ស្លាក​លេខ​ខេមរភូមិន្ទ​ ក្រសួង​ផ្កាយ​៤​ ទៀ​ បាញ់​ អាប់ឱន​តម្លៃ​ពេល​បំពាក់​លើ​រថយន្ត​ល្មើស​គេចពន្ធ​

​រថយន្ត​ទំនើប​ម៉ាក​ Lexus​ RX350​ ពណ៌​ខ្មៅ​១​គ្រឿង​ អត់​ពន្ធ​ ត្រូវ​បាន​សមត្ថកិច្ច​គយ​ចល័ត​ប្រមាញ់​ចាប់​បាន​ នៅ​ត្រង់​ចំណុច​ទីតាំង​លាង​រថយន្ត​មួយ​កន្លែង​ ឋិត​តាម​បណ្តោយ​ផ្លូវ​លេខ​៥៦៦​ សង្កាត់​បឹង​កក់​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ វេលា​ព្រឹក​មិ​ញ​ ខណៈ​រថយន្ត​ទំនើប​ល្មើស​គេចពន្ធ​នេះ​អាច​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ 01.2-6505​ ជា​ស្លាក​លេខ​សម្គាល់​លេខ​កូដ​ប្រើប្រាស់​ដោយ​ក្រសួងការពារជាតិ​ ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​សាធារណៈ​ និង​ចូល​ចត​លាង​សម្អាត​ក្នុង​កន្លែង​លាង​រថយន្ត​បាន​យ៉ាង​ហ៊ឺហា​ ដោយ​មិនបាច់​បង់ពន្ធ​មធ្យោបាយ​យានជំនិះ​ (​ពន្ធ​ផ្លូវ​)​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ស្លាក​លេខ​ខេមរភូមិន្ទ​ដែល​ចេញ​ដោយ​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស​ក្រសួងការពារជាតិ​ មាន​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ផ្កាយ​មាស​៤​ ឧបនាយករដ្ឋមន្ត្រី​ ទៀ​ បាញ់​ ជា​រដ្ឋមន្ត្រី​ ហើយ​ត្រូវ​បាន​យក​ទៅ​បំពាក់​លើ​រថយន្ត​ល្មើស​គេចពន្ធ​នោះ​ គឺ​ប្រឈម​នឹង​ការ​បាត់បង់​តម្លៃ​ និង​បាន​បំបាក់​កិត្យានុភាព​កង​យោធពលខេមរភូមិន្ទ​ ព្រមទាំង​កិត្តិនាម​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ជា​ប្រមុខ​ទៀត​ផង​ ដ្បិត​ម្ចាស់​ ឬ​អ្នក​ប្រើប្រាស់​យានយន្ត​ខាងលើ​ បាន​ប្រព្រឹត្ត​ល្មើស​ដូច​ខាងក្រោម​ ៖

១-​រំលោភ​បំពាន​លើ​ច្បាប់​ស្តី​ពី​ពន្ធ​ (​ល្មើស​គេចពន្ធ​ ទាំង​ពន្ធ​នាំ​ចូល​រថយន្ត​ ទាំង​ពន្ធ​លើ​មធ្យោបាយ​យានជំនិះ​)​ ។​
២-​រំលោភ​បំពាន​លើ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ (​ប្រើប្រាស់​ស្លាក​លេខ​យានជំនិះ​ក្លែងក្លាយ​)​ ។​
៣-​រំលោភ​បំពាន​លើ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៧៧​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០០៣​ ស្តី​ពី​ការ​ចេញ​ស្លាក​លេខ​សម្គាល់​យានជំនិះ​ ។​
៤-​រំលោភ​បំពាន​លើ​ប្រកាស​របស់​ក្រសួងការពារជាតិ​ លេខ​០៦៤/២០០៩​ ប្រ​.​ក​ ចុះ​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០០៩​ ស្តី​ពី​ការ​ចេញ​ប័ណ្ណ​ ស្លាក​លេខ​ចរាចរណ៍​ និង​សញ្ញា​សម្គាល់​ស្ថាប័ន​ កងឯកភាព​ក្នុង​កង​យោធពលខេមរភូមិន្ទ​…​។​ល​៕​

ស្លាក​លេខ​ខេមរភូមិន្ទ​ ក្រសួង​ផ្កាយ​៤​ ទៀ​ បាញ់​ អាប់ឱន​តម្លៃ​ពេល​បំពាក់​លើ​រថយន្ត​ល្មើស​គេចពន្ធ​