លោកកឹម សុខា៖ អនុរដ្ឋមន្រ្តីការបរទេសជប៉ុនព្រួយបារម្ភអំពីសុវត្ថិភាពតំណាងរាស្រ្តនៅកម្ពុជា – សេង សិលា

រាជធានីភ្នំពេញ៖ ​បន្ចាប់ពីមានហេតុការណ៍វាយតំណាងរាស្រ្ត ២រូប របស់គណបក្សប្រឆាំងឲ្យ​រងរបួសធ្ងន់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥  កន្លងមកនោះ លោក កឺម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បានលើកឡើងថា លោកអនុរដ្ឋមន្រ្តីការបរទេសជប៉ុន Seiji KIHARA បានសម្តែងការព្រួយបារម្ភ ចំពោះសុវ​ត្ថិភាពតំណាងរាស្រ្តនៅកម្ពុជា។

​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករបស់ លោក កឺម សុខា នៅ​ថ្ងៃទី​១១​វិច្ឆិកា​នេះ បានលើកឡើងថា “យើងលើកឡើងនូវបញ្ហាសំខាន់ៗ “ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ហិង្សា ថ្ងៃទី២៦ ខែតុលា” និង “ដំណើរការបោះឆ្នោត ឆ្នាំ២០១៧ និងឆ្នាំ២០១៨”​”។

លោក កឹម សុខា បន្តថា “​ជាការឆ្លើយតបរបស់អនុរដ្ឋមន្ដ្រីក្រសួងការបរទេស លោកបានបញ្ជាក់ថា “លោកបានតាមដានព្រឹត្តិការណ៍ ថ្ងៃទី២៦ ខែតុលា ដោយយកចិត្តទុកដាក់ខ្ពស់ ហើយលោកមានការព្រួយបារម្ភយ៉ាងខ្លាំង” ។ លោកបន្តសង្កត់ធ្ងន់ថា “បញ្ហាបែបនេះ អាចនឹងកើតឡើងទៀត ជាពិសេសលោកព្រួយបារម្ភចំពោះការប៉ះពាល់ដល់សុវត្ថិភាពតំណាងរាស្រ្ត” ហើយ លោកបានស្នើឲ្យយើង ផ្តល់ព័ត៌មានបន្ទាន់ក្នុងករណីនេះទៅគាត់”​”។

លោក សម រង្ស៊ី និងលោក កឹម សុខា មេដឺកនាំគណបក្សប្រឆាំង បានចាកចេញពីប្រទេសកម្ពុជា កាលពីសប្តាហ៍ទី១ ខែវិច្ឆិកា ទៅបំពេញទស្សនកិច្ច នៅប្រទេសអាស៊ី មួយចំនួនដូចជា ម៉ុងហ្គោលី ជប៉ុន និងកូរ៉េខាងត្បូងជាដើម។ តាមគម្រោងអ្នកទាំងពីរនឹងត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នៅសប្តាហ៍ក្រោយនេះ៕1216981_n