សាងសង់​ជិត​រួច​ហើយ​ទើប​ចុះ​ទៅ​​បញ្ឈប់ការសាងសង់ មន្ត្រី​ជំនាញ​ឆ្លើយ​ថា​ជា​សំណង់​គ្មាន​ច្បាប់

ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋ​នាំ​គ្នា​និយាយ​រិះគន់​ថា សំណង់​ដែល​កំពុង​តែ​សាងសង់​រំលោភ​យក​ដី​ចំណី​ស្ទឹង​តាំង​ក្រសាំង​បាន​សាងសង់​ទៅ​ដោយ​រលូន​ចាប់តាំងពី​បុក​គ្រឹះ​រហូត​សម្រេច​បាន​ពី​៧០%​ទៅ​៨០%​ហើយ ទើប​សមត្ថកិច្ច​ជំនាញ​ចុះ​ទៅ​បញ្ឈប់​ការ​សាងសង់ សង្ស័យ​តែ​មានការ​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​ឃុំ​-​ស្រុក រួម​ជាមួយ​និង​ការិយាល័យ​ជំនាញ​ភូមិបាល​ស្រុក និង​ខេត្ត​ផង​មើលទៅ ទើប​អាច​ប្រព្រឹត្ត​ទៅ​បាន​រហូត​ដល់​ជិត​រួច​ជា​ស្ថាពរ​បែប​នេះ ។ ហេតុការណ៍​ចុះ​ផ្អាក​ការ​សាងសង់​សំណង់​គ្មាន​ច្បាប់​អនុញ្ញាត​នេះ​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១១ វិច្ឆិកា ២០១៥ ស្ថិត​នៅ​ភូមិ​តាំងក្រសាំង ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

ជុំវិញ​បញ្ហា​ខាងលើ​នេះ លោក យិ​ន ផា​ន ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​ស្រុក​ស​ន្ទុ​ក បាន​ប្រាប់​«​កោះសន្តិភាព​»​នៅ​រសៀល​ថ្ងៃ​ទី​១១ វិច្ឆិកា ២០១៥​នេះ​ថា សំណង់​ខាងលើ​នេះ​គឺជា​របស់​ឈ្មោះ ហួត សុទ្ធា ភេទ​ប្រុស អាយុ​ប្រហែល​៥០​ឆ្នាំ ដែល​មាន​ទំហំ​១២​ម៉ែត្រ​គុណ​១៩​ម៉ែត្រ ដែល​ការ​សាងសង់​នេះ​ពុំ​មាន​លិខិតអនុញ្ញាត​នោះ​ទេ ហើយ​រូប​លោក​ក៏​បាន​ចុះ​ទៅ​ឃាត់​ឲ្យ​បញ្ឈប់​ម្តង​រួច​មក​ហើយ និង​បាន​ធ្វើ​របាយការណ៍​ជូន​ស្រុក និង​មន្ទីរ​ហើយ​ដែរ ប៉ុន្តែ​ម្ចាស់​សំណង់​នៅ​តែ​បន្ត​លួច​សាងសង់​ទៀត ។

លោក ពេជ្រ សុធា អភិបាលស្រុក​ស​ន្ទុ​ក បាន​ឲ្យ​ដឹង​ដែរ​ថា រឿង​សំណង់​គ្មាន​ច្បាប់​របស់​លោក ហួត សុទ្ធា នេះ គឺ​ស្រុក​បាន​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ហាមឃាត់ និង​ធ្វើ​កិច្ចសន្យា​ចំនួន​២​ដង​មក​ហើយ នៅ​តែ​មិន​រាងចាល ហើយ​ល្ងាច​នេះ​(​ល្ងាច​ថ្ងៃ​ទី​១១​វិច្ឆិកា​២០១៥)​មន្ទីរ​ជំនាញ​ដឹកនាំ​កម្លាំង​ចុះ​មក​ផ្ទាល់​សហការ​ជាមួយ​ស្រុក​ធ្វើ​កិច្ចសន្យា​ជា​ចុង​ក្រោយ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ លោក អ៊ឹម សុ​ឌី​ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរ​រូប​នី​យ​កម្ម និង​សំណង់​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១១ វិច្ឆិកា ថា ចំពោះ​សំណង់​រឹង​ដែល​កំពុង​តែ​សាងសង់​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​របស់​លោក ហួត សុទ្ធា ខាងលើ​នេះ លោក​បាន​រាយការណ៍​ជូន​ទៅ​​លោក​អភិ​បាលខេត្ត​រួច​ហើយ លោក​ក៏​បាន​បញ្ជា​ឲ្យ​ក្រុមការងារ​ចុះ​ទៅ​ណែនាំ​ដល់​ម្ចាស់​សំណង់​ឲ្យ​បញ្ឈប់​ការ​សាងសង់​ជា​បន្ទាន់ ពីព្រោះ​វា​ខុសច្បាប់ បើ​នៅ​តែ​មិន​ស្តា​ប់ទៀត​លោក​នឹង​ដាក់​ទៅ​តុលាការ អាច​ឈាន​ទៅ​ដល់​ការ​វ៉ៃ​កម្ទេច​ចោល​វិញ​ក៏​ថា​បាន​ដែរ ។ រឿង​នេះ​យើង​រ់ង់​ចាំ​ការ​ជួប​ចរចា​ជាមួយ​និង​លោក ហួត សុទ្ធា សិន បាន​លទ្ធផល​យ៉ាងណា​នឹង​ជំរាប​ជូន​តាម​ក្រោយ​ទៀត ។

រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​១១ វិច្ឆិកា ២០១៥​នេះ «​កោះសន្តិភាព​»​ព្យាយាម​ស្វែងរក​ទំនាក់ទំនង​ជាមួយ​លោក ហួត សុទ្ធា ដើម្បី​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​ដែរ ប៉ុន្តែ​មិន​អាច​ទំនាក់ទំនង​បាន ៕