ក្រសួង​រៀបចំ​ប្រគំ​តន្ត្រី​ដំបូង​ដើម្បី​រ៉ៃ​អង្គាសប្រាក់​ជួយ​គ្រួសារ​លោក ស៊ីន ស៊ីសាមុត

ក្រសួង​ពាណិជ្ជកម្ម សហការ​ជាមួយ​​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប រៀបចំ​ប្រគំតន្ត្រី​ដំបូង​របស់​ខ្លួន ដើម្បី​រ៉ៃ​អង្គាស​ប្រាក់​មួយ​ចំនួន ជួយ​ដល់​ក្រុម​គ្រួសារ​របស់​លោក ស៊ីន ស៊ីសាមុត អ្នកស្រី រស់ សេរីសុទ្ធា មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​អង្គដួង។

មន្ត្រី​ខុទ្ទកាល័យ​នៃ​ក្រសួង​ពាណិជ្ជកម្ម ទទួល​បន្ទុក​កិច្ចការ​សាធារណៈ លោក ហ៊ាង សុទ្ធាយុត្តិ ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា ថា មូលហេតុ​ចម្បង​ក្រៅ​ពី​ការ​រ៉ៃ​អង្គាស​ប្រាក់ គឺ​ជាការ​លើក​ស្ទួយ​កម្មសិទ្ធិបញ្ញា ដែល​ម្ចាស់​កម្មសិទ្ធិ ឬ​ក្រុម​គ្រួសារ​ត្រូវ​ទទួល​បាន​នូវ​ការ​តបស្នង​មក​វិញ៖ «ដើម្បី​ផ្សព្វផ្សាយ និង​ជំរុញ​ការ​អនុវត្ត​ច្បាប់​កម្មសិទ្ធិ​បញ្ញា និង​ការ​អភិរក្ស និង​អភិវឌ្ឍ​សិល្បៈ​ខ្មែរ​ឲ្យ​កាន់តែ​រីក​ចម្រើន និង​ជំរុញ​ដល់​សិល្បករ ក៏​ដូច​ជា​ក្រុមហ៊ុន​ផ្សេងៗ មាន​ទឹកចិត្ត​ខិតខំ​ប្រឹងប្រែង​បង្កើត​ស្នាដៃ​ខ្លួន​ឯង ដោយ​មិន​ចម្លង​ពី​បរទេស»។

លោក ហ៊ាង សុទ្ធាយុត្តិ បញ្ជាក់​ថា គម្រោង​រ៉ៃ​អង្គាស​ប្រាក់​​នេះ ធ្វើ​ឡើង​តាម​រយៈ​ការ​ទិញ​សំបុត្រ​ចូល​ទស្សនា​ប្រគំ​តន្ត្រី​ ចន្លោះ​ពី​២​ម៉ឺន​រៀល ដល់​៦​ម៉ឺន​រៀល ជាវ​ស៊ីឌី និង​អាវយឺត​ជាដើម។ មួយ​ផ្នែក​ទៀត​បាន​ពី​ក្រុមហ៊ុន​ចូលរួម​ឧបត្ថម្ភ​ផ្សព្វផ្សាយ និង​ការ​ឧបត្ថម្ភ​ពី​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន តាមរយៈ​ផ្ញើ​សារ​ទូរស័ព្ទ​ជាមួយ​ក្រុមហ៊ុន​ស្មាត (Smart) ចាប់​ពី​៥០​សេន រហូត​ដល់​២០​ដុល្លារ។

រហូត​មក​ពេល​នេះ​ចម្រៀង​ដែល​និពន្ធ និង​ច្រៀង​ដោយ​លោក ស៊ីន ស៊ីសាមុត ត្រូវ​ចុះ​ជា​កម្មសិទ្ធិ​បញ្ញា ក្នុង​ក្រសួង​ពាណិជ្ជកម្ម ចំនួន​៧៣​បទ​ហើយ ចំណែក​បទ​ចម្រៀង​របស់​អ្នកស្រី រស់ សេរីសុទ្ធា ក៏​បាន​ចុះ​ជា​កម្មសិទ្ធិ​បញ្ញា ចំនួន​១​បទ​ផង​ដែរ។

កម្មវិធី​ប្រគំ​តន្ត្រី​នេះ នឹង​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​១៤ វិច្ឆិកា នា​សាល​មហោស្រព​កោះពេជ្រ ដែល​មាន​ការ​ចូលរួម​សម្ដែង​ដោយ​ស្ម័គ្រចិត្ត ពី​សិល្បករ​ល្បីៗ​មួយ​ចំនួន ដូចជា​លោកតា គង់ ណៃ អ្នកស្រី ឌី សាវ៉េត អ្នកស្រី ហ៊ឹម ស៊ីវន លោក អៀង ស៊ីធុល ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។