អាហារ​កាត់បន្ថយ​បញ្ហា​រលាក​

Sanofi

ខ្ញី ប្រភេទ​គ្រាប់​ផ្លែឈើ ត្រី​សម្បូរ​ខ្លាញ់ និង គ្រាប់​ធញជាតិ​នានា គឺជា​អាហារ​ដែល​ត្រូវបាន​គេ​រកឃើញថា​មាន​ផ្ទុក​សារជាតិ​ជួយ​ទប់ស្កាត់​បញ្ហា​រលាក​នៃ​រាងកាយ ។ ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​បាន​យល់ស្រប​ថា ការបរិភោគ​អាហារ​ដូចខាងលើ​នេះ វា​នឹង​ជួយ​កាត់បន្ថយ​កម្រិត​នៃ​បញ្ហា​រលាក​ក្នុង​រាងកាយ ។ ប៉ុន្តែ​ពួកគេ​សង្កត់ធ្ងន់ថា ការបន្ថែម ឬ បង្កើន​ការហូបចុក​បណ្តា​ប្រភេទ​អាហារ​តែមួយ​មុខ​អាច​នឹងមាន​ផលប៉ះពាល់​ច្រើន​ដល់​សុខភាព ។​

​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ដែល​ត្រូវបាន​ចុះផ្សាយ​នៅលើ​ទស្សនា​វ​ដ្តី Nutrition Journal​ឱ្យដឹងថា ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​បាន​រកឃើញថា បុរស ដែល​បរិភោគ​គ្រាប់​ហ្វាក​ស៊ីដ (Flaxseed) រយៈពេល ៤២ ថ្ងៃ រោគសញ្ញា បង្ហាញ​ពី​ការ​រលាក​របស់​ពួកគេ​បាន​ថយចុះ​ច្រើន​បើ​ធៀប​នឹង​បុរស​ដែល​មិនបាន​បរិភោគ​គ្រាប់​ធញជាតិ​នេះ ។

ចំណែក​ការសិក្សា​ស្រាវជ្រាវ​មួយ​ដែល​បាន ចុះផ្សាយ​កាលពី​ចុងខែ​តុលា ឆ្នាំ ២០១១ លើ​ទំព័រ​ទស្សនា​វ​ដ្តី​ស្រាវជ្រាវ​ដើម្បី​ការពារ​ជំងឺមហារីក (Cancer Prevention Research) ឱ្យដឹងថា ការផឹក​ទឹក​ដែល​ចម្រាញ់​ពី​ឫស​ខ្ញី ក៏​ជួយ​កាត់បន្ថយ​កត្តា​ដែលនាំឱ្យ​មាន​បញ្ហា​រលាក​ពោះវៀនធំ ។

បើ​យោងតាម​ការសិក្សា​ស្រាវជ្រាវ​មួយ​ដែល​បាន​ចុះផ្សាយ​កាល ពី​ខែសីហា ឆ្នាំ ២០១១ លើ​ទស្សនា​វ​ដ្តី​គីមី​ជីវសាស្ត្រ (Journal of Biological Chemistry) បង្ហាញថា សារជាតិ​ឃឺ​រ​ខ្យូ (Curcumin) (​សមាសធាតុ​សំខាន់​ក្នុង​ម្សៅ​រមៀត​ដែល​ប្រើ​ក្នុង​គ្រឿងការី​)​អាចជួយ​ទប់ស្កាត់​បញ្ហា​ដែល​បណ្តាលឱ្យមាន​រោគ​រលាក​សរសៃ​សាច់ដុំ ។​

​លោកស្រី គ្រីស្ទី​ន គី​ក​ប៉ា​ទ្រី​ក ( Kristin Kripatrick) អ្នកឯកទេស​ផ្នែក ជាតិ​បំប៉ន​នៅ​មន្ទីរពេទ្យ Claveland ប្រាប់​ទំព័រ Live Science ថា «​ប្រសិន​អ្នក​ចង់​មាន​របប​អាហារ​ដែល​ល្អ​ដើម្បី​ជួយ​កាត់បន្ថយ​បញ្ហា​រលាក​នោះ គួរ​មាន​វត្តមាន​អាហារ​ប្រភេទ​គ្រាប់​ធញជាតិ និង គ្រាប់់​ផ្លែឈើ ហើយ​ការកាត់បន្ថយ​បញ្ហា​រលាក​តាមរយៈ​អាហារ​ក៏​ជា​រឿង​សំខាន់ ប៉ុន្តែ​វា​នឹងមាន​ប្រសិទ្ធភាពលុះណាតែ​អ្នក​បរិភោគ​អាហារ​ប្រឆាំង​រលាក​ទាំងឡាយ​ដែលមាន​នៅក្នុង​បញ្ជី ។

អ្នក​ដែល​លេប​គ្រាប់​ថ្នាំ​ជា​អាហារ​បំប៉ន​មិនបាន​ទទួលលទ្ធផល​ល្អ​ដូច​ទៅនឹង​អ្នក​ដែល​បរិភោគ​អាហារ​ពិត​ដែលមាន​ផ្ទុក​សារជាតិ​ប្រឆាំងនឹង​បញ្ហា​រលាក ។​ ​លោកស្រី គ្រីស្ទី​ន គី​ក​ប៉ា​ទ្រី​ក បន្តថា ដើម្បី​កាត់បន្ថយ​បញ្ហា​រលាក​តាម រយៈ​របប​អាហារ​អ្នក​ចាំបាច់​ក៏​ត្រូវតែ​ចៀសវាង​បណ្តា​អាហារ​ដែលនាំឱ្យ​រលាក ដូចជា ស្ករ ជាដើម ៕ បុត្រា​


Related