កំពូល​អាហារ ៨ ប្រភេទ​ប្រឆាំង​ផ្តាសាយ​

Sanofi

ការ​តម​អាហារ​ជា​ផ្នែក​សំខាន់​មួយ​សម្រាប់​ដោះស្រាយ​បញ្ហា​ភាពស៊ាំ​របស់​ប្រព័ន្ធ​ការពារ​រាងកាយ ។ «​បរិភោគ​អាហារ​ល្អ​នឹង​ជួយ​ឲ្យ​មុខងារ​នៃ​ប្រព័ន្ធ​ការពារ​រាងកាយ​ដំណើរ​ការល្អ និង ធ្វើ​ឲ្យ​អ្នក​អាច​ទប់ស្កាត់​រោគ ឆ្លង​នានា​»​នេះ​បើតាម​សម្តី ជេ​ន្នី​ហ្វឺ​រ ច​ន​សុន (Jennifer Johnson) សាស្ត្រាចារ្យ​ផ្នែក​វេជ្ជសាស្ត្រ​នៅ​សាកលវិទ្យាល័យ Bridgeport in Connecticut ។​ ខាងក្រោម​នេះ​ជា​កំពូល​អាហារ​ទាំង ១០ ដែល​នឹង​ជួយ​ឲ្យ​អ្នកមាន​ថាមពល​ខ្លាំង និង គេច​ផុតពី​ជំងឺ​ផ្លូវដង្ហើម​ពេញ​មួយ​រដូវរងារ ។​

១-​ការ៉ុត
​នៅក្នុង​មើម​ការ៉ុត​មាន​ផ្ទុក​បេ​តា​ឃែ​រ៉ូ​ទីន ដែល​រាងកាយ​នឹង​បំប្លែង​ទៅជា​វីតាមីន A ជួយ​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ ហើយ​គ្រាន់តែ​បរិភោគ​ការ៉ុត​មួយ​មើម​អ្នកនឹង​បានទទួល​វីតាមីន A ១៧៥ ភាគរយ បើ​ធៀប​នឹង​ស្តង់ដារ​សុខ​-​ភាព​សម្រាប់​មួយថ្ងៃ ។ ចូរ​ហាន់​ការ៉ុត​ជា​ចំណិត​តូចៗ​សម្រាប់​បរិភោគ​ឆៅ​ជាមួយ​បន្លែ​ផ្សេងៗ ឬ​ហាន់​ជា​ដុំ​ល្មម​សម្រាប់ធ្វើ​ស៊ុប ។​ល​។ ប្រសិន​មិន​ចូលចិត្ត​ហូប​ការ៉ុត​អ្នក​ក៏​អាច​ជំនួស​ដោយ​ម្ទេស​ប្លោក​ក្រហម បន្លែ​បៃតង ដំឡូងជ្វា ល្ពៅ ត្រសក់ស្រូវដោយសារ​ទាំងនេះ​សុទ្ធតែ​សម្បូរ​សារជាតិ​បេ​តា​ឃែ​រ៉ូ​ទីន ។​

២-«​តែ​« បៃតង
«​តែ​» បៃតង​មាន​ផ្ទុក​សារជាតិ​ប្រឆាំង​អុកស៊ីដកម្ម​ខ្ពស់ និង ប្រឆាំង​មេរោគ​នេះ​បើតាម​សម្តី​របស់​វេជ្ជបណ្ឌិត បេ​ត រៀ​ដុន (Beth Reardon) មកពី​មន្ទីរ Duke Integrative Medicine ។ លោកស្រី​បាន​ផ្តល់យោបល់​ថា​គួរតែ​ផឹក «​តែ​» បៃតង​ឲ្យ​បាន​ពី ៣ ទៅ ៥ ពែង ក្នុង​មួយថ្ងៃ​ដើម្បី​ជួយ​ដល់​ប្រព័ន្ធ ការពារ​រាងកាយ ។​ ​រាងកាយ​របស់​មនុស្ស​ត្រូវការ​សារជាតិ​ប្រឆាំង​អុកស៊ីដកម្ម​ជា​បន្តបន្ទាប់​ក្នុង​មួយថ្ងៃ ហើយ​ការផឹក «​តែ​» បៃតង​ជាការ​ល្អ​សម្រាប់​ប្រការនេះ ។​

