Neymar វិលទៅចូលជាមួយប្រេស៊ីលវិញនៅពេលជួបជើងខ្លាំងអាហ្សង់ទីន

តា​រា​ឆ្នើម​អន្តរ​ជាតិ​ប្រេស៊ីល Neymar នឹង​វិល​ពី​​ការ​ជាប់​ពិន័យ​ព្យួរ​ដើម្បី​ជួប​ជាមួយនឹងក្រុម​ដែល​ញាំ​ញី​ដោយ​របួស អា​ហ្សង់​ទីន នៅ​​​​ព្រឹក​ថ្ងៃ​សុក្រ (ម៉ោងនៅ​កម្ពុជា) ខណៈ​ដែល​យុទ្ធនាការ​ជម្រុះ​ប្រចាំ​ទ្វីប​អាមេ​រិក​ខាង​ត្បូង​សម្រាប់​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០១៨ នឹង​​វិល​ត្រឡប់​មក​វិញ​​ជា​មួយនឹង​ការ​ប្រកួត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​រវាង​ជើង​ខ្លាំង​ប្រចាំ​​ទ្វីប​ទាំង​ពីរ​។ Neymar បាន​​បង្ខំ​ឲ្យ​​អវត្ត​មាន​​ក្នុង​ការ​ប្រកួត​​ជម្រុះ​ពីរ​លើក​​របស់​ក្រុម​ជម្រើស​ជាតិ​​ប្រេស៊ីល កាល​ពី​ខែ​មុន ដោយ​​លើក​ទី​១ ពួកគេ​ចាញ់​ក្រុមជម្រើស​ជាតិ​​ស៊ី​លី ២-០ មុន​នឹង​កត់ត្រា​ជ័យ​ជម្នះ ៣-១ លើក្រុម​ជម្រើស​ជាតិ​វ៉េ​ណា​ស៊ុយ​អេ​ឡា ក្រោយពី​ការ​ពិន័យ​ព្យួរ​ចំនួន​៤​​ប្រកួត​​របស់​គេក្នុង​ព្រឹត្តិការណ៍ Copa America កាល​ពី​ខែមិថុ​នា​។
1
ប៉ុន្តែ ខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម​រូប​នេះ​​បច្ចុប្បន្ន នឹង​​ត្រូវ​វិល​ត្រឡប់មកវិញ និង​​អាច​​ចូល​លេង​ឲ្យ​​ក្រុម​ជម្រើស​ជាតិ​​ប្រេស៊ីល ខណៈ​ដែល​ក្រុម​​ម្ចាស់​ជើង​ឯក​ពិភព​លោក​៥​សម័យកាល​មួយនេះ នឹង​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Buenos Aires ដើម្បី​ជួប​ជា​មួយ​នឹងក្រុម​ជម្រើ​ជាតិ​អាហ្សង់​ទីន​ដែលមាន​ត្រឹម​តែ​១​ពិន្ទុ​គត់​ពី​ការ​ប្រកួត​ជម្រុះ​ពី​រលើក​​ដំបូង​របស់​ពួកគេ​។ ក្រុម​ជម្រើស​ជាតិ​អា​ហ្សង់​ទីន បាន​រង​បរា​ជ័យ​ដ៏មិន​នឹក​ស្មាន​ដល់​ក្នុ​ងលទ្ធ​ផល ២-០ ក្នុង​ផ្ទះ​ខ្លួន​ឯង​ក្រោម​ស្នា​ដៃ​ក្រុម​ជម្រើស​ជាតិ​អេ​ក្វា​ទ័រ ក្នុង​ការ​ប្រកួត​បើក​ឆាក​របស់​ពួក​គេ ហើយ​​បន្ទាប់​មក ​ពួកគេ​បាន​បញ្ចប់​ក្នុង​លទ្ធ​ផលស្មើ ០-០ នៅ​ពេល​ជួប​ជា​មួយនឹងក្រុម​ជម្រើស​ជាតិ​​ប៉ា​រ៉ា​ហ្គាយ ក្នុង​ទីក្រុង Asuncion​។ លទ្ធ​ផល​ទាំង​នោះ​បាន​ដាក់​សម្ពាធ​ដ៏​ធំ​មួយ​ដល់​លោក​គ្រូ​បង្វឹក Gerardo ‘Tata’ Martino របស់​ក្រុម​អាហ្សង់​ទីន ខណៈ​ដែល​តំណែង​របស់​លោក​កំពុង​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ ក្រោយ​ពី​ក្រុម​ប្រជុំ​ដោយ​តា​រា​ឆ្នើម​ៗ​​របស់​លោក​​មិន​អាច​ឈ្នះពាន Copa America​។ ការ​ត្រៀម​លក្ខណៈ​របស់​លោក Martino សម្រាប់​ការ​ប្រកួត​នៅ​​ព្រឹក​ថ្ងៃ​សុក្រ​នេះ​នៅ​កីឡ​ដ្ឋាន Estadio Monumental បាន​ស្ថិតក្នុង​ភាព​ជ្រួល​ច្រ​បល់​ដោយ​សារ​តែ​វិបត្តិ​របួស​កីឡាករ ដែល​បាន​ធ្វើ​ឲ្យ​​រូប​គេ​ខ្វះ​ជម្រើស​ក្នុង​តំបន់​ប្រយុទ្ធ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង Lionel Messi ផង​ដែរ​​។ ការ​ប្រកួត​នៅ​ព្រឹក​ថ្ងៃ​​សុក្រ​នេះ នឹង​ចាប់​ផ្តើម​​នៅម៉ោង​​៧​​​ព្រឹក​៕