ទស្សនៈ​អ្នក​វិភាគ​និង​អ្នក​នយោបាយ​អំពី​ឥទ្ធិពល​នៃ​លទ្ធផល​បោះ​ឆ្នោត​នៅ​ភូមា​មក​លើ​កម្ពុជា

នៅ​ក្រោយ​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា បាន​បញ្ចប់​ភ្លាមៗ សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជាច្រើន បាន​រាយការណ៍​ថា គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ របស់ អ្នកស្រី អ៊ុងសាន ស៊ូជី ទទួល​បាន​សំឡេង​ឆ្នោត​យ៉ាង​ច្រើន​លើសលប់​ពី​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា។ ដំណើរ​ឆ្ពោះ​ទៅ​កាន់​ជោគជ័យ​នៃ​គណបក្ស​ប្រឆាំង​របស់​ប្រទេស​មីយ៉ាន់ម៉ា ត្រូវ​បាន​អ្នក​ជំនាញ និង​អ្នក​នយោបាយ​ខ្មែរ​ខ្លះ​អបអរ​សាទរ និង​ចង់​ឲ្យ​កម្ពុជា ទាញ​យក​មេ​រៀន​ល្អៗ​ពី​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​ដែល​ធ្លាប់​ប្រកាន់​យក​របប​យោធា​និយម​មួយ​នេះ។

ក្រុម​អ្នក​តាម​ដាន​នយោបាយ និង​អ្នក​នយោបាយ​ខ្មែរ មាន​ការ​យល់​ឃើញ​ផ្សេងៗ​ពី​គ្នា​ចំពោះ​លទ្ធផល​បោះ​ឆ្នោត​នៅ​ប្រទេស​មីយ៉ាន់ម៉ា ដែល​បង្ហាញ​ពី​សំឡេង​គាំទ្រ​យ៉ាង​ច្រើន​លើសលប់​ចំពោះ​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ របស់ អ្នកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi)។

អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី មើល​ឃើញ​ថា ដំណើរ​ជោគជ័យ​របស់​គណបក្ស​ប្រឆាំង​នៅ​ភូមា ធ្វើ​ឲ្យ​របប​យោធា ឬ​របប​ផ្តាច់​ការ​ទទួល​ស្គាល់​ការ​ពិត​ពី​ស្ថានភាព​មិន​ល្អ​នៃ​ការ​ដឹក​នាំ​របស់​ខ្លួន។ លោក កែម ឡី បន្ត​ថា ការ​ផ្លាស់ប្ដូរ​នៅ​ភូមា អាច​ពញ្ញាក់​អារម្មណ៍​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ដែល​ចង់​បាន​ការ​ផ្លាស់ប្ដូរ គិតគូរ​អំពី​ជោគវាសនា​របស់​ខ្លួន​កាន់​តែ​ខ្លាំង​ជាង​មុន។ យ៉ាង​ណា​ក៏ដោយ​ចុះ លោក កែម ឡី មិន​ហ៊ាន​សន្និដ្ឋាន​ថា គណបក្ស​ប្រឆាំង​នៅ​កម្ពុជា នឹង​ឈ្នះ​ឆ្នោត​ដូច​បក្ស​ប្រឆាំង​នៅ​ភូមា នោះ​ឡើយ។

លោក​បញ្ជាក់​ថា មេ​ដឹក​នាំ​បក្ស​ប្រឆាំង​នៅ​ភូមា ហ៊ាន​លះ​បង់​ខ្លាំង​ជាង​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​នៅ​កម្ពុជា ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពលរដ្ឋ​ភូមា មាន​ទំនុក​ចិត្ត​ជាមួយ​មេ​ដឹក​នាំ​របស់​ខ្លួន៖ «ផ្តល់​មេ​រៀន​ដែល​ជា​បទពិសោធន៍​ដល់​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា ឬ​ក៏​នៅ​ក្នុង​តំបន់ ថា​ការ​តស៊ូ​ដើម្បី​ទាមទារ​លទ្ធិប្រជាធិបតេយ្យ ត្រូវ​មាន​ការ​អត់ធ្មត់​ច្រើន ត្រូវ​មាន​ការ​តស៊ូ​វែង​ឆ្ងាយ ហើយ​ត្រូវ​មាន​ភាព​អហិង្សា​ជានិច្ច ហើយ​សូម​បញ្ជាក់​ប្រាប់​ថា មេ​ដឹក​នាំ​នៃ​គណបក្ស​របស់ លោកស្រី អ៊ុងសាន ស៊ូជី ហើយ​និង​សកម្មជន​សំខាន់ៗ អត់​ដើរ​ចេញ​ពី​ប្រទេស​ទេ។ ភាគ​ច្រើន​គាត់​នៅ​ភ្ជាប់​រវាង​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ជាមួយ​នឹង​អ្នក​គាំទ្រ»