៣-​ទឹកដោះគោ​ជូរ​
​ទឹកដោះគោ​ជូរ​ជា​ប្រភព​អាហារ​សំខាន់​សម្រាប់​បាក់តេរី​ល្អ​របស់​រាងកាយ​ដែល​ត្រូវគេ​ស្គាល់​ថា​ប្រូ​បៃ​អូ​ទិ​ក (Probiotics)​។ លោកស្រី បេ​ត រៀ​ដុន និយាយថា ទឹកដោះគោ​ជូរ​ជួយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​មានដំណើរ​ការល្អ ដូច្នេះ​ក្រពះ ពោះ​រៀន ក៏​អាច​ស្រូបយក​ជីវជាតិ​ចាំបាច់​ទាំងឡាយ​ពី​អាហារ​ដើម្បី​ផ្គត់ផ្គង់​ដល់​រាងកាយ​ទាំងមូល ។

សមាគម​អ្នក​ផលិត​ទឹកដោះគោ​ជូរ​ឲ្យ​ដឹងថា ទឹកដោះគោ​ជូរ​មាន​ផ្ទុក​យ៉ាងតិច ១០០ លាន​បាក់តេរី​ល្អ ក្នុង​មួយ​ក្រាម ។ ទឹកដោះគោ​ជូរ​សម្រាប់​ផឹក​មាន​ផ្ទុក​បាក់តេរី​ប្រូ​បៃ​អូ​ទិ​ក​ច្រើន​ទឹកដោះគោ​ជូរ​ធម្មតា ប៉ុន្តែ​បើ​ទោះ អ្នក​ជ្រើស​យក​ទឹកដោះគោ​ជូរ​ប្រភេទ​ណាក៏ដោយ លោកស្រី បេ​តរៀ​ដុន ផ្តល់យោបល់​ថា គួរតែ​បរិភោគ​អាហារ​ដែលមាន​ផ្ទុក​ប្រូ​បៃ​អូ​ទិ​ក​ខ្ពស់​ឲ្យ​បាន​រាល់ថ្ងៃ ។​

៤-​ទឹកដោះពពែ
​អ្នក​ប្រហែលជា​ធ្លាប់ប្រើ​ឈី​សព​ពែ ប៉ុន្តែ​តើ​អ្នក​ធ្លាប់​សាកល្បង​ទឹកដោះពពែ​ឬ ទេ ? រដូវ​ដែលមាន​អាកាសធាតុ​ត្រជាក់​ជា​ពេល​ល្អ​សម្រាប់​អ្នក​សាកល្បង​ភេសជ្ជៈ​នេះ ។ ការសិក្សា​ស្រាវជ្រាវ​ចំនួន​ពីរ​កាលពី​ឆ្នាំ ២០១០ របស់​ក្រុម​អ្នកស្រាវជ្រាវ​អ៊ីតាលី​បាន​រកឃើញថា ទឹកដោះពពែ​ជួយ​ដល់​ការប្រយុទ្ធ​ប្រឆាំងនឹង​បញ្ហា​រលាក​កោសិកា​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​មនុស្ស និង ជំរុញ​ឲ្យ​ការផលិត​កោសិកា​ដែល​ទទួលខុសត្រូវ​ក្នុងការ​ទប់ស្កាត់​មេរោគ​ពី​ខាងក្រៅ ។​ ​ប្រសិន​មិន​ចូលចិត្ត​ទឹកដោះពពែ អ្នក​ក៏​អាច​សាកល្បង​ផលិតផល​ដែល​ធ្វើ​អំពី​ទឹកដោះពពែ ដូចជា ឈី​សព​ពែ​ឬ​ប៊័រ​ទឹកដោះពពែ ។​

