សម្តេចតេ ជោ ហ៊ុន សែន វាយបកខ្លាំងៗថា៖ «ថ្ងៃនេះខ្ញុំហៅ ឯកឧត្តមថា កូនអាក្បត់ជាតិ, ព្រោះពូជខ្ញុំ អត់មានមនុស្ស ក្បត់ជាតិដូច ឯកឧត្តមទេ»

ភ្នំពេញ៖បន្ទាប់ពីលោក សម រង្ស៊ី ប្រធានគណបក្ស សង្រ្គោះជាតិ បានលើកឡើងថា កម្ពុជាជា ប្រទេសផ្តាច់ការ ដែលទាមទារឱ្យមានការផ្លាស់ប្តូរ ដូចប្រទេសភូមានោះ, នាយប់ជ្រៅចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្ញើសារវាយបកខ្លាំងៗ និងភ្លាមៗទៅលើ លោក សម រង្ស៊ី ដោយបាន ហៅលោក សម រង្ស៊ី ថា អាកូនក្បត់ជាតិ និងបានលើកឡើងថា «ពូជពង្សវង់ត្រកូលរបស់លោក សម រង្ស៊ី ប្រៀបធៀប ជាមួយ អ៊ុង សានសូជី មិនបានទេ ព្រោះមួយ ស្នេហាជាតិ មួយទៀត ក្បត់ជាតិ»។

ការវាយបកខ្លាំងៗ និងភ្លាមៗពីសំណាក់សម្តេចតេជោ ហ៊ុន សែន ទៅកាន់មេបក្សប្រឆាំងនៅកម្ពុជា ធ្វើឡើងក្រោយ ប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោក សម រង្ស៊ី បន្តរិះគន់មកលើកម្ពុជាថា ជាប្រទេសផ្តាច់ការ ទាមទារឲ្យមានការផ្លាស់ ប្តូរដូចភូមា។ ការលើកឡើងវាយប្រហារទៅលើ រដ្ឋាភិបាលបែបនេះ ធ្វើឡើងនៅពេលលោក សម រង្ស៊ី និងលោក កឹម សុខា ជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា វាយបកខ្លាំងៗ ទៅលើលោកមេបក្សប្រឆាំងនៅកម្ពុជា ដែលមានន័យទាំងស្រុងនៅលើ Facebook យ៉ាងដូច្នេះ និងដូចខាងក្រោម៖

«ថ្ងៃនេះក៏ដូចដូចជាប៉ុន្មានថ្ងៃរួចមកហើយ ខ្ញុំមិនចង់និយាយអ្វីដែលនាំដល់អរិយភាពជាមួយអ្នកណាទាំងអស់ ព្រោះជាថ្ងៃបុណ្យជាតិផង ជាថ្ងៃដែលខ្ញុំកាន់ទុក្ខកូនដ៏កំសត់របស់ខ្ញុំផង នឹងក៏ដើម្បីសម្រួលដល់ បរិយាកាសនយោបាយ នៅកម្ពុជាយើងផងដែរ។ ប៉ុន្តែជាអកុសល ខ្ញុំមិនអាចនៅស្ងៀមចំពោះការប្រមាថរបស់កូនជនក្បត់ជាតិបានទេ។

ជោគជ័យគួរឱយកោតសសើររបស់បក្សប្រឆាំងនៅមីយ៉ាន់ម៉ា ដែលខ្មែរយើងទម្លាប់ហៅថាភូមា បានទាញមេបក្ស ប្រឆាំងនៅកម្ពុជា ដែលទើបសុំទោសខ្ញុំកាលពីថ្ងៃ ២៩ តុលា ២០១៥ បើកការវាយប្រហារមកលើខ្ញុំសារ ជាថ្មីដែលបានបំផ្លាញសារជាថ្មីនូវវប្បធម៏សន្ទនា ដែលបាននឹងកំពុងជួសជុលបន្ទាប់ពីជំនួប ស ខេង សម រង្ស៊ី។

មុនៗឲ្យតែមានបដិវត្តន៍ពណ៏ផ្ដួលរំលំនៅប្រទេសណា មេបក្សប្រឆាំងរូបនេះតែងតែនិយាយថា ជិតកើតឡើងនៅកម្ពុជា ដែរហើយ។ តែនៅពេលឃើញប្រទេសដែលមានបដិវត្តន៍ពណ៌សុទ្ឋតែមានសង្គ្រាមបង្ហូរឈាម យើងមិនសូវឮមេបក្ស រូបនេះនិយាយ ពីបដិវត្តន៍ពណ៍តទៅទៀតទេ។

