សម្តេច​តេ​ជោ​សែន បញ្ចេញ​សារលិខិត​ដែល​លោក​សមរង្ស៊ី សរសេរ​សុំទោស​សម្តេច​

ភ្នំពេញ: ដោយសារ សម រង្សី មិនបាន​គោរព​សម្តី​ដែល​ខ្លួន​បាន​សរសេរ​សុំទោស សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ម៉ោង ៦:១៣ នាទី ល្ងាច ថ្ងៃ ២៩ ខែ តុលា ឆ្នាំ ២០១៥ កន្លងទៅនេះ គេហទំព័រ សម្តេច​តេ​ជោ សូម​បញ្ចេញ​ជា​សាធារណៈ​នូវ​សារ​សូមទោស​ទាំងស្រុង​ដូចតទៅ​:

​ជំរាបសួរ សម្តេច​

​ខ្ញុំ សូម​ថ្លែងអំណរគុណ​ចំពោះ​សម្តេច ដែលមាន​ទឹកចិត្ត គោរព ស្រឡាញ់ និង​ឲ្យ​តម្លៃ​ដល់​កូន​ខ្ញុំ ដូច​សម្តេច​បាន​មានប្រសាសន៍ នៅ​ទីក្រុង​ប៉ារីស ថ្មីៗ​នេះ​។​

​ខ្ញុំ​សូម​ជម្រាប​សម្តេច​វិញ​ថា ភរិយា​ខ្ញុំ និង​រូបខ្ញុំ ក៏​គោរព ស្រឡាញ់ និង​ឲ្យ​តម្លៃ​ដល់​បុត្រាបុត្រី​សម្តេច ដូចគ្នា​អញ្ចឹង​ដែរ​។ លើសពីនេះទៅទៀត តាំងពី​ក្រុមគ្រួសារ​យើង​ទាំង​ពីរបាន​ស្គាល់គ្នា​មក ហើយ​បានចាប់ផ្តើម​រាប់អាន​គ្នា​មក ព្រមទាំង​តាម​អ្វីដែល​សម្តេច​និង​រូប​ខ្ញុំ​បាន​ផ្តាំផ្ញើ​កូន​យើង​ទាំងសងខាង​មក ភរិយា​ខ្ញុំ​និង​រូប​ខ្ញំ​ផ្ទាល់​បានចាប់ផ្តើម​ស្រឡាញ់​បុត្រាបុត្រី​សម្តេច ដូច​កូនបង្កើត​របស់​យើងខ្ញុំ​អញ្ចឹង​។​

​ដូច្នេះ ខ្ញុំ​មានការ​សោកស្តាយ​យ៉ាងខ្លាំង បន្ទាប់ពី​មានការ​លើកឡើង​និង​ការបកស្រាយ​ខ្លះ បណ្តាលមកពី​បញ្ហា​បកប្រែ​ក៏​មិនដឹង ដែល​ខុសស្រឡះ ពី​ទឹកចិត្ត​ពិតប្រាកដ​របស់​ខ្ញំ​ចំពោះ​ក្រុម​គ្រូ​សារ​សម្តេច ដូច​បានបញ្ជាក់​ខាងលើ​។ ទោះជា​យ៉ាងណាក៏ដោយ ខ្ញុំ​សូម​អភ័យទោស ចំពោះ​សម្តេច បើ​ខ្ញុំ​បានធ្វើ​ឲ្យ​សម្តេច​អន់ចិត្ត​ឬ​ខកចិត្ត កន្លែង​ណាមួយ ដោយ​អ​ចេតនា​។​

​សូម​សម្តេច​ទទួល​នូវ​សេចក្តី​គោរព​រាប់អាន​ពី​ខ្ញុំ​

​សម រង្ស៊ី​

សម្តេច​តេ​ជោ​សែន បញ្ចេញ​សារលិខិត​ដែល​លោក​សមរង្ស៊ី សរសេរ​សុំទោស​សម្តេច​