ការ​ស៊ើប​អង្កេត​​​​​​ចៅអធិការ​​រួម​ភេទ​ជាមួយ​សាមណេរ​​​ពង្រីក​ដល់​៤​វត្ត​

នគរ​បាល​បាន​និយាយ​កាលពី​ម្សិលមិញ​ថា ​ការ​ស៊ើបអង្កេត​ក្នុង​ករណី​​ព្រះ​ចៅអធិការ​​​​វត្ត​មួយ​ក្នុង​ខេត្ត​សៀមរាប ​ដែល​សារភាព​ថា​​ខ្លួន​បាន​​បង្ខំ​ឲ្យ​សាមណេរ​ចំនួន​១០​អង្គ​រួម​ភេទ​​​ជា​មួយ​ខ្លួន​នោះ នឹង​ត្រូវ​ពង្រីក​បន្ថែម​ បន្ទាប់​​ពី​​​លេច​ឮ​ព័ត៌មាន​ថា កាលពី​មុន​​ ព្រះ​សង្ឃ​អង្គ​នេះ​ធ្លាប់​គង់​នៅ​វត្ត​ចំនួន​បី​ផ្សេង​ទៀត​។

​នគរ​បាល​មូលដ្ឋាន​​​បាន​​ចាប់​ខ្លួន​​ព្រះចៅ​អធិការ​ព្រះនាម​ វង្ស ចែត ព្រះជន្ម​៤៦​វស្សា​កាល​​​ពី​ថ្ងៃ​អាទិត្យ បន្ទាប់ពី​ទទួល​បាន​ពាក្យ​បណ្ដឹង​ថា ​ព្រះ​សង្ឃ​អង្គ​នេះ​បាន​រួម​ភេទ​ជាមួយ​​​សាមណេរ​​ក្មេង​​ដែល​មាន​​ព្រះជន្ម​ចន្លោះពី​១១​វស្សា​ទៅ​១៧​វស្សា​នៅ​វត្ត​រតនៈ​​​មនី ក្នុង​ស្រុក​ក្រឡាញ់​ ដែល​ដាច់​ស្រយាល​ហើយ​ពេល​នេះ​​​នឹង​ស៊ើបអង្កេត​​​​ទាក់​ទិន​​រយៈ​ពេល​ដែល​ព្រះសង្ឃ​អង្គ​នេះ​ធ្លាប់​​គង់​នៅ​​វត្ត​​ក្នុង​ខេត្ត​កំពត​ សៀមរាប និង​ខេត្ត​បាត់​ដំបង​។

លោកស្រី ដួង ថាវរី ​នាយការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​​ និង​​ការ​ពារ​អនីតិ​ជន​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​ថា ”​នគរ​បាល​យើង​​​នឹង​បើក​ការ​ស៊ើបអង្កេត​​ដើម្បី​​​ស្វែង​រក​ការ​ពិត​​ថា ​តើ​មាន​ជន​រងគ្រោះ​បន្ថែម​ទៀត​ទេ ពីព្រោះ​ព្រះសង្ឃ​អង្គ​នេះ​​ធ្លាប់​បាន​​​​ផ្លាស់​ចេញពី​វត្ត​ពីរ​បី​មក​រួច​ហើយ​​ មុន​ពេល​​គាត់​​​ក្លាយ​ជា​ព្រះ​ចៅអធិការ​​​វត្ត​រតនៈ​មនី”។

​លោក​ស្រី​បាន​​លើក​ឡើង​ទៀត​​​ថា អំឡុង​​​​ពេល​នគរ​​បាល​សាក​សួរ អន្ទិត​​ វង្ស ចែត បាន​សារភាព​ថា ខ្លួន​ពិត​ជា​បាន​​​រួម​ភេទ​ជាមួយ​សាមណេរ​​ទាំង​នោះ​​មែន ហើយ​​​បាន​ឲ្យ​​ប្រាក់​​​ទៅ​សាមណេរ​ទាំង​នោះ​​​ជា​​ថ្នូរ​នៃ​ការ​បិទ​​មាត់​ ​ប៉ុន្តែ​​​​បាន​បញ្ជាក់​​​ថា “​គាត់​មិន​​​ធ្លាប់​​ប្រព្រឹត្ត​​អំពើ​​​ចាប់​រំលោភ​​ទេពី​មុន​មក​ទេ​​ គឺ​ទើប​តែ​ពេល​​គាត់​ផ្លាស់​មក​​វត្ត​រតនៈ​មនី​ប៉ុណ្ណោះ”។​

លោកស្រី​បាន​​​បន្ត​ថា អន្ទិត​ វង្ស ចែត បាន​​​​មក​ដល់​ខេត្ត​សៀមរាប​ បន្ទាប់ពី​ចំណាយ​ពេល​​​​​២​ឆ្នាំ​​​គង់​នៅ​វត្ត​ទ្រនាប់​ឫស្សី ក្នុង​ស្រុក​ឈូក ​​ខេត្ត​កំពត។ ​មុន​ពេល​នោះ ​​គាត់​បាន​ចំណាយ​​​​ពេល​២​ឆ្នាំ​​គង់​​នៅ​វត្ត​​កែវ ក្នុង​ស្រុក​ឯកភ្នំ ខេត្ត​​បាត់ដំបង និង​ប្រហែល​១​ឆ្នាំ​​គង់​នៅ​វត្ត​តាគាក ក្នុង​ស្រុក​ពួក​ ខេត្ត​សៀមរាប។

