សម្តេចតេជោ​ ហ៊ុន សែន ​ទម្លាយសារសុំ​ទោសរបស់​លោក សម រង្ស៊ី

រាជធានីភ្នំពេញ ៖ ​សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ​បានទម្លាយសារ​សុំទោសរបស់លោក​ សម រង្ស៊ី ​បង្ហោះតាមបណ្តាញ​ទំនាក់ទំនងសង្គម ​(Facebook) កាលពីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី១២ ​វិច្ឆិកានេះមានខ្លឹមសារទំាងស្រុងថា​ "ដោយសារ សម រង្សី ​មិនបានគោរពសម្តី​ដែលខ្លួនបានសរសេរ​សុំទោស​ សម្តេចតេជោ ហ៊ុន សែន កាលពីម៉ោង ​៦:១៣ នាទី ល្ងាច ​ថ្ងៃ ២៩ ខែ តុលា ឆ្នាំ ២០១៥​ កន្លងទៅនេះ គេហទំព័រ ​សម្តេចតេជោ​ សូមបញ្ចេញជា​សាធារណៈនូវសារសូមទោស​ទាំងស្រុង​ដូចតទៅ:

ជំរាបសួរ​ សម្តេច

ខ្ញុំ សូមថ្លែង​អំណរគុណចំពោះសម្តេច​ ដែលមានទឹកចិត្ត ​គោរព ស្រឡាញ់ ​និងឲ្យតម្លៃដល់កូនខ្ញុំ ​ដូចសម្តេចបាន​មានប្រសាសន៍ ​នៅទីក្រុងប៉ារីស ថ្មីៗនេះ។

ខ្ញុំសូមជម្រាបសម្តេចវិញថា ​ភរិយាខ្ញុំ និងរូបខ្ញុំ​ ក៏គោរព ស្រឡាញ់ ​និងឲ្យតម្លៃដល់បុត្រាបុត្រីសម្តេច​ ដូចគ្នាអញ្ចឹងដែរ។ ​លើសពីនេះទៅទៀត ​​ តាំងពីក្រុម​គ្រួសារយើង​ទាំងពីរ​បានស្គាល់គ្នាមក​ ហើយបានចាប់ផ្តើមរាប់​អានគ្នាមក ព្រមទាំងតាមអ្វីដែល​សម្តេចនិងរូបខ្ញំុបានផ្តាំផ្ញើកូន​យើងទាំងសងខាងមក ​ភរិយាខ្ញុំនិងរូបខ្ញំផ្ទាល់​បានចាប់ផ្តើម​ស្រឡាញ់បុត្រា​បុត្រីសម្តេច​ ដូចកូនបង្កើត​របស់យើងខ្ញុំអញ្ចឹង។

ដូច្នេះ​ ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង ​បន្ទាប់ពីមានការលើកឡើង​និងការបកស្រាយខ្លះ ​បណ្តាលមកពីបញ្ហាបកប្រែក៏មិនដឹង ​ដែលខុសស្រឡះ​ ពីទឹកចិត្តពិតប្រាកដរបស់​ខ្ញំ​ចំពោះក្រុមគ្រូសារសម្តេច ​ដូចបានបញ្ជាក់ខាងលើ។​ ទោះជាយ៉ាងណាក៏ដោយ ​ខ្ញុំសូមអភ័យទោស ​ចំពោះសម្តេច​ បើខ្ញុំបានធ្វើឲ្យសម្តេច​អន់ចិត្តឬខកចិត្ត ​កន្លែងណាមួយ ដោយ​អចេតនា។

សូម​សម្តេចទទួលនូវសេចក្តី​គោរពរាប់អានពីខ្ញុំ

សម រង្ស៊ី