ចំណែក​ប្រធាន​អង្គការ​វេទិកា​អនាគត និង​ជា​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ លោក អ៊ូ វីរៈ វិញ យល់​ឃើញ​ថា សន្ទុះ​គាំទ្រ​បក្ស​ប្រឆាំង​នៅ​ភូមា នឹង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​នៅ​កម្ពុជា មាន​ទឹក​ចិត្ត​តស៊ូ​ឡើង​វិញ ដើម្បី​ឈាន​ដល់​ការ​ផ្លាស់ប្ដូរ​សង្គម។ ស្រដៀង​នឹង លោក កែម ឡី ដែរ លោក អ៊ូ វីរៈ មិន​អាច​ធ្វើ​ការ​ប៉ាន់ស្មាន​ថា បក្ស​ប្រឆាំង​នៅ​កម្ពុជា អាច​នឹង​មាន​វាសនា​ល្អ​ដូច​នៅ​ភូមា នោះ​ទេ ពីព្រោះ​ពេលវេលា​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា នៅ​សល់​រយៈពេល​វែង​ទៅ​មុខ​ទៀត៖ «ស្ថានភាព​នយោបាយ​នៅ​ភូមា គឺ​តានតឹង​ស្រដៀង​ប្រទេស​កម្ពុជា តាម​ពិត​តានតឹង​ជាង​ប្រទេស​កម្ពុជា ទៀត។ បើ​សិន​ជា​តានតឹង​ជាង​ប្រទេស​កម្ពុជា ហើយ​ប្រជាពលរដ្ឋ​ប្រទេស​ភូមា ក្នុង​ការ​បំភ័យ​ក៏ដោយ នៅ​តែ​ក្លាហាន​ក្នុង​ការ​ឈាន​ទៅ​រក​ការ​បោះ​ឆ្នោត​បាក់​ទឹក​បាក់​ដី ហ៊ាន​ទៅ​ដល់​បោះ​ឆ្នោត​ដើម្បី​ដូរ​រដ្ឋាភិបាល​ទៀត ខ្ញុំ​ថា​នឹង​ផ្តល់​ក្តី​កក់ក្តៅ​មួយ និង​ការ​លើក​ទឹក​ចិត្ត​មួយ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​មាន​ភាព​ក្លាហាន​ដែរ»

បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន ប៊ី.ប៊ី.ស៊ី (BBC) របស់​អង់គ្លេស បាន​ដកស្រង់​សម្ដី អ្នកស្រី អ៊ុងសាន ស៊ូជី ថា គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ របស់​អ្នកស្រី បាន​ទទួល​សំឡេង​គាំទ្រ​ពី​ប្រជាជន​ដល់​ទៅ ៧៥​ភាគរយ។ តាម​ការ​ពិត គណបក្ស​ប្រឆាំង​នៅ​ភូមា ត្រូវ​ការ​សំឡេង​ឆ្នោត​ពី ៦៧​ភាគរយ​ឡើង​ទៅ ដើម្បី​ឈ្នះ​ការ​បោះ​ឆ្នោត​លើក​នេះ។ សភា​ប្រទេស​ភូមា ទាំង​ជាន់​ទាប និង​ជាន់​ខ្ពស់​មាន ៦៦៤​អាសនៈ ប៉ុន្តែ ២៥​ភាគរយ ឬ​ស្នើ​នឹង ១៦៦​អាសនៈ ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ពួក​យោធា​ដោយ​ស្វ័យ​ប្រវត្តិ ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ​ភូមា ឆ្នាំ​២០០៨។

លោក ប៉ុល ហំម ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា បាន​អបអរ​សាទរ​ចំពោះ​ដំណើរ​ការ​ផ្លាស់ប្ដូរ​នៅ​ភូមា។ លោក ប៉ុល ហំម បញ្ជាក់​ថា មេ​រៀន​ដែល​កម្ពុជា អាច​ទាញ​យក​បាន​ពី​ការ​បោះ​ឆ្នោត​នៅ​ភូមា គឺ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ពេញ​លេញ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត និង​ការ​ទទួល​ស្គាល់​បរាជ័យ​នៃ​លទ្ធផល​ឆ្នោត។ ស្រដៀង​គ្នា​នឹង​អ្នក​វិភាគ​ដែរ លោក ប៉ុល ហំម មិន​អាច​សន្និដ្ឋាន​ថា គណបក្ស​របស់​លោក​នឹង​ទទួល​បាន​ជ័យជម្នះ​ដូច​បក្ស​របស់ អ្នកស្រី អ៊ុងសាន ស៊ូជី នោះ​ទេ ដោយសារ​ពេលវេលា​នៅ​យូរ​ទៀត​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​២០១៨ ខាង​មុខ៖ «ការ​បោះ​ឆ្នោត​នេះ គឺ​ជា​ការ​ផ្លាស់ប្ដូរ​មួយ​ជា​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​ប្រទេស​ភូមា ហើយ​ខ្ញុំ​ចង់​ឃើញ​ប្រទេស​ដទៃ​ទៀត ជាពិសេស​ប្រទេស​ខ្មែរ​ក៏ដោយ ក៏​ឲ្យ​មាន​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​បាន​ត្រឹមត្រូវ។ បើ​គណបក្ស​ណា​ឈ្នះ​ឆ្នោត សូម​ឲ្យ​មាន​ការ​ផ្ទេរ​អំណាច ការ​ផ្លាស់ប្ដូរ​ហ្នឹង​ដោយ​សន្តិវិធី​ដូច​ប្រទេស​ភូមា ដែរ»

