គេ​អញ្ជើញ​ការ​ទៅ​តាម​ខេត្ត គួរ​ទៅ​ឬ​មិន​ទៅ?


គេ​អញ្ជើញ​ការ​ទៅ​តាម​ខេត្ត គួរ​ទៅ​ឬ​មិន​ទៅ?

​មិត្តភ័ក្ដិ​ឲ្យ​ធៀប​ការ តែ​គ្រាន់​​ដឹង​ថា​រៀប​ការ​នៅ​តាម​ខេត្ត ម្នាក់​ៗ​ហាក់​ស្ទាក់​ស្ទើរ​មិន​ចង់​ទៅ ដោយ​សារ​គិត​ថា​អស់​លុយ​ច្រើន ហើយ​ខ្លះ​ទៀត​បាន​លើក​ហេតុ​ផល​ខុស​ៗ​គ្នា​ពី​បញ្ហា​កន្លែង​ស្នាក់​នៅ បូក​រួម​ទាំង​សុខភាព​ព្រោះ​គិត​ថា​ទៅ​ចូល​រួម​អាពាហ៍ពិពាហ៍​តាម​ខេត្ត​ពិបាក​ពេក។

 

 

ទាក់​ទិន​នឹង​រឿង​នេះ កញ្ញា ឡុង ចាន់​កណ្ណិការ និស្សិត​ជំនាញ​អក្សរសាស្ត្រ​អង់គ្លេស នៅ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ ប្រាប់​ថា បើ​និយាយ​ពី​ចិត្ត​​ពិត​របស់​កញ្ញា​ផ្ទាល់ គឺ​មិន​ចង់​ទៅ​នោះ​ទេ​បើ​មាន​គេ​ហៅ​ទៅ​ការ​នៅ​តាម​ខេត្ត​នោះ ព្រោះ​សោ​ហ៊ុយ​ត្រូវ​ចំណាយ​ទ្វេ​ដង ទាំង​ចំណង​ដៃ​ផង លុយ​ថ្លៃ​ឡាន​ផង គិត​ទៅ​អស់​ច្រើន​ពេក។

 

 

គេ​អញ្ជើញ​ការ​ទៅ​តាម​ខេត្ត គួរ​ទៅ​ឬ​មិន​ទៅ?

 

 

តែ​កញ្ញា​ថា​មិន​មែន​ឲ្យ​តែ​ហៅ​ទៅ​ខេត្ត​សុទ្ធ​តែ​បដិសេធ​ទាំង​អស់​ឡើយ គឺ​មើល​ដែរ បើ​ជា​មនុស្ស​ជិតស្និទ្ធ​គ្នា​រាប់​ឆ្នាំ​ទោះ​ទៅ​ដល់​ណា​ក៏​ត្រូវ​ទៅ​ដែរ តែ​បើ​ត្រឹម​អ្នក​ស្គាល់​គ្នា​ប្រហែល​ជា​គ្រាន់​ផ្ញើ​ចំណង​ដៃ​នោះ​ទេ។

 

 

ស្រដៀង​គ្នា​នេះ​ដែរ លោក វុទ្ធី បុគ្គលិក​នៅ​ក្រុម​ហ៊ុន វីង ប្រាប់​ថា​ សម្រាប់​លោក​ផ្ទាល់​គឺ​ស្ទាក់​ស្ទើរ​។ “បើ​ខេត្ត​ជិត​មិន​អី​ទេ ព្រោះ​អាច​វិល​ពេល​យប់​បាន។ តែ​បើ​ខេត្ត​ឆ្ងាយ​អី​ ដឹង​តែ​ត្រូវ​គេង​ទី​នោះ​ហើយ គិត​ទៅ​មួយ​រោង​​ចំណាយ​ច្រើន​គួរ​សម​ដែរ ។ មាន​ពេល​ខ្លះ​មិន​មែន​ល្អិត​ល្អន់​រឿង​អី​ចឹង​ៗ​ពេក​ទេ តែ​វា​ជា​រឿង​ពិត​ដែល​មិន​អាចគិត​គូ​រ​មិនបាន។ ដូច​ដឹង​ស្រាប់​ហើយ អំឡុង​ខែ​នេះ​គេ​ការ​ច្រើន​ណាស់ ធៀប​មក​បន្ត លុយ​ក៏​ត្រូវ​ចេញ​ច្រើន​ដែរ”។ ​