មុន​ពេល​​​សាង​ផ្នួស ​គាត់​ធ្លាប់​រៀបការ​​ និង​​​មាន​កូន​ពីរ​នាក់​ ប៉ុន្តែ​បាន​លែង​លះ​ប្រពន្ធ​ក្នុង​ឆ្នាំ​២០០៣។ គាត់​​បាន​ធ្វើ​ជា​ទាហាន​ចន្លោះ​ពី​ឆ្នាំ​១៩៧៩ ​ដល់​ឆ្នាំ​១៩៩៤​​។ លោក​ស្រី​បាន​សាក​សួរ​អន្ទិត​រូប​នេះ​​ថា ហេតុ​អ្វី​បាន​ជា​​ខ្លួន​​ផ្លាស់​ចេញ​​​ពី​វត្ត​​មួយ​ទៅ​វត្ត​មួយ​ក្នុង​ចំណោម​វត្ត​ចំនួន​បួន​នេះ​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ គាត់​ឆ្លើយ​ថា​ “​គាត់​ចង់​បាន​តំណែង​ខ្ពស់​​” នៅ​ក្នុង​ភេទ​ជា​បព្វជិត។

យោង​តាម​ព្រះរាជអាជ្ញា​បាន​ឲ្យ​ដឹង​ថា ​អន្ទិត​ វង្ស ចែត មាន​ឱកាស​​បង្កើត​​ទំនាក់​ទំនង​​ផ្លូវ​​ភេទ​​ជាមួយ​សាមណេរ​ក្មេងៗ​​នៅ​វត្ត​រតនៈ​​មនី​ យ៉ាង​សេរី​ ពីព្រោះ​ក្នុង​ចំណោម​ព្រះសង្ឃ​ចំនួន​១៥​អង្គ​ មាន​តែ​គាត់​ និង​​លេខា​​​របស់​គាត់​​​ប៉ុណ្ណោះ​ដែល​ជា​មនុស្ស​ពេញ​វ័យ។ ​​​គាត់​ត្រូវ​បាន​ចោទ​ប្រកាន់​ និង​ដាក់​ពន្ធនាគារ​​កាលពី​ថ្ងៃ​អង្គារ។ពេល​ទាក់​ទង​កាលពី​ម្សិលមិញ​​ សាម​ណេរ​​​មួយ​អង្គ​​​ព្រះជន្ម ១៧​វស្សាដែល​ស្ថិត​នៅ​​​ក្នុង​​ចំណោម​​​​ជន​រង​គ្រោះ​ ​បាន​មាន​សង្ឃដីកា​ថា ព្រះ​អង្គ​ និង​​ព្រះសង្ឃ​​ប្រាំបួន​អង្គ​ទៀត​​បាន​​និមន្តទៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ដើម្បី​ធ្វើ​តេស្ត​ឈាម​ដែល​​​បាន​​បញ្ជាក់​ថា ពួក​គាត់​មិន​ឆ្លង​ជំងឺ​​​អ្វី​ឡើយ​។

សាម​ណេរ​ដដែល​​ក៏​​បាន​លើក​ឡើង​​ដែរ​ថា សាម​ណេរ​​រងគ្រោះ​មួយ​ចំនួន​​​ដែល​​​គង់​នៅ​វត្ត​​រតនៈ​មនី​ នៅ​ឡើយ​ កំពុង​ពិចារណា​​ចាក​ចេញពី​វត្ត​នេះ​។ ព្រះអង្គ​បន្ត​​ថា ​”​ពួក​អាត្មា​ខ្លះ​ចង់​រើ​ចេញទៅ​វត្ត​ថ្មី​ ពីព្រោះ​នៅ​ទី​នោះ​នៅ​​តែ​មាន​បញ្ហា​។ លោក​​មួយ​អង្គ​​នៅ​ទីនោះ​ដូច​ជើង​កាង​​អញ្ចឹង ហើយ​វ៉ៃ​ពួក​អាត្មា​​ជា​ញឹក​ញាប់” ប៉ុន្តែ​​បាន​​​​បដិសេធ​មិន​បញ្ចេញ​​ព្រះ​នាម​​​​ព្រះសង្ឃ​ដែល​​ប្រើ​ហិង្សា​អង្គ​​នោះ​​ឡើយ​។

​​ទាក់​ទិន​ករណី​នេះ មន្ត្រី​​សង្ឃ​​បាន​ព្យាយាម​​​ទាញ​ហេតុ​​ផល​ថា ទង្វើ​របស់​​អន្ទិត វង្ស ចែត ដែល​​​​អាច​​ចាត់​ទុក​​ថា​ជា​សកម្មភាព​ខុស​ប្រក្រតី​​​នោះ មិន​ពាក់​ព័ន្ធ​នឹង​​​​​​បព្វ​ជិត​ទូទៅ​ឡើយ៕ សុខុម​​​​​​​​​​​

 

 

The post ការ​ស៊ើប​អង្កេត​​​​​​ចៅអធិការ​​រួម​ភេទ​ជាមួយ​សាមណេរ​​​ពង្រីក​ដល់​៤​វត្ត​ appeared first on ខេមបូឌា ដេលី.