ករណី​បាត់​ខ្លួន​រំដួល​ដងស្ទឹង​សង្កែ​ ដែល​ជា​សិស្ស​ស្រី​ថ្នាក់​ទី​១២ស្រស់ស្អាតម្នាក់នៅ​បាត់ដំបង​ មិន​ទាន់​មាន​តម្រុយ​

​កាលពី​វេលា​ម៉ោង​២១​និង​៤៥​នាទី​ រាត្រី​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ម្សិលមិញ​ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​ត្រង់​ចំណុច​លំនៅ​ឋាន​បណ្តុះ​សណ្តែក​មួយ​កន្លែង​ ឋិត​ក្នុងភូមិ​វត្ត​តា​មឹ​ម​ ឃុំ​អូរ​ដំបង​១​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ ដោយ​ឮ​សម្រែក​យុវតី​ជា​សិស្ស​ថ្នាក់​ទី​១២​នៃ​វិទ្យាល័យ​នេ​ត​យ៉ង់​ម្នាក់​ ស្រែក​"​ជួយ​ផងៗ​"​ បន្លឺ​ចេញពី​ទីតាំង​កើតហេតុ​ ខណៈ​មាន​ជន​មិន​ស្គាល់​មុខ​បាន​វាយ​ និង​ទាញ​រូប​នាង​ទម្លាក់​ចូល​ទៅ​ក្នុង​ទឹកស្ទឹង​សង្កែ​ រហូត​បាត់​សំឡេង​ និង​បាត់​ស្រមោល​សូន្យឈឹង​ទល់​បច្ចុប្បន្ន​ មិន​ទាន់​លេច​ចេញ​តម្រុយ​អ្វី​ឡើយ​ ។​

​ស្ត្រី​ឈ្មោះ​ ជីវ​ ម៉ៅ​ អាយុ​៥៦​ឆ្នាំ​ ត្រូវជា​ម្តាយ​របស់​យុវជន​រង​គ្រោះ​ដែល​បាត់​ខ្លួន​ទាំង​យប់​នៅ​មាត់​ស្ទឹង​សង្កែ​នោះ​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ កូនស្រី​របស់​គាត់​មានឈ្មោះ​ ឆាំ​ ស្រី​រ័​ត្ន​ អាយុ​១៨​ឆ្នាំ​ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ និង​កំពុង​សិក្សា​រៀនសូត្រ​នៅ​វិទ្យាល័យ​នេ​ត​យ៉ង់​ ខេត្តបាត់ដំបង​ ថ្នាក់​ទី​១២​ ត្រូវ​ប្រឡង​បាក់​ឌុ​ប​នៅ​ឆ្នាំ​២០១៦​ខាង​មុខ​ ។​

