ប្រជាពលរដ្ឋ​ឃុំ​ស្រែ​សង្គម​សំណូមពរ​៣​ចំណុច​ក្នុង​វេទិកាសាធារណៈ​ថ្នាក់​ជាតិ

ខេត្ត​មណ្ឌលគិរី ៖ បញ្ហា​សំខាន់​ចំនួន​៣​ត្រូវ​បាន​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ក្នុង​វេទិកាសាធារណៈ​ថ្នាក់​ជាតិ​មួយ​ដែល​បាន​ធ្វើ​ឡើង​នៅ​សាលាឃុំ​ស្រែ​សង្គម ក្នុងស្រុក​កោះ​ញែក ដោយ​បញ្ហា​ទាំង​អស់នោះ​រួម​មាន ១-​សំណូមពរ​ឲ្យ​អាជ្ញាធរ​ជួយ​ជួសជុល​អណ្តូងស្នប់​ដែល​ខូច​មួយ​ចំនួន​ក្នុង​ឃុំ​, ២-​សំណូមពរ​ឲ្យ​មន្ទីរ​កសិ​កម្ម​ធ្វើ​យុទ្ធនាការ​ចាក់​ថ្នាំ​ការពារ​ជំងឺ​សត្វ​គោ-ក្របី នៅ​ភូមិ​មួយ​ចំនួន​បន្ថែម​ទៀត​ក្នុង​ឃុំ និង​៣-​សំណូមពរ​សុំ​ឲ្យ​អ​ជ្ញា​ធរ​ស្រុក​ជីក​ប្រឡាយ​ទឹក​ថ្មី តាម​បណ្តោយ​ផ្លូវ​ទាំងអស់​ក្នុងភូមិ​ទាំង​៩ នៅ​ឃុំ​ស្រែ​សង្គម ។

វេទិកាសាធារណៈ​នេះ​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព​លោក កើត សា​រ៉េ​ត  អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​លោក ស្វាយ សំ​អ៊ា​ង អភិបាលរង​ខេត្តមណ្ឌលគិរី ។

ឆ្លើយ​តប​ទៅ​នឹង​សំណូមពរ​សុំ​ជួសជុល​អណ្ដូងទឹក លោក ស្វាយ សំ​អ៊ា​ង អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត បាន​អះអាង​ថា ចំពោះ​អណ្តូង​ដែល​ខូច​នោះ លោក​នឹង​ឲ្យ​ក្រុមការងារ​កាកបាទក្រហម​ខេត្ត​ចុះ​មក​ធ្វើការ​ជួសជុល​ទាំងអស់​ឡើង​វិញ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។ លោក​អភិបាលរង​ខេត្ត​បាន​បញ្ជាក់​ថា ចំពោះ​បញ្ហា​អណ្ដូងទឹក​នេះ​លោក​ទេស​រដ្ឋមន្ត្រី អ៊ឹម ឈុ​ន​លឹ​ម ក៏​បាន​សន្យា​នា​ពេល​កន្លង​មក​ថា លោក​នឹង​ផ្តល់​អណ្ដូង​ចំនួន​៦​អណ្ដូង​ក្នុង​១​ឃុំ​ជូន​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ឃុំ​-​សង្កាត់​ទាំងអស់​នៅ​ខេត្តមណ្ឌលគិរី ។

ចំណែកឯ​សំណូមពរ​សុំ​ឲ្យ​មន្ទីរ​កសិកម្ម​ធ្វើ​យុទ្ធនាការ​ចាក់​ថ្នាំ​ការពារ​ជំងឺ​សត្វ​គោ​-​ក្របី លោក សុង ខាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត បាន​ថ្លែង​ថា គម្រោង​របស់​មន្ទីរ​កសិកម្ម​ក្នុង​មួយ​ឆ្នាំ គឺ​ត្រូវ​ចុះ​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​សត្វពាហនៈ​២​ដង ដោយ​ការ​ចុះ​ចាក់​វ៉ាក់សាំង​នោះ​គឺ​ធ្វើ​ឡើង​នៅ​ដើមឆ្នាំ​ម្ដង និង​ចុងឆ្នាំ​ម្ដង ហើយ​នៅ​ក្នុង​ខែធ្នូ​ខាង​មុខ​នេះ មន្ទីរ​នឹង​រៀបចំ​ឲ្យ​ពេទ្យសត្វ​ចុះ​ចាក់​វ៉ាក់សាំង​គោ​-​ក្របី​ជូន​ដល់​ប្រជាពលរដ្ឋ ដូច្នេះ​សូម​ឲ្យ​មេ​ភូមិ មេឃុំ និង​ប្រជាពលរដ្ឋ​ជ្រើសរើស​ទីតាំង​ឲ្យ​ពិតប្រាកដ​ណាមួយ ប្រមូលផ្ដុំ​សត្វពាហនៈ​ទាំងអស់​ក្នុង​ឃុំ​ស្រែ​សង្គម​នេះ​នៅ​ទីតាំង​មួយ​កន្លែង ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ក្រុម​ការងារ​ពេទ្យសត្វ​មក​ចាក់​ថ្នាំ​ការពារ​ឲ្យ​គោ​-​ក្របី​របស់​ប្រជាពលរដ្ឋ ។

ចំពោះ​សំណូមពរ​មួយទៀត​ពាក់ព័ន្ធ​នឹង​ការ​ស្នើ​សុំ​អាជ្ញា​ធរ​ជីក​ប្រឡាយ​ក្នុង​ឃុំ លោក កើត សា​រ៉េ​ត បាន​បកស្រាយ​ថា លោក​នឹង​ចាត់​ឲ្យ​ក្រុមការងារ​របស់​មន្ទីរ​ធនធានទឹក​ចុះ​មក​សិក្សា​ឲ្យ​បាន​ច្បាស់លាស់​សិន ហើយនឹង​ជម្រាប​ជូន​ពី​លទ្ធផល​វិញ​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង​ក្នុង​វេទិកាសាធារណៈ​ពេល​ក្រោយ​ឆាប់​ៗ​នេះ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ លោក កែវ ទី​ណ​ង់ មេឃុំ​ស្រែ​សង្គម និង​លោក មើល សឿ​ន អភិបាលស្រុក​កោះ​ញែក ក៏​បាន​ជម្រាប​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បានដឹង​អំពី​លទ្ធផល​ការងារ​មួយ​ចំនួន ដែល​អាជ្ញាធរ​បាន​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​កន្លង​មក​តាម​រយៈ​សំណើ​ក្នុង​វេទិកាសាធារណៈ ដោយ​អាជ្ញាធរ​បាន​សាង​សង់​អណ្តូងស្នប់​ចំនួន​៧​អណ្តូង និង​បាន​ជួសជុល​ទំនប់​ទឹកអូ​យ៉េះ​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ ៕