លោកហ៊ុន សែន ទម្លាយសារសុំទោសរបស់លោកសម រង្ស៊ី តាមហ្វេ​ស​ប៊ុ​ក – វាសនា

រាជធានីភ្នំពេញ៖ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចទម្លាយសាររបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលបានផ្ញើសុំទោសលោកនាពេលកន្លង នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេ​ស​ប៊ុ​ក នៅម៉ោងជិត១២៖០០យប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

ការទម្លាយសារនេះបានធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន ធ្លាប់បានព្រមានម្តងរួចទៅហើយថា បើសិនជាលោកសម រង្ស៊ី មិនគោរពនូវអ្វីដែលបានសុំទោសលោក។

ហ្វេ​ស​ប៊ុ​ករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា ការទម្លាយសារសុំទោសរបស់លោក សម រង្ស៊ី ដែលបានផ្ញើជូនសម្តេចនេះ ដោយសារតែលោក សម រង្សី មិនបានគោរពសម្តី ដែលបានសរសេរសូមទោស សម្តេចកាលពីម៉ោង៦៖១៣ នាទីល្ងាច ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥កន្លងទៅនេះ។

ខាងក្រោមនេះជាសារសុំទោសរបស់លោក សម រង្ស៊ី ផ្ញើជូនលោក ហ៊ុន សែន ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

«ជំរាបសួរ សម្តេចខ្ញុំ សូមថ្លែងអំណរគុណចំពោះសម្តេច ដែលមានទឹកចិត្ត គោរព ស្រឡាញ់ និងឲ្យតម្លៃដល់កូនខ្ញុំ ដូចសម្តេចបានមានប្រសាសន៍នៅទីក្រុងប៉ារីស ថ្មីៗនេះ។ ខ្ញុំសូមជំរាបសម្តេចវិញថា ភរិយាខ្ញុំ និងរូបខ្ញុំ ក៏គោរពស្រឡាញ់ និងឲ្យតម្លៃដល់បុត្រាបុត្រីសម្តេច ដូចគ្នាអញ្ចឹងដែរ។ លើសពីនេះទៅទៀត តាំងពីក្រុមគ្រួសារយើងទាំងពីរបានស្គាល់គ្នាមក ហើយបានចាប់ផ្តើមរាប់អានគ្នាមក ព្រមទាំងតាមអ្វីដែលសម្តេចនិងរូបខ្ញុំ បានផ្តាំផ្ញើកូនយើងទាំងសងខាងមក ភរិយាខ្ញុំនិងរូបខ្ញំផ្ទាល់បានចាប់ផ្តើមស្រឡាញ់បុត្រាបុត្រីសម្តេច ដូចកូនបង្កើតរបស់យើងខ្ញុំអញ្ចឹង។ ដូច្នេះខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីមានការលើកឡើងនិងការបកស្រាយខ្លះ បណ្តាលមកពីបញ្ហាបកប្រែក៏មិនដឹង ដែលខុសស្រឡះ ពីទឹកចិត្តពិតប្រាកដរបស់ខ្ញំចំពោះក្រុមគ្រូសារសម្តេច ដូចបានបញ្ជាក់ខាងលើ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំសូមអភ័យទោស ចំពោះសម្តេច បើខ្ញុំបានធ្វើឲ្យសម្តេចអន់ចិត្តឬខកចិត្ត កន្លែងណាមួយដោយអចេតនា។ សូមសម្តេចទទួលនូវសេចក្តីគោរពរាប់អានពីខ្ញុំ សម រង្ស៊ី» ៕images122