​តាម​ការ​អះអាង​របស់​ស្ត្រី​ជា​ម្តាយ​យុវតី​រង​គ្រោះ​ បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ កូនស្រី​របស់​គាត់​នៅ​អង្គុយ​ច្រក​សណ្តែកបាយ​ជាមួយ​គាត់​ ដើម្បី​បណ្តុះ​សណ្តែក​ នៅ​ខាង​មុខ​សំ​យ៉ាប​ផ្ទះ​ជាប់​នឹង​មាត់​ស្ទឹង​សង្កែ​ ។​ លុះ​ពេល​ច្រក​សណ្តែក​រួច​ហើយ​ រូប​គាត់​បាន​ចាក​ចេញពី​ទីនោះ​មុន​ ដើរ​ឆ្លងថ្នល់​សំដៅ​ទៅ​ផ្ទះ​នៅ​ម្ខាង​ថ្នល់​ ដោយ​ទុក​ឲ្យ​កូនស្រី​នៅ​ចាំ​បិទ​ភ្លើងអគ្គិសនី​មក​ផ្ទះ​តាម​ក្រោយ​ ។​ ខណៈ​ពេល​កូនស្រី​បិទ​ភ្លើងអគ្គិសនី​ភ្លាម​ ស្រាប់តែ​ឮ​សូរ​សំឡេង​នាង​ស្រែក​ខ្លាំងៗ​ថា​ "​ជួយ​ផងៗ​"​ ។​ ភ្លាមៗ​នោះ​ដែរ​ រូប​គាត់​បាន​រត់​មក​ឃើញ​កូនស្រី​ត្រូវ​ស្រមោល​ជន​មិន​ស្គាល់​មុខ​ម្នាក់​ បាន​ចាប់​អូស​ទាញ​នាង​ទម្លាក់​ចូល​ទៅ​ក្នុង​ទឹកស្ទឹង​សង្កែ​បាត់​ទៅ​ ហើយ​គាត់​ក៏​បាន​ស្រែក​ឲ្យ​អ្នក​ភូមិ​ផ្ទះ​ក្បែរ​ខាង​ជួយ​ដែរ​ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ហ៊ាន​ចុះ​តាម​មាត់​ស្ទឹង​ជួយ​រក​នាង​នោះ​ទេ​ ពីព្រោះ​ជា​ពេលវេលា​យប់​ងងឹត​ពេក​ ។​ ក្រោយ​ពេល​កើតហេតុ​ រូប​គាត់​ក៏​បាន​ប្តឹង​សុំ​អន្តរាគមន៍​ទៅ​សមត្ថកិច្ច​ ទើប​សមត្ថកិច្ច​នគរបាល​ និង​កងរាជអាវុធហត្ថ​ចុះ​មក​ស្រាវជ្រាវ​តាម​រក​កូនស្រី​របស់​គាត់​ ប៉ុន្តែ​នៅ​តែ​រុករក​មិន​ទាន់​ឃើញ​ ។​

​នៅ​ទីតាំង​បាត់​ខ្លួន​យុវតី​ជា​រំដួល​ដងស្ទឹង​សង្កែ​ដ៏​អាថ៌​កំបាំង​នេះ​ សមត្ថកិច្ច​បាន​រក​ឃើញ​សំណាញ់​បង់​ត្រី​១​ ខោខ្លី​ពណ៌​ក្រហម​លាយ​ផ្កា​១​ និង​ស្បែកជើងផ្ទាត់​ពណ៌​ក្រហម​១​គូ​ នៅ​ជាប់​នឹង​ភក់​ក្បែរ​មាត់​ស្ទឹង​សង្កែ​ ។​

​បច្ចុប្បន្ន​ សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​រក​យុវតី​ដែល​បាត់​ខ្លួន​នោះ​ ប៉ុន្តែ​មិន​ទាន់​មាន​តម្រុយ​ជាក់លាក់​នៅឡើយ​ ខណៈ​សមត្ថកិច្ច​មូលដ្ឋាន​បាន​លើក​ឡើង​បឋម​ថា​ ជា​ករណី​ស្មុគស្មាញ​ គឺ​អាច​ជា​ករណី​មនុស្សឃាត​ដោយ​ចេតនា​ អាច​ជា​ករណី​ប៉ុនប៉ង​ចាប់រំលោភ​សេពសន្ថវៈ​ ឬ​អាច​ជា​ករណី​ត្រូវរ៉ូវ​គ្នា​ណាមួយ​ផង​ក៏​ថា​បាន​ ៕​

ករណី​បាត់​ខ្លួន​រំដួល​ដងស្ទឹង​សង្កែ​ ដែល​ជា​សិស្ស​ស្រី​ថ្នាក់​ទី​១២ស្រស់ស្អាតម្នាក់នៅ​បាត់ដំបង​ មិន​ទាន់​មាន​តម្រុយ​ ករណី​បាត់​ខ្លួន​រំដួល​ដងស្ទឹង​សង្កែ​ ដែល​ជា​សិស្ស​ស្រី​ថ្នាក់​ទី​១២ស្រស់ស្អាតម្នាក់នៅ​បាត់ដំបង​ មិន​ទាន់​មាន​តម្រុយ​