ករណីនាងក្រមុំរូបស្រស់បាត់ខ្លួនចាប់ជនដៃដល់បានហើយ ប៉ងរំលោភវាយទំលាក់ទឹកស្ទឹង

ករណីនាងក្រមុំរូបស្រស់បាត់ខ្លួនចាប់ជនដៃដល់បានហើយ ប៉ងរំលោភវាយទំលាក់ទឹកស្ទឹង

ទីបំផុត​ទៅ មុខសញ្ញា​ដែល​ជា​ជន​ដៃដល់​ចាប់​នារី​ក្រមុំ​រូប​ស្រស់​ម្នាក់ ដែល​កំពុង​អង្គុយ​លាង​សណ្តែក​នៅផ្ទះ​ក្បែរ​មាត់​ស្ទឹង​ត្រូវ​កម្លាំង​ប៉ូលិស ​ចាប់ខ្លួន​បាន​ហើយ កាលពី​វេលា​ម៉ោង​០៧​ព្រឹក​ថ្ងៃ​ទី​១២ វិច្ឆិកា ២០១៥ នេះ ស្ថិត​នៅផ្ទះ​ជនសង្ស័យ​ស្ថិត​នៅ​ភូមិ​វត្ត​តា​មិ​ម ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង ក្នុង​នោះ​មាន​កម្លាំង​ស្រុក​សង្កែ​, កម្លាំង​ស្នងការ និង​កម្លាំង​ប៉ូលិស​ក្រុង​បាត់ដំបង ។

ប្រភព​បានឱ្យ​ ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ចាន់ កុសល អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ និង​មាន​ប្រពន្ធ​ពោះធំ ។ ជនសង្ស័យ​ដោយ​ដឹងខ្លួន​មុន​នោះ បាន​ព្យាយាម​ពួន​សំងំ​ក្នុង​ចម្ការ តែ​ត្រូវ​កម្លាំង​ប៉ូលិស​នាំ​គ្នា​ស្វែងរក​រហូត​ឃាត់ខ្លួន​បាន​តែ​ម្តង ។ ចំណែកឯ​នារី​រង​គ្រោះ​ដែល​បាត់​ខ្លួន​ឈ្មោះ​ឆាំ ស្រី​រ័​ត្ន អាយុ​១៨​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២ នៅ​សាលា​នេ​ត​យ៉ង់ ។

បើ​តាម​ការ​សារភាព​របស់​ ជនសង្ស័យ​ជាបឋម​ថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ចាប់​នារី​រង​គ្រោះ​មែន ក្នុង​បំណង​ចាប់រំលោភ តែ​ត្រូវ​នាង​តដៃ​បាន​យក​កន្ត្រៃ​មក​ចាក់​ចំពោះ​របស់​ខ្លួន ។ ពេល​នោះ ខ្លួន​ខឹង​ក៏​វាយដំ​នាង​រហូត​ដល់​សន្លប់ រួច​អូស​នាង​ទៅ​មាត់​ស្ទឹង​ដើម្បី​រំលោភ តែ​ឱកាស​មិន​អំណោយផល ខ្លួន​អូស​នាង​ដល់​កណ្តាលស្ទឹង​ទម្លាក់​ចោល រួច​គេចខ្លួន​ទៅ ។

ប្រភព ​បន្ត​ថា រហូត​មក​ដល់​ម៉ោង​នេះ នារី​រង​គ្រោះ​ដែល​បាត់​ខ្លួន​ឈ្មោះ​ឆាំ ស្រី​រ័​ត្ន គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​នាង​មាន​វាសនា​បែប​ណា​​នោះ​ទេ តែ​ប្រសិនជា​នាង​ស្លាប់​មែន ប្រហែលជា​អាច​អណ្តែត​នៅ​ចំណុច​ណាមួយ​ក្នុង​ស្ទឹង​សង្កែ​នោះ​ហើយ ។ ករណី​នេះ​ត្រូវ​សមត្ថកិច្ច​អះអាង​ថា គឺជា​ករណី​ឃាតកម្ម​គិត​ទុកជា​មុន ដែល​ត្រូវ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់ ។

គួររំលឹកថា មាន​ហេតុការណ៍​ភ្ញាក់​មួយ​ទាំង​យប់ បន្ទាប់​ពី​នារី​ម្នាក់​ត្រូវ​បាន​មនុស្ស​ចាប់​យក​ទៅ ខណៈ​នាង​កំពុង​លាង​សណ្តែក​នៅ​ផ្ទះ​​ក្បែរ​មាត់​ស្ទឹង​មួយ​កន្លែង កាលពី​វេលា​ម៉ោង​០៩​យប់​ថ្ងៃ​ទី​១០ វិច្ឆិកា ២០១៥ ស្ថិត​នៅ​ចំណុច​ភូមិ​វត្ត​តា​មិ​ម ឃុំ​អូរ​ដំបង​១ ស្រុក​​​សង្កែ ខេត្តបាត់ដំបង ។

ប្រភព​បានឱ្យ​ដឹង​ថា នារី​ដែល​បាត់​ខ្លួន​ឈ្មោះ​ឆាំ សេរីរ​ដ្ឋា អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ខាងលើ ។

បើ ​តាម​ស្ត្រី​ជា​ម្តាយ​ឱ្យ​ដឹង​ថា ខណៈ​ពេល​កើតហេតុ​នោះ គាត់​បានឮ​សំឡេង​ស្រែក​របស់​កូនស្រី​ដែរ ពេល​នោះ​គាត់​ក៏​រត់​ទៅ​មើល ស្រាប់តែ​បាត់​កូនស្រី​តែ​ម្តង ដោយនៅ​កន្លែង​កើតហេតុ គាត់​ប្រទះ​ឃើញ​មាន​ស្នាម​អូស​ទៅ​មាត់​ស្ទឹង សំណាញ់​បង់​ត្រី​១, ខោខ្លី​១ និង​ស្បែកជើងផ្ទាត់​១​គូ ដែល​ជា​របស់​មនុស្ស​ប្រុស ៕