 
លោក បន្ត​ថា បើ​ប្រាក់​ខែ​តិច​តួច ពេល​ខ្លះ​អាច​ចោល​បាន ក៏​ចោល​ខ្លះ​ទៅ​ព្រោះ​រៀប​ការ​នៅ​ខេត្ត ទោះ​មិន​ទៅ​ក៏​ផ្ញើ​ចំណង​ដៃ​តាម​ទៅ​ដែរ គ្រាន់​តែ​វា​ធូរ​លុយ មិន​ចំណាយ​ច្រើន​ដូច​ទៅ​ផ្ទាល់។

 

 

ងាក​មក​កញ្ញា សុ​ផា អ្នក​បក​ប្រែ ​​ក្រៅ​ម៉ោង​នៅ​ក្រុមហ៊ុន​មួយ​​ និយាយ​ថា ​មាន​ពេល​ខ្លះ​ពិបាក​មែន ព្រោះ​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ផ្លូវ​ឆ្ងាយ​ហត់​អស់​កម្លាំង វា​ប៉ះពាល់​សុខភាព​ដែរ។ ណា​មួយ ​រឿង​កន្លែង​គេង​ក៏​ជា​បញ្ហា​មួយ​ដែរ។ ​ទោះ​ខាង​ម្ចាស់​ដើម​ការ​ផ្ដល់​កន្លែង​សម្រាក​មែន តែ​ក៏​មិន​ស្រួល​ដែរ​ព្រោះ​ពេល​មាន​រវល់​អីចឹង ចង្អៀត​ណាស់។

 

 

 

ចំណែក លោក ហុង ស៊ាង និស្សិត​នៅ ​IFL មិន​គិត​បែប​នេះ​ទេ។ លោក​ថា ៖ “អ្នក​ការ ពេល​គេ​ឲ្យ​ធៀប​យើង គេ​សង្ឃឹម​ថា​យើង​ទៅ។ អ្នក​ខ្លះ​ថែមទាំង​ចេញ​សោហ៊ុយ​ថ្លៃ​ឡាន​ឲ្យ​ថែម​ទៀត​​ ដូច្នេះ​ហើយ​អ្នក​ត្រូវ​គេ​អញ្ជើញ​គួរ​តែ​ទៅ ។ ណា​មួយ​ទៅ​ខេត្ត​បាន​សប្បាយ​ផង ស្គាល់​ភូមិសាស្ត្រ​ថ្មី ដូច​តែ​ទៅ​ដើរ​លេង​ដែរ។ បើ​យើង​បាន​ចូលរួម ដូច​បាន​ផ្ដល់​កិត្តិយស​និង​ភាព​សប្បាយ​រីករាយ​ដល់​ម្ចាស់​ការ​ដែរ កុំ​ឲ្យ​រោង​ពិធី​ស្ងាត់ ព្រោះ​ម្ដង​គេ​ម្ដង​យើង​ដែរ​ទេ”។ ​ ​

 

 

សម្រាប់​ប្រិយ​មិត្ត​វិញ គិត​យ៉ាង​ណា? ទៅ​ឬ​មិន​ទៅ បើ​មិត្តភ័ក្ដិ​ហៅ​ការ​ទៅ​តាម​ខេត្ត?

 

 

សូមអាន ៖   ភ្ជាប់​​ពាក្យ​​រួច​​សឹម​រៀបការ និង ​រៀប​ការ​តែ​ម្ដង​មួយ​ណា​ប្រសើរ​ជាង?
អត្ថបទ៖ លឹម សុ​នា