ចំណែក លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​កាន់​អំណាច​វិញ អះអាង​ថា លទ្ធផល​បោះ​ឆ្នោត​នៅ​ភូមា នឹង​មិន​មាន​ឥទ្ធិពល​អ្វី​ដល់​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា។ លោក សុខ ឥសាន បាន​មាន​ប្រសាសន៍​ថា មេ​ដឹក​នាំ​បក្ស​ប្រឆាំង​នៅ​ភូមា ថា​ជា​អ្នក​គិតគូរ​ពី​ជាតិ​ពិត​ប្រាកដ ម្ល៉ោះ​ហើយ​ធ្វើ​ឲ្យ​សាធារណជន​ភូមា បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​ឲ្យ​សម្រាប់​ការ​ដឹក​នាំ​ប្រទេស ខុស​ពី​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​នៅ​កម្ពុជា វិញ លោក សុខ ឥសាន គិត​ថា​ជា​អ្នក​ស្នេហា​ជាតិ​ក្លែងក្លាយ៖ «មិន​អាច​ផ្សារភ្ជាប់​ស្ថានការណ៍​មីយ៉ាន់ម៉ា មក​កម្ពុជា បាន​ទេ។ កុំ​ឲ្យ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ត្រេកអរ​រហូត​ដល់​យល់សប្តិ ឬ​មួយ​ក៏​មាន​ការ​ទស្សន៍ទាយ​ថា​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ក៏​ឈ្នះ​ដូច​គណបក្ស​ប្រឆាំង​នៅ​ភូមា ដែរ។ នេះ​មិន​មែន​ទេ ពីព្រោះ​សភាពការណ៍​ខុស​គ្នា ហើយ​លក្ខណៈ​សម្បត្តិ​របស់​គណបក្ស​ប្រឆាំង​របស់​ប្រទេស​ទាំង​ពីរ ក៏​នៅ​ខុស​គ្នា​មេឃ និង​ដី​ដែរ»

យោង​តាម​សារព័ត៌មាន អេ.ប៊ី.ស៊ី (ABC) អូស្ត្រាលី ឲ្យ​ដឹង​ថា ប្រមុខ​ដឹក​នាំ​យោធា​មីយ៉ាន់ម៉ា ដែល​រួម​មាន លោក ថេន សេន បច្ចុប្បន្ន​ប្រធានាធិបតី និង​លោក ស្វេ ម៉ាន់ ដែល​ជា​ប្រធាន​សភា គ្រោង​នឹង​ជួប​ពិភាក្សា​គ្នា​ជាមួយ អ្នកស្រី អ៊ុងសាន ស៊ូជី នា​ពេល​ឆាប់ៗ​ខាង​មុខ។ លោក ស្វេ ម៉ាន់ បញ្ជាក់​ថា លោក​នឹង​ជួប​ពិភាក្សា​ជាមួយ អ្នកស្រី អ៊ុងសាន ស៊ូជី ក្នុង​រយៈពេល​មួយ​សប្ដាហ៍ ដើម្បី​ជជែក​ពី​រឿង​ផ្សះផ្សា​ជាតិ និង​បញ្ហា​មួយ​ចំនួន​ទៀត។

ការ​បង្កើត​រដ្ឋាភិបាល និង​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​មីយ៉ាន់ម៉ា នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​មីនា ឆ្នាំ​២០១៦ ខាង​មុខ។ ស្ថិត​ក្នុង​បរិបទ​នេះ មជ្ឈដ្ឋាន​នានា​កំពុង​តាម​ដាន​មើល​ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​នេះ​បន្ត​ទៀត ដោយ​ម្នាក់ៗ​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ទេ​ថា តើ​មេ​ដឹក​នាំ​យោធា​មីយ៉ាន់ម៉ា នឹង​ផ្ទេរ​អំណាច​ឲ្យ​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ របស់ អ្នកស្រី អ៊ុងសាន ស៊ូជី ដោយ​សន្តិវិធី ឬ​ក៏​យ៉ាង​ណា​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។