បក្សប្រឆាំងនៅភូមាឈ្នះឆ្នោត គេប្រើជាប្រយោជន៍ដើម្បីវាយប្រហារបក្សកាន់អំណាច វាយប្រហាររាជរដ្ឋាភិបាល និងខ្លួនខ្ញុំ។ ស្អីនឹងគេដែរ ឯកឧត្តម បើមួយជាភូមា មួយទៀតជាកម្ពុជា និងមួយទៀតឆ្នាំ២០១៥ហើយ មួយទៀត ឆ្នាំ២០១៨។ រឿងរ៉ាវខុសគ្នា របបនយោបាយសេដ្ឋកិច្ចសង្គមខុសគ្នា ភាពលំបាកនិងងាយស្រួលខុសគ្នា សូម្បីតែការបោះឆ្នោតក៏ខុសគ្នា ដែលភូមាមិនដែលបោះឆ្នោត ឯកម្ពុជាបោះឆ្នោត៥ដងរួចមកហើយ។

ឯពូជពង្សវង់ត្រកូលឯកឧត្តមប្រៀបធៀបជាមួយ អ៊ុង សានសូជី មិនបានទេ ព្រោះមួយស្នេហាជាតិ មួយទៀតក្បត់ជាតិ បើពុំមានការធ្វើនិតិសម្បទាណាមួយទេ ឯកឧត្តមនៅតែមានឈ្មោះថា ជាកូនអាក្បត់ជាតិ។

ពាក្យអាក្បត់ជាតិមិនមែនជាពាក្យខ្ញុំដាក់ទេ តែរាជរដ្ឋាភិបាលសង្គមរាស្ត្រនិយមរបស់ សម្តេចព្រះ នរោត្តម សីហនុ ជាអ្នកប្រសិទ្ឋិនាមឲ្យ។  ឯកឧត្តមហៅខ្ញុំជាមនុស្សផ្តាច់ការកប់ៗមាត់ ថ្ងៃនេះខ្ញុំហៅឯកឧត្តមថា កូនអាក្បត់ជាតិ។ ខ្ញុំមិនដៀលពូជឯកឧត្តមទេ តែខ្ញុំហៅតាមអ្នកជំនាន់មុនដែលធ្លាប់ហៅឪពុកឯកឧត្តមថា អាក្បត់ជាតិ។

ពាក្យនេះសំរាប់ខ្ញុំពិបាកស្តាប់ណាស់ក្នុងសម័យថ្មីរបស់យើង តែខ្ញុំមិនហ៊ានកែប្រវត្តិសាស្ត្រ ពីក្បត់ជាតិទៅស្នេហាជាតិ ពីអាក្បត់ជាតិទៅជាឯកឧត្តមក្បត់ជាតិបានទេ បើមិនទាន់ធ្វើនីតិសម្បទារសំរាប់ជូនខ្មោចឳពុកឯកឧត្តមទេនោះ។

ខ្ញុំសុំប្រាប់ទៅឯកឧត្តមថា ពូជខ្ញុំអត់មានមនុស្សក្បត់ជាតិដូចឯកឧត្តមទេ។ ស្លឹកឈើជ្រុៈមិនឆ្ងាយពីគល់។

សុំទោសបងប្អូនជនរួមជាតិ សុំវិនិឆ្ឆ័យចុះ តើអ្នកណាបង្កហេតុនឹង បើមានអ្វីកើតឡើងសុំកុំបន្ទោសខ្ញុំ។
ថ្ងៃនេះខ្ញុំបង្ហោះទៅជាមួយនៅអត្ថបទប្រៀបធៀបមួយ មិនដឹងចេញពីប្រភពណាតែឃើញក្នុង Facebook មួយ ទោះវាមិនទាន់ពេញលេញ តែវាជាមូលដ្ឋានឲ្យយើងយល់ពី អ៊ុង សានសូជី និង សម រង្ស៊ី។ ម្យ៉ាងទៀតសុំទោសផងយប់ស្ងាត់វាយម្នាក់ឯងអាចខុស្សពាក្យពេចន៍ និងអក្ខរាវិរុទ្ឋខ្លះ»៕

សម្តេចតេ ជោ ហ៊ុន សែន វាយបកខ្លាំងៗថា៖ «ថ្ងៃនេះខ្ញុំហៅ ឯកឧត្តមថា កូនអាក្បត់ជាតិ, ព្រោះពូជខ្ញុំ អត់មានមនុស្ស ក្បត់ជាតិដូច ឯកឧត្តមទេ»