅតែ​គេង​មិនបាន​ស្រួល​ទៀត វា​អាច​ប្រហែល​ជា​បណ្តាលមកពី​ចំណី​អាហារ​ហើយ​។

ចំណីអាហារ​ទាំងអស់នោះ​រួមមាន​៖
១- ចំណី​អាហារ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន​
​យើង​បានដឹង​ហើយ​ថា កាហ្វេ​ធ្វើ​មិន​ឱ្យ​ងងុយដេក អាស្រ័យ​ដោយ​វា​មាន​ជាតិ​កាហ្វេ​អ៊ី​ន​។ ក៏ប៉ុន្តែ​ត្រូវ​ដឹងថា កាហ្វេ​អ៊ី​ន​មិនមែន​មាន​តែ​នៅក្នុង​កាហ្វេ​មួយ​មុខ​ប៉ុណ្ណោះ​ទេ​។ កាហ្វេ​អ៊ី​ន​ក៏​អាច​មាន​នៅក្នុង​ឱ  សថ​មួយចំនួន ហើយ​នឹង​នៅ​ក្នុង​តែ ផងដែរ​។ ដូច្នេះ សូម​ពិនិត្យមើល​សមាសភាគរ​បស់​ឱសថ​និង​តែ​ដែល​អ្នកនឹង​លេប​ឬ​ផឹក មុនពេល​ចូល​គេង​។​
 

២- សុ​រា​
យើង​ច្រើន​តែ​យល់ច្រឡំ​ថា​សុរា​អាចជួយ​ឱ្យ​យើង​ភ្លេច​រឿងរ៉ាវ​អ្វីៗ ហើយ​គេង​លង់លក់​។ ក៏ប៉ុន្តែ​មាន​ការសិក្សា​ជាច្រើន​ដែល​បញ្ជាក់ថា​សុរា​មិន​ធ្វើឱ្យ​យើង​គេង​លក់​ល្អ​ទេ ជាពិសេស​គឺ​ភ្ញាក់​ញឹកញាប់​នៅ​ពេលយប់​។​
 

៣- ទឹក​
ទឹក​សំខាន់​ខ្លាំង​ណាស់​ចំពោះ​សុខភាព បើសិនជា​យើង​ផឹកទឹក​មិនបាន​គ្រប់គ្រាន់​ទេ សរីរាង្គ​ទាំងអស់​ក្នុង​រាងកាយ​មិន​អាច​មាន​ដំណើរការ​ល្អ​បានទេ​។ ក៏​ប៉ុន្តែ​បើ​យើង​ផឹកទឹក​ច្រើន​នៅពេល​រៀប​ចូល​គេង វា​នឹង​ធ្វើឱ្យ​យើង​ភ្ញាក់​នោម​ញឹកញាប់ ដែល​ជា​ការរំខាន​មួយ​ដល់​ដំណេក​ដែរ​។​
 

៤- ចំណី​អាហារ​ដែល​ទុក​យូរ ជូរ​ផ្អូម​
ចំណី​អាហារ​ដែល​រក្សាទុក​យូរ ទៅ​ជា​ជូរ​ផ្អូម បញ្ចេញ​អាស៊ីតអាមីណេ​មួយ​ឈ្មោះ​ហៅថា tyramine ដែល​មាន​អំពើ​ភ្ញោ​ច​ទៅលើ​ខួរក្បាល ធ្វើឱ្យ​យើង​មិន​ងងុយគេង​បាន​។​
 

៥- ចំណីអាហារ​ធ្វើ​ពី​ប៉េងប៉ោះ​
ចំណី​អាហារ​ដែល​ធ្វើ​ពី​ប៉េងប៉ោះ ដូចជា​ទឹកជ្រលក់​ប៉េង​ប៉ោះ ឆា​ប៉េងប៉ោះ ។​ល​។ មាន​ជាតិ​អាស៊ីត​ច្រើន ដែល​អាច​ធ្វើឱ្យ​រលាក​ក្រពះ បង្ក​ទៅជា​ភាព​មិន​សុខ​ស្រួល​នៅពេល​យប់​បាន​។ បើសិន​ជា​ត្រូវ​ញ៉ាំ​ចំណីអាហារ​បែបនេះ ត្រូវ​ញ៉ាំ​ឱ្យបាន​យ៉ាងតិច​៣​ម៉ោង​មុន​ចូល​គេង​៕

ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។