៥-​ផ្សិត​
​ផ្សិត​ជា​អាហារ​ដែល​ជួយ​បង្កើន​ថាមពល​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ ។ ការបរិភោគ​ផ្សិត​ប្រៀបដូចជា​ការធ្វើ​សមយុទ្ធ​ធំ​មួយ​សម្រាប់​ប្រព័ន្ធ​ការពារ​រាងកាយ​មុនពេល​មានការ​បង្ហាញខ្លួន​រប​ស់មេ​រោគ​ជាស​ត្រូវ ។​ ​ការសិក្សា​ស្រាវជ្រាវ​មួយ​របស់​សាកលវិទ្យាល័យ​ធូប (Tufts) បាន​បង្ហាញថា បណ្តា​កណ្តុរ​ដែល​ត្រូវបាន​គេ​ឲ្យ​ស៊ី​ផ្សិត​មូល​ពណ៌​ស សុទ្ធតែ​មានការ​កើនឡើង​នៃ​បរិមាណ​កោសិកា​ការពារ​រាងកាយ ។

លោកស្រី បេ​ត រៀ​ដុន ពន្យល់ថា ប្រការ​សំខាន់​គឺ​មិនត្រូវ​បរិភោគ​ផ្សិត​មូល​ពណ៌​ស​នៅ​ស្រស់ ព្រោះ​ផ្សិត​ស្រស់​មួយចំនួន​អាច​នឹងមាន​សារជាតិ​ដែលមាន​ផល​មិនល្អ​ដល់​សុខភាព​ពិសេស​វា​អាច​បណ្តាល​ឲ្យ​កើត​មហារីក ។ ប្រសិនបើ​មិន​ចូលចិត្ត​បរិភោគ​ផ្សិត​អ្នក​គួរតែ​ប្រើ​គ្រាប់​ថ្នាំ​ដែល​ធ្វើ​អំពី​ផ្សិត ។​

៦-​អយ​សឺ្ទ​រ​
​អយ​សឺ្ទ​រ​ជា​អាហារ​ដ៏​ល្អ​ដើម្បី​ជួយ​ផ្គត់ផ្គង់​ជាតិ​ស័ង្កសី​ដល់​រាងកាយ​របស់​អ្នក ។ ស័ង្កសី​ជា​ចំណី​សំខាន់​សម្រាប់​ប្រព័ន្ធ​ការពារ​រាងកាយ​ដែល​ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​បាន​រកឃើញថា វា​មាន​ប្រយោជន៍​ក្នុងការ​ព្យាបាល​ជំងឺរាក​របស់​កុមារ រលាក​ថ្លើម​ប្រភេទ C និង រលាក​សួត រួម​នឹង​បញ្ហា​រលាក​ផ្លូវដង្ហើម​ផ្សេងៗ ។

លោកស្រី បេ​ត រៀ​ដុន និយាយថា អ្នក​គួរតែ​ធានាថា​រាងកាយ​របស់ខ្លួន​មាន​ជាតិ​ស័ង្កសី​គ្រប់គ្រាន់ ហើយ​ការបរិភោគ​សត្វ​ដែលមាន​សម្បក​ម្តង ឬ ពីរដង​ក្នុង​មួយ​សប្តាហ៍​គឺជា​រឿង​សំខាន់ ។ បើ​មិន​ចូលចិត្ត​គ្រំ ងាវ អ្នក​គួរ​បរិភោគ​បង្កង​ប៉ាក ឬ ក្តាម​សមុទ្រ ដែលមាន​ផ្ទុក​ស័ង្កសី​ច្រើន ។​

