ជម្រុះ World Cup៖ កម្ពុជា ប៉ះអាហ្វហ្គា នីស្ថាន ម៉ោង ៦៖៣០នាទីល្ងាចនេះ នៅអ៊ីរ៉ង់

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងធ្វើការ ប្រកួតជាមួយក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន នាវេលាម៉ោង ៣រសៀលនេះ (ម៉ោង ៦៖៣០ នាទីនៅកម្ពុជា) នៅកីឡដ្ឋាន Takhti Stadium នៃប្រទេសអ៊ីរ៉ង់ ដែលជាទឹកដីកណ្ដាល សម្រាប់រៀបចំការប្រកួតជើងទី២ រវាងក្រុមជើងជាតិទាំងពីរខាងលើ ក្នុងវគ្គជម្រុះពានរង្វាន់ FIFA World Cup Russia 2018 ប្រចាំពូល E ។

គួរបញ្ជាក់ថា កាលពីជើងទី១ ក្រុមជម្រើសជាតិកម្ពុជា បានបរាជ័យក្រោមថ្វីជើងក្រុមអាហ្វហ្គានីស្ថាន ក្នុងទឹកដីខ្លួន ដោយលទ្ធផល ១-០ ទាំងមិនអស់ចិត្តឡើយ ព្រោះពេលនោះឱកាសគ្រប់គ្រងបាល់របស់កម្ពុជា គឺមានច្រើនជាងក្រុមភ្ញៀវអាហ្វហ្គានីស្ថាន ។

សម្រាប់ជំនួបជើងទី២ លោក Lee Tae Hoon គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានដឹកនាំកូនក្រុមខ្លួនចេញទៅអ៊ីរ៉ង់ តាំងពីថ្ងៃទី០៨ ខែវិច្ឆិកា ចុងសប្ដាហ៍មុនម្ល៉េះ ដើម្បីហាត់សមនឹងអាកាសធាតុដល់ត្រជាក់នៅទីនោះ ។ លោក Lee បានបញ្ជាក់ថា ការប្រកួតនេះ គឺជាឱកាសដ៏សំខាន់ ដែលក្រុមជម្រើសជាតិកម្ពុជា ត្រូវការឈ្នះ ព្រោះបើប្រៀបធៀបសមត្ថភាព និងបច្ចេកទេស ទោះបីកីឡាករ អាហ្វហ្គានីស្ថាន មានមាឌធំបន្ដិច ក៏មិនលើសខ្វះជាមួយកីឡាករកម្ពុជាដែរ ។ លោក Lee បញ្ជាក់មុនចេញដំណើរ ។

សូមបញ្ជាក់ដែរថា នេះគឺជាការប្រកួតទី៦ របស់ក្រុមជម្រើសជាតិកម្ពុជា ខណៈ ៥ប្រកួតកន្លងទៅ កម្ពុជា នៅមិនទាន់រកបានពិន្ទុក្នុងដៃឡើយ ដោយស្គាល់តែពាក្យថាចាញ់ និងរកគ្រាប់បាល់ទម្លុះសំណាញ់គូប្រកួតបានតែ១គ្រាប់ប៉ុណ្ណោះ ដែលធ្វើបានសម្រេចដោយកីឡាករ សុះ សូហាណា នៅពេលកម្ពុជា ចាញ់ម្ចាស់ផ្ទះសិង្ហបុរី ២-១ កាលពីខែមុន ៕

ជម្រុះ World Cup៖ កម្ពុជា ប៉ះអាហ្វហ្គា នីស្ថាន ម៉ោង ៦៖៣០នាទីល្ងាចនេះ នៅអ៊ីរ៉ង់

ក្រុមជម្រើសជាតិកម្ពុជា

ជម្រុះ World Cup៖ កម្ពុជា ប៉ះអាហ្វហ្គា នីស្ថាន ម៉ោង ៦៖៣០នាទីល្ងាចនេះ នៅអ៊ីរ៉ង់

ក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន