​ក្រសួង​បញ្ជា​ឲ្យ​អភិបាល​រាជ​ធានី​ខេត្ត​​​ពិនិត្យ​​ការដ្ឋាន​សាង​សង់

ក្រសួង​រៀបចំ​ដែន​ដី​បាន​ណែនាំ​មន្ត្រី​​ទូទាំង​​​​​ប្រទេស​​ឲ្យ​បញ្ឈប់​​រាល់​គម្រោង​សាង​សង់​ដែល​​​​ទន្ទ្រាន​ចូល​ដី​​សាធារណៈ​ ពោល​គឺ​​ពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​​អាជ្ញាធរ​រាជធានី​​ភ្នំពេញ​បាន​បញ្ជា​ឲ្យ​កាសីុណូ​​​​​​ណាហ្គាវើល​ ​​​បញ្ឈប់​​ការ​សាង​សង់​​ពង្រីក​អគារ​​ដ៏ចម្រូង​ចម្រាស​តាម​ការ​ជំរុញ​​ពី​លោក​នាយករដ្ឋមន្ត្រី​។

នៅ​ក្នុង​លិខិត​មួយ​​ច្បាប់​​ចុះ​​ថ្ងៃ​អង្គារ ​និង​ទទួល​បាន​កាលពី​ម្សិលមិញ ដែល​ចុះ​ហត្ថលេខា​​​​ដោយ​លោក អុឹម ឈុន​លឹម រដ្ឋមន្ត្រី​​ក្រសួង​រៀបចំ​ដែនដី ​អភិបាល​​រាជធានី​ខេត្ត ​ត្រូវ​បាន​បញ្ជា​ឲ្យ​រុះរើ​​រាល់​សំណង់​ដែល​​​​បាំង​ផ្លូវ​​ទៅ​កាន់​​កន្លែង​សាធារណៈ​​ដោយ​ខុស​ច្បាប់​ ​ក្នុង​នោះ​រួម​មាន​​ផ្លូវ​ថ្នល់ និង​ចិញ្ចើម​ផ្លូវ​ផង​ដែរ​។

លិខិត​​ដែល​បាន​ដក​ស្រង់​សុន្ទរកថា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ ពេល​ថ្មីៗ​នេះ​មក​ធ្វើ​​ជា​ប្រធាន​បទមាន​ខ្លឹម​​សារ​​​ដូច្នេះថា “​មាន​បុគ្គល និង​ក្រុម​ហ៊ុន​មួយ​ចំនួន​បាន​​​​រំលោភ​យក​​​ដី​សាធារណៈ​ ដូច​ជា​ចិញ្ចើម​ផ្លូវ​​​​​សាធារណៈ និង​សួន​ច្បារ​សាធារណៈ​ជាដើម។ ទង្វើ​បែប​នេះ​​​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សោ​ភ័ណ​​​ភាព​ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សាធារណៈ​ក្នុង​រាជធានី​ខេត្ត​​របស់​ព្រះរាជា​ណាចក្រ​កម្ពុជា​”។

អ្នក​នាំពាក្យ​សាលា​រាជធានី​​ភ្នំពេញ​​​ បាន​មាន​ប្រសាសន៍​​​កាលពី​ថ្ងៃ​សុក្រ​ថា ​ការ​សម្រេច​​​​​​​​ ផ្អាក​សាង​​​សង់​ចំណត​​រថយន្ត​ក្រោម​ដី​របស់​កាស៊ីណូ​ណាហ្គាវើល ​ដែល​បាន​​បន្ត​ដំណើរ​ការ​​អស់​រយៈ​ពេល​ជាង​១ឆ្នាំ​​មក​ហើយ​នោះ ​ធ្វើ​ឡើង​​​បន្ទាប់ពី​លោក​​ ហ៊ុន សែន ចុះ​ទៅ​ពិនិត្យ​មើល​​​​ការដ្ឋាន​នៅ​​១ថ្ងៃមុន​នោះ។

នៅ​ក្នុង​សារ​មួយ​ដែល​​​​លោក​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក​កាលពី​ថ្ងៃ​​អាទិត្យ លោក​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ការ​ប្រឹង​ប្រែង​ពង្រីក​អគារ​របស់​​កាស៊ីណូ​នេះ​ “​បាន​រំលោភ​” ដី​រដ្ឋ និង​ “​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពុទ្ធសាសនបណ្ឌិត្យ​​ជាប់​នោះ​ដែល​ត្រូវ​​ហ៊ុំ​ព័ទ្ធ​ដោយ​ការ​សាង​សង់​នេះ។

សារ​នោះ​មាន​ខ្លឹមសារ​​ដូច្នេះ​ថា “សំណង់​ដែល​មាន​លក្ខណៈ​រំលោភ​​កេង​ស៊ីចំណី​ផ្លូវ​សាធារណៈ និង​សួន​ច្បារ​សាធារណៈ​ គឺ​ត្រូវ​តែ​រុះរើ​ចេញជា​បន្ទាន់។ ហើយ​​​អាជ្ញាធរ​មាន​​​​សមត្ថកិច្ច​ និង​ក្រសួង​ពាក់​ព័ន្ធ​ត្រូវ​​តែ​ទទួល​ខុស​ត្រូវ​”។