៧-​សណ្តែក​លី​ម៉ា (Lima Bean)
​សារជាតិ​ដែល​សំខាន់បំផុត​នៅក្នុង​សណ្តែក​នេះ​ដែល​ប្រៀបដូចជា​អ្នកផ្តល់​ថាមពល​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ​មនុស្ស​នោះ​គឺ​ជាតិ​សរសៃ​រលាយ ។ បើទោះជា​ប្រភេទ​សណ្តែក​ផ្សេងៗ​សុទ្ធ​តែមាន​ផ្ទុក​ជាតិ​សរសៃ បែបនេះ​សណ្តែក​លី​ម៉ា​មាន​ជាតិ​សរសៃ​រលាយ​ច្រើនជាង ។ ជាតិ​សរសៃ​រលាយ​នេះ​នឹង​ក្លាយទៅជា ស្អិត​ដែល​អាច​ទាញយក​សារជាតិ​អាក្រក់​នានា​ចេញពី​ប្រព័ន្ធ​រំលាយ​អាហារ​ក្នុងនោះ​មានដូចជា​បាក់តេរី អាក្រក់​ហើយ​អូស​វា​ចេញមក​តាម​លាមក ។

​ការសិក្សា​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​អ៊ី​ល​លីណ​យ​(lllinois)​កាលពីពេល​ថ្មីៗ​នេះ​រកឃើញថា កណ្តុរ​ដែល​បាន​ស៊ី​អាហារ​សម្បូរ​ជាតិ​សរសៃ​រលាយ​ច្រើន មិន​ប្រឈម​នឹង​ការកើត​ជំងឺ​ច្រើន​បើ​ធៀប​នឹង កណ្តុរ​ផ្សេងៗ ។ ជាតិ​សរសៃ​រលាយ​នេះ​ក៏​ជា​អាហារ​ឆ្ងាញ់​របស់​បាក់តេរី​ល្អ ដែល​វា​ក៏​ជួយ​គ្រប់គ្រង​បណ្តា​បាក់តេរី​អាក្រក់​ផងដែរ ។​ ប្រសិនបើ​មិន​ចូលចិត្ត​សណ្តែក​នេះ ចូរ​សាកល្បង​បណ្តា​អាហារ​ដែលមាន​ផ្ទុក​ជាតិ​សរសៃ​ប្រភេទ​នេះ​ដូចជា​បន្លែ Brussels sprouts ក្រូចពោធិ៍សាត់ ឬ ក្រលៀន​សត្វ ។​

៨-​ខ្ទឹមស​
​ខ្ទឹមស​ជា​អាហារ​ដែល​មិនអាច​ខ្វះ​បាន​នៅក្នុង​ផ្ទះបាយ​របស់​អ្នក ។ ខ្ទឹមស​ត្រូវបាន​ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​លោកខាងលិច​រកឃើញថា ជា​អាហារ​ជួយ​បង្កើន​កម្រិត​អង់​ហ្ស៊ី​ម​ដែល​ជួយ​ឱ្យ​ថ្លើម​លាង​ឈាម​បានល្អ និង ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​បាន​ប្រសើរ ។ ការបរិភោគ​ខ្ទឹមស​ឆៅ​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​សុខភាព ។ ប៉ុន្តែ​ប្រសិន​មិនអាច​ទ្រាំ​បាន​នឹង​ក្លិន​របស់​វា​ចូរ​បន្ថែម វា​ទៅក្នុង​ម្ហូប​ដែល​អ្នក​ទើបតែ​ចម្អិន​រួច ។

ជាង​នេះ​បើ​អ្នក​មិន​ចូលចិត្ត​បរិភោគ​ខ្ទឹមស​ចូរ​ប្រើ​គ្រាប់​ថ្នាំ​ធ្វើ​អំពី​ខ្ទឹមស ។​​របប​អាហារ​ត្រឹម​ត្រូវជា​វិធី​ល្អ​បំផុត និង ប្រសិទ្ធភាព​បំផុត​ក្នុងការ​ជំរុញ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​មាន​កម្លាំង​រឹងមាំ ។ ទន្ទឹមនឹងនេះ​ក៏មាន​ថ្នាំ​មួយចំនួន​ដែលមាន​ប្រយោជន៍​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ ប៉ុន្តែ​ចូរ​សុំ​យោបល់​ពី​វេជ្ជបណ្ឌិត​មុននឹង​ប្រើ​ថ្នាំ ៕​បុត្រ​ ​

Related