ស្រវឹងស្រា​ជិះ​ម៉ូតូ​បុក​ចូល​ផ្ទះ​លក់​គ្រឿង​សង្ហា​រិម​

​រាជ​ធានី​ភ្នំពេញ ៖ យុវជន​២នាក់​​ស្រវឹងស្រា​ជិះ​ម៉ូតូ​លឿន​ពេក​បួង​ចង្កូត​មិន​ទាន់​មក​ដល់​ចំណុច​ផ្លូវ​កោង​​ជ្រុល​បុក​​ចូល​ក្នុងផ្ទះ​លក់​គ្រឿង​សង្ហា​រិម​បណ្តាល​ឲ្យ​ដួល​​រង​របួស​ម្នាក់ និង​ម្នាក់​ទៀត​រង​របួសស្រាល​រត់គេច​ខ្លួន ​​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១២ ​វិច្ឆិកា តាម​បណ្តោយ​ផ្លូវ​២៧១ នៅ​ចំណុចផ្ទះ​លក់​​គ្រឿងសង្ហា​រិមយីហោ ស្រ៊ុ​ន តិច​ស៊ី​ន ​ស្ថិត​សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក ។

ប្រភព​ព័​ត៌​មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ មាន​យុវជន​២​នាក់​ជិះម៉ូតូ​ម៉ាកអ៊ែប្លែត ​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1P-3851 ​​បើកបរ​តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​​ក្នុង​​ល្បឿនលឿន​ លុះ​​មក​ដល់​ចំណុច​ផ្លូវ​កោង​បួង​ចង្កូត​មិន​ទាន់​ជ្រុល​ទៅ​បុក​របង​ស័ង្កសី​ផ្ទះ​លក់​គ្រឿង​សង្ហា​រិម​បណ្តាល​ឲ្យ​បាក់​អស់​មួយ​ផ្ទាំង​​រួចផ្លោង​ម៉ូតូ​ចូល​ក្នុងផ្ទះ​​តែ​ម្តង​ តែ​មិន​ធ្វើ​ឲ្យ​ខូចខាត​គ្រឿង​សង្ហា​រិម គ្រាន់តែ​រង​របួស​អ្នក​ជិះ​ខាងក្រោយ​ជា​ម្ចាស់​ម៉ូតូ​​រង​របួស​តិច​តួច រីឯ​អ្នក​បើក​បរ​ម៉ូតូ​រងរបួសស្រាល​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ​ ម្ចាស់​ម៉ូតូ​នៅ​កន្លែង​កើតហេតុ​បាន​​ចរចា​ជាមួយ​ម្ចាស់​​ផ្ទះ ​ដោយ​​សង​សំណង​១០០​ដុល្លារ​​ដើម្បី​បញ្ចប់រឿង​ ​៕