ពេល​ទាក់​ទង​កាលពី​ម្សិលមិញ លោក យន់ មិន អភិបាល​ខេត្ត​ព្រះសីហនុ​ បាន​មាន​ប្រសាសន៍​ថា លោក​បាន​ឃើញ​លិខិត​របស់​លោក អុឹម ឈុន​លឹម រួចហើយ ហើយ​ថា មន្ត្រី​របស់​លោក​​​បាន​យុទ្ធ​​​​ប្រឆាំង​ការ​សាង​សង់​ខុស​ច្បាប់​លើ​ដី​រដ្ឋ​ជាង​១ខែ​មក​ហើយ។

​ទោះ​ជា​យ៉ាង​ណា ​លោក​បាន​ទទួល​ស្គាល់​​​ថា ​ការ​ចាប់​អារម្មណ៍​​របស់​លោក ហ៊ុន សែន ​កាលពី​ពេល​ថ្មីៗ​នេះ​លើ​បញ្ហា​នេះ​ បាន​ជួយ​​ជំរុញ​​ឲ្យ​មាន​វិធានការ​​។ ​​សំដៅ​ដល់​សុន្ទរ​កថា​​​របស់​លោក​នាយក​រដ្ឋមន្ត្រី​ដែល​ធ្វើ​ឡើង​នៅ​សួន​ច្បារ​មុខ​វត្ត​បទុម​​ ក្នុង​រាជធានី​ភ្នំពេញ មុន​ពេល​ចុះទៅ​​ពិនិត្យ​មើល​ការដ្ឋាន​​របស់​កាស៊ីណូ​​ណាហ្គាវើល កាល​ពី​សប្ដាហ៍​មុន លោក​​មាន​ប្រសាសន៍​​ថា ”​នៅ​ពេល​​សម្ដេច​នាយក​​រដ្ឋមន្ត្រី​ថ្លែង​សុន្ទរកថា​​​ប្រឆាំង​​​ការ​​ពង្រីក​ការ​សាង​សង់​លើ​ដី​សាធារណៈ​ វា​ធ្វើ​ឲ្យ​យើង​​កាន់​តែ​​មាន​មោទនភាព​ក្នុង​ការ​បន្ត​ការ​ងារ​​របស់​យើង​​​ប្រឆាំង​​សកម្មភាព​ខុស​ច្បាប់​បែប​នេះ​”។

មេការ​​កម្មករ​​សំណង់​​​​ម្នាក់​​​ដែល​ត្រូវ​បាន​សម្ភាស​កាលពី​ម្សិលមិញ​​នៅ​ការដ្ឋាន​សំណង់​មួយ​កន្លែង​ក្នុង​ខណ្ឌ​ចំការ​មន​ រាជធានី​ភ្នំពេញ បាន​លើក​ឡើង​​ថា លោក​នឹង​គោរព​​តាម​រាល់​​បញ្ជា​របស់​​អាជ្ញាធរ​រាជធានី​​ ដើម្បី​រុះរើ​សម្ភារ​សំណង់​ចេញពី​កន្លែង​សាធារណៈ ​រួម​មាន​ទាំង​​​ការ​រុះរើ​គំនរ​ឥដ្ឋ​ និង​ខ្សាច់​ដែល​​ធ្វើ​ឲ្យ​រាំង​ស្ទះ​ចរា​​​ចរណ៍​នៅ​លើ​ផ្លូវ​តូច​ចង្អៀត​​ និង​របង​បណ្ដោះ​​​​អាសន្ន​ដែល​រាំង​​​ចិញ្ចើម​ផ្លូវ​ផង​ដែរ​។

មេការ​កម្ម​ករ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​រូប​នេះ​​និយាយ​ទៀត​​ថា “​ខ្ញុំ​នឹង​គោរព​តាម​បទ​​​បញ្ជា​ ពីព្រោះ​វា​ជា​​ទ្រព្យ​សម្បត្តិ​រដ្ឋ​”។ ទោះ​ជា​យ៉ាង​ណា គាត់​បាន​​លើក​ឡើង​បន្ថែម​ថា ខណៈ​​អាជ្ញាធរ​រាជធានី​​ធ្លាប់​​បាន​ណែនាំ​ឲ្យ​​សហ​​ការី​របស់​ខ្លួន​​ធ្វើ​​យ៉ាង​ណា​រក្សា​ឲ្យ​ចិញ្ចើម​ផ្លូវ និង​ផ្លូវ​ស្រឡះ​ស្អាត ជា​ញឹក​ញាប់​វា​មាន​ការ​​​​លំបាក​ក្នុង​ការ​ចៀស​វាង​​​ពី​ការ​ពង្រីក​ចូល​ដី​សាធារណៈ​ ដោយ​សារ​តែ​បរិយាកាស​ក្រុង​។

លោក​​ថ្លែង​ថា “​វា​ជា​ការ​ចាំបាច់​ក្នុង​ការ​ពឹង​​​​ផ្អែក​លើ​ផ្នែក​ខ្លះ​នៃ​ចិញ្ចើម​ផ្លូវ ពីព្រោះ​ទីធ្លា​ចង្អៀត​ពេក។ បើ​យើង​ដាក់​សម្ភារ​របស់​យើង​​​​​នៅ​ឆ្ងាយ​ពេក ​វា​​ខាត​ពេល​”៕ សុខុម​​​​​​​

 

 

The post ​ក្រសួង​បញ្ជា​ឲ្យ​អភិបាល​រាជ​ធានី​ខេត្ត​​​ពិនិត្យ​​ការដ្ឋាន​សាង​សង់ appeared first on ខេមបូឌា ដេលី.