លោក ហ៊ុន សែន ថា សម រង្ស៊ី-អ៊ុង​សាន ស៊ូ​ជី ជា​ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់ តែ​ខុស​ត្រង់…

តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ពី​ពាក់កណ្តាល​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃ​អង្គារ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​ប្រតិកម្មខ្លាំងៗ តប​ទៅនឹង​ការប្រៀបធៀប​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ទៅនឹង​ប្រធាន​គណបក្សប្រឆាំង​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី ដែល​ទទួលបាន​សំឡេងគាំទ្រ​ភ្លូកទឹកភ្លូកដី នា​ការបោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​លើកដំបូង​នៅ​មី​យ៉ាន់​ម៉ា។ 

«ស្អី​នឹង​គេ​ដែរ ឯកឧត្តម បើ​មួយ​ជា​ភូមា មួយទៀត​ជា​កម្ពុជា និង​មួយទៀត​ឆ្នាំ ២០១៥ហើយ មួយទៀត​ឆ្នាំ២០១៨។ រឿងរ៉ាវ​ខុសគ្នា របប​នយោបាយ​សេដ្ឋកិច្ចសង្គម​ខុសគ្នា ភាពលំបាក​និង​ងាយស្រួល​ខុសគ្នា សូម្បីតែ​ការបោះឆ្នោត​ក៏​ខុសគ្នា ដែល​ភូមា​មិនដែល​បោះឆ្នោត ឯ​កម្ពុជា​បោះឆ្នោត៥ដង​រួចមកហើយ»។ នេះ​ជាការ​ចម្ងល់​បែប​ចំអក​របស់លោក ហ៊ុន សែន ទៅកាន់​លោក សម រង្ស៊ី។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា លោក​មិន​នៅ​ស្ងៀម​ចំពោះ​ការប្រមាថ​របស់​កូន​ជន​ក្បត់ជាតិ​បានទេ ហើយ​លោក​ទើប​មាន​ពេលទំនេរ​វាយបក បន្ទាប់ពី​រវល់​ក្នុង​ពិធីបុណ្យ​ជាតិ និង​ថ្ងៃ​កាន់ទុក្ខ​កូនប្រុស​ដ៏​កម្សត់​របស់ខ្លួន។

ជាមួយនឹង​សំណេរ​ដ៏​វែង អមដោយ​រូបភាព​ដែលមាន​ការប្រៀបធៀប​គ្នា​រវាង​លោក សម រង្ស៊ី និង​លោកស្រី អ៊ុង​សាន ស៊ូ​ជី លោកនាយក​រដ្ឋមន្ត្រី បានសរសេរថា ជ័យជម្នះ​បក្សប្រឆាំង​នៅ​មី​យ៉ាន់​ម៉ា នាំ​ឲ្យ​មេ​ប្រឆាំង​នៅ​កម្ពុជា បើក​ការវាយប្រហារ​ទៅលើ​ខ្លួន​ដោយបាន​បំផ្លាញ​សារជាថ្មី​នូវ​វប្បធម៌​សន្ទនា​ដែល​ទើបបាន​នឹង​កំពុង​ជួសជុល។
លោក ហ៊ុន សែន បាន​លើកឡើងថា លោក សម រង្ស៊ី និង​លោកស្រី អ៊ុន​សាន ស៊ូ​ជី ដូចជា​ស្លឹក​ដែល​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់ ប៉ុន្តែ​ត្រង់​មួយ​ជា​កូន​ក្បត់ជាតិ។ លោកនាយក​រដ្ឋមន្ត្រី បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «បើ​ពុំមាន​ការធ្វើ​និតិ​សម្បទា​ណាមួយ​ទេ ឯកឧត្តម​នៅតែមាន​ឈ្មោះថា​ជា​កូន​អា​ក្បត់ជាតិ។ ពាក្យ​អា​ក្បត់ជាតិ​មិនមែនជា​ពាក្យ​ខ្ញុំ​ដាក់​ទេ តែ​រាជរដ្ឋាភិបាល​សង្គមរាស្ត្រនិយម​របស់ សម្តេចព្រះ នរោត្តម សីហនុ ជា​អ្នក​ប្រសិទ្ធ​នាម​ឲ្យ។ ឯកឧត្តម​ហៅ​ខ្ញុំ​ជាម​នុស្ស​ផ្តាច់ការកប់ៗមាត់ ថ្ងៃនេះ​ខ្ញុំ​ហៅ​ឯកឧត្តម​ថា​កូន​អា​ក្បត់ជាតិ»។

លោក ហ៊ុន សែន បាន​បន្ថែមថា លោក​មិនបាន​ដៀល​ពូជ​លោក សម រង្ស៊ី ឡើយ តែ​លោក​ហៅ​តាម​អ្នក​ជំនាន់​មុន​ប៉ុណ្ណោះ។ លោក​ទទួលស្គាល់ថា ពាក្យ​នេះ​ពិបាក​ស្តាប់​ក្នុង​សម័យថ្មី តែ​លោក​មិន​ហ៊ាន​កែ​ប្រវត្តិសាស្ត្រ ពី​ក្បត់ជាតិ​ទៅ​ស្នេហា​ជាតិ ពី​អា​ក្បត់ជាតិ​ទៅជា​ឯកឧត្តម​ក្បត់ជាតិ​បានទេ។

ជាមួយគ្នានេះ​ផងដែរ លោក ហ៊ុន សែន បាន​បញ្ជាក់ថា ការ​បង្ហោះ​រូប​ប្រៀបធៀប​នេះ គឺ​លោក​យក​ចេញពី​ក្នុង​ហ្វេ​ស​ប៊ុ​កមួយ ទោះ​វា​មិនទាន់​ពេញលេញ តែ​វា​ជា​មូលដ្ឋាន​ឲ្យ​យល់​ពី​លោកស្រី អ៊ុង​សាន ស៊ូ​ជី និង​លោក​សម រង្ស៊ី។ លោក​ក៏បាន​ធ្វើការ​សុំទោស​ផងដែរ​ចំពោះ​កំហុស​អក្ខរាវិរុទ្ធ និង​ពាក្យពេចន៍​ដោយសារ​លោក​វាយ​ម្នាក់ឯង​នៅ​យប់​ស្ងាត់៕