ជប៉ុនសម្លឹងរកការសងសឹកលើសិង្ហបុរី នៅល្ងាចនេះ

លោក Vahid Halihodzic គ្រូ​បង្វឹក​នៃ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ជប៉ុន បាន​និយាយ​ថា កីឡាករ​របស់​លោក​នឹង​ស្ថិត​ក្នុង​បេ​សកកម្ម​មួយ​​សម្រាប់​ការ​សង​សឹកនៅ​ពេល​ដែល​ពួកគេ​ជួប​ជា​មួយនឹង​ក្រុម​ជម្រើស​ជាតិ​សិង្ហ​បុរី ក្នុង​ការ​ប្រកួត​ជម្រុះ World Cup នៅ​ល្ងាច​នេះ​។ ក្រុម​ជ្រើស​ជាតិ​សិង្ហ​បុរី បាន​ធ្វើ​ឲ្យការ​ប្រកួត​ទី​១​របស់​លោក Halihodzic បញ្ចប់​​ទាំង​ការ​ខក​ចិត្ត ក្នុង​នាម​ជា​គ្រូ​បង្វឹក​របស់​ក្រុម​​ជប៉ុន ដែល​មាន​រហស្ស​នាម​ថា «សា​មូ​រ៉ៃ​ពណ៌​ខៀវ» កាល​ពី​៥​ខែ​កន្លង​ទៅ ដែល​នៅ​ពេល​នោះ ពួកគេ​បាន​ខិត​ខំ​ព្យា​យាម​ទាំងលំ​បាក​ដើម្បី​បញ្ចប់ក្នុងលទ្ធ​ផល​ស្មើ ០-០ នៅ​កីឡ​ដ្ឋាន Saitama​។ ចាប់​តាំង​ពី​ពេល​នោះ​មក ក្រុម​ជម្រើស​ជាតិ​ជប៉ុន បាន​រក​ឃើញ​ទម្រង់​លេង​ដ៏​ល្អ​របស់​គេ​ត្រឡប់​មក​វិញ​ក្នុងការ​ប្រកួត​ពូឡ E តាម​រយៈ​​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​៣​លើក​ជាប់​ៗ​គ្នា ដោយ​ក្នុង​ពេលនោះពួក​គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​​១២គ្រាប់​ដោយ​​គ្មាន​ការ​របូត​សូម្បី​តែ​មួយ​​គ្រាប់​។
1
ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា លោក Halihodzic ប្តេជ្ញា​ថា នឹង​​ដឹក​នាំ​ឲ្យ​ក្រុម​របស់​លោក​លុប​ចោល​នូវ​ការ​​ចង​ចាំ​​ទៅលើ​ការ​ប្រកួត​ទី​១​របស់​ពួក​គេនៅពេល​ជួប​ជាមួយ​នឹងក្រុមស្ថិតក្នុង​តំបន់​អាស៊ី​អាគ្នេយ៍មួយ​នេះ​នៅ​កីឡ​ដ្ឋាន​ជាតិ​របស់​សិង្ហ​បុរី​។ គ្រូ​បង្វឹក​សញ្ជាតិ​បូ​ស្នី​រូប​នេះ​បាន​ឲ្យ​ដឹង​ថា៖ «យើង​មាន​នូវ​ការ​ចង​ចាំ​ដ៏​​ខក​ចិត្ត​​ទៅលើ​លទ្ធ​ផល​ក្នុង​ការ​ប្រកួត​ទី​១​របស់​យើងនៅ​ពេល​ជួប​សិង្ហ​បុរី ហេតុនេះ យើង​ចង់​សង​សឹក​។ ពិត​ណាស់ សិង្ហ​បុរី គឺ​ជា​មួយ​ដែល​​នឹងលេង​ឲ្យ​​អ្នក​គាំ​ទ្រ​របស់​ពួក​គេ ប៉ុន្តែ យើង​មាន​ការ​​ប្តេជ្ញា និង​គុណ​ភាព​ដើម្បី​​ស្វែង​រក​ជ័យ​ជម្នះ​»​។ លោក Halihodzic បន្ថែម​ទៀត​ថា៖ «ខ្ញុំ​បាន​និយាយ​ទៅកាន់​​កីឡាករ​​ថា យើង​ត្រូវ​តែ​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​បន្ថែម​ទៀត ពី​ព្រោះ​ការ​ប្រកួត​នេះ​​នឹងមាន​ការ​លំ​បាក​ជាង​លើក​មុន ដោយ​​សារ​តែ​គូ​ប្រកួត​របស់​យើង​​លេង​ក្នុង​ផ្ទះ​របស់​ពួក​គេ ប៉ុន្តែ យើង​មាន​គុណ​ភាព​ដើម្បី​ដណ្តើម​យក​ជ័យ​ជម្នះ​។ ខ្ញុំ​ចង់​ឲ្យ​យើង​ធ្វើការ​វាយ​សម្រុក និង​រក​គ្រាប់​បាល់​បញ្ចូល​ទី​ឲ្យ​បាន​ច្រើន ប៉ុន្តែ ការ​រក​បាន​១​គ្រាប់​ពិត​ជា​​រឿង​ដ៏​​លំ​បាក​​បំផុត​ក្នុង​កីឡា​បាល់​ទាត់​»​។ ខណៈ​ដែល​កីឡាករ​១១​នាក់​ក្នុង​ចំណោម​កីឡាករ​២៣នាក់​របស់​ជប៉ុន​នឹង​​ទៅដល់​ជប៉ុន ក្រោយ​ពី​លេង​ក្នុង​ក្លិប​នា​នា​នៅ​អឺ​រ៉ុបកាលពី​ចុង​សប្តាហ៍​មុន ការ​អស់​កម្លាំង​ដោយ​សារ​តែ​ការ​ធ្វើ​ដំណើរ និង​ការ​សម្រប​ខ្លួន​ទៅ​នឹង​លក្ខ​ខណ្ឌ​អាកាស​ធាតុ​តំបន់​ត្រូ​ពិកអាច​ជា​កត្តា​មួយ​ក្នុង​ការ​ជ្រើស​រើស​​។ ការ​ប្រកួត​នៅ​​ថ្ងៃ​នេះ​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​៦:១៥​ល្ងាច​៕