«សាលា​រាជធានី​បិទ​តន្ត្រី​តាម​ស្ដុប ដូច​បិទ​​ឆ្នាំង​បាយ​​ជន​ពិការ»

ជនពិការភាគច្រើន បានសម្ដែងការព្រួយបារម្ភ បន្ទាប់ពីបានដឹងថា សាលារាជធានីភ្នំពេញ គ្រោង​បិទ​មិន​ឲ្យ​មាន​ការ​ប្រគុំ​តន្រ្តី នៃ​ជនពិការ នៅតាមស្តុប តទៅទៀតនៅថ្ងៃមុខ។
«សាលា​រាជធានី​បិទ​តន្ត្រី​តាម​ស្ដុប ដូច​បិទ​​ឆ្នាំង​បាយ​​ជន​ពិការ»
ក្រុមតន្ត្រីជនពិការនេះ កំពុងសម្ដែង នៅក្នុងទីផ្សារមួយកន្លែង នៅរាជធានីភ្នំពេញ។ (រូបថត monoROOM.info/ H. Vuthy)

ជនពិការភ្នែក និងពិការជើង ជាច្រើននាក់ បានសម្តែង ការព្រួយបារម្ភរបស់ពួកគេ បន្ទាបពីសាលា​រាជធានី​ភ្នំពញ គ្រោងនឹងលប់បំបាត់ ការប្រគុំតន្ត្រីជនពិការ នៅតាមផ្លូវកែងនានា ក្នុងរាជធានីភ្នំពេញ ក្នុងហេតុផល​សណ្ដាប់ធ្នាប់ និងមុខមាត់រាជធានី។ ពួកគេ​គិតថា គម្រោងនៃហាមឃាត់នេះ នឹងប៉ះពាល់ដល់ការងារ និងធ្វើ​ឲ្យ​ជីវភាព​របស់​ពួកគេ ធ្លាក់ចុះដុនដាប​នោះ​ផង​ទៀត។

លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងប្រាប់ព័ត៌មាននេះ ទៅកាន់​កាសែត​ក្នុង​ស្រុក​មួយថា សាលារាជធានី គ្រោងនឹងបើកទីតាំងណាមួយផ្សេង តាមដែលអាចធ្វើទៅបាន ដើម្បីឲ្យក្រុមជន​ពិការ​ទាំងនោះ មានកន្លែងសម្រាប់ប្រគុំតន្រ្តី របស់ខ្លួនវិញ និងតម្រូវឲ្យតំណាងជនពិការ ត្រូវមានលិខិតស្នើរសុំ ពី​សាលា​រាជធានី។

អ្នកស្រី អ៊ុក គិរី ជាប្រធានក្រុកតន្រ្តីជនពិការជួយខ្លូនឯង ដែលមានក្រុមអ្នកពិការភ្នែក០៤នាក់ ហើយដែល​កំពុង​ប្រគុំតន្រ្តី​នៅជិតស្តុបផ្សារដើមគរ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូឲ្យដឹងថា អ្នកស្រីមានការព្រួយ​បារម្ភណាស់ ប្រសិនបើគម្រោង របស់សាលារាជធានីភ្នំពេញ ចេញប្រកាស ឲ្យឈប់ធ្វើការប្រគុំតន្ត្រីនេះ។

ស្រ្តីអាយុ៤០ឆ្នាំរូបនេះ បានឲ្យដឹងទៀតថា អ្នកស្រីគ្មានក្រុមគ្រួសារទេ សព្វថ្ងៃនៅជាមួយក្រុមជនពិការ​ដូច​គ្នា។ បើថ្ងៃណាមួយ គេបញ្ឈប់ឲ្យមានការប្រគុំនេះ អ្នកស្រី និងក្រុមអ្នកស្រី នឹងបាត់បង់ចំណូល សម្រាប់​ទ្រ​ទ្រង់​ការរស់នៅប្រចាំថ្ងៃ ហើយជនពិការនឹងជួបការលំបាក។ ម្យ៉ាងវិញទៀត ស្ត្រីពិការដដែលបានបន្ថែមថា គ្មាន​ជនពិការណា ចង់ក្លាយជាអ្នកសុំទានទេ ដូច្នេះ បានជាពួកគាត់ខំតស៊ូរស់នៅ ដោយប្រើប្រាស់កម្លាំង និង​ទេពកោសល្យផ្ទាល់ខ្លូន ដូចជាការបង្កើត ជាក្រុមច្រៀងនៅតាមផ្សារ ឬស្តុប ដើម្បីបានប្រាក់កាសខ្លះ មក​ចិញ្ចឹម​ជីវិត។

មិន​ខុសពីគ្នាប៉ុន្មាននោះទេ ក្រុមជនពិការមួយក្រុមទៀត ដែលកំពុងច្រៀង នៅក្បែរស្តុបអាងទឹក រាជធានី​ភ្នំពេញ ក៏បានសម្ដែងទុក្ខកង្វល់ របស់ពួកគេជាខ្លាំងណាស់ដែរ។ លោក ចាន់ ម៉ាញ តំណាងឲ្យក្រុម​ជនពិការ​ភ្នែក ទាំង០៧នាក់ នៅទីនោះ បានឲ្យដឹងថា បើសាលារាជធានីបិទ មិនឲ្យច្រៀងអង្គាសប្រាក់បែបនេះ គឺ​ដូច​ជា​បិទឆ្នាំងបាយជនពិការអញ្ចឹង។ ម្យ៉ាងវិញទៀតលោកថា បើតម្រូវឲ្យមានលិខិតស្នើរសុំ មែននោះ ជន​ពិការ​ច្បាស់ជាមិនអាចប្រគុំ តាមកន្លែង និងតាមពេលវេលា ដែលខ្លូនចង់បាននោះទេ។

លោក ម៉ាញ បានលើកឡើងថា៖ «ដូចនៅតាមក្រុម ក្រុមណាបានលេង បានលេង ក្រុមណាអត់ ក៏អត់ទៅបង វា​លំបាក់នៅកន្លែងហ្នឹងដែរ»។ ម្យ៉ាងវិញទៀត ការរៀបចំឯកសារ ដើម្បីស្នើសុំទៅសាលារាជធានីនោះ ក៏មិន​ជា​មានលក្ខណៈងាយស្រួល សម្រាប់ជនពិការ ដែលក្រខ្សត់ និងពិការភ្នែក ឬដៃជើងដែរ។

ក្រុមជនពិការទាំងនេះ បានទទូចសុំឲ្យរដ្ឋាភិបាល មេត្តាជួយគិតគូរ ដល់ពួកគាត់ជាជនពិការ ជាពិសេសជួយ​ធ្វើយ៉ាងណា ឲ្យមានមុខរបរ និងការងារផង។ ព្រោះខណៈនេះ ជនពិការបានខិតខំរស់ ដោយខ្លួនឯង និង​ចេញ​ពីបាតដៃទាំងទ្វេ តែបើរដ្ឋាភិបាលមិនជួយ ហើយបែរជាបំបែកឆ្នាំងបាយ របស់ពួកគាត់ទៀតនោះ ពួក​គាត់​អាច​នឹង​ត្រឡប់ ទៅធ្វើការសុំទានវិញ ជាពុំខាន៕