ជនសង្ស័យប្រាំ​​​មួយ​​​នាក់​​​ក្នុងករណី​​​​​​ឃាត​​​កម្ម​​​លើ​​​ក្រុម​​​ល្បាត​​​ព្រៃ​ ​​ជាប់​​​ចោទ​​​​​​ពីបទ​​​កាប់ឈើ​​​ខុស​​​ច្បាប់​​​

មន្ត្រី​​​តុលាការ​​​ម្នាក់​​​បាន​​​និយាយ​​​ថា មនុស្ស​​​ប្រាំ​​​មួយ​​​នាក់​​​ដែល​​​​​​សង្ស័យ​​​ថា មាន​​​ជាប់​​​​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​រឿង​​​ឃាត​​​កម្ម​​​កាល​​​ពី​​​ចុង​​​សប្តាហ៍​​​លើ​​​មន្ត្រី​​​នគរបាល​​​មូល​​​ដ្ឋាន​​​ម្នាក់​​​ និង​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ម្នាក់​​​ក្នុង​​​ខេត្ត​​​ព្រះ​​​វិហារ ត្រូវ​​​បាន​​​ចោទ​​​ ប្រកាន់​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ ពី​​​បទ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់ ខណៈ​​​ដែល​​​អាជ្ញាធរ​​​បន្ត​​​ស្វែង​​​រក​​​ភ័ស្តុ​​​តាង​​​ភ្ជាប់​​​ពួក​​​គេ​​​ទៅ​​​នឹង​​​ឃាត​​​កម្ម​​​លើ​​​មនុស្ស​​​ទាំង​​​ពីរ​​​នាក់នេះ។

ជន​​​សង្ស័យ​​​ទាំង​​​ប្រាំ​​​មួយ​​​នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​បាញ់​​​ស្លាប់​​​លោក សាប់​​​ យស់ មន្ត្រី​​​នគរ​​​បាល​​​ស្រុក​​​ឆែប​​​ និង​​​លោក សៀង ណារ៉ុង មន្ត្រី​​​រដ្ឋបាល​​​ព្រៃឈើ​​​ស្រុក​​​ឆែប​​​កាល​​​ពី​​​រំលង​​​អាធ្រាត្រ​​​ឈាន​​​ចូល​​​ព្រឹក​​​ថ្ងៃ​​​សៅរ៍ អំឡុង​​​ពេល​​​ល្បាត​​​នៅ​​​ពេល​​​យប់​​​​​​រក​​​អ្នក​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ក្នុង​​​ព្រៃ​​​ព្រះ​​​រកា។

ព្រះរាជអាជ្ញា​​​តុលាការ​​​ខេត្ត​​​ព្រះ​​​វិហារ ​​​លោក លី លន់​​​ បានលើក​​​​​​ឡើង​​​​​​ថា ម្នាក់​​​ក្នុង​​​ចំណោម​​​ប្រាំ​​​មួយ​​​នាក់​​​ គឺ​​​លោក សុខ ប៊ុន​​​រឿន  ជា​​​ទាហាន​​​នៅ​​​កងពល​​​តូច​​​លេខ​​​៩​​​នៃ​​​កង​​​ពល​​​លេខ​​​៣​​​របស់​​​កង​​​យោធពល​​​ខេមរ​​​ភូមិន្ទ ហើយ​​​ពួក​​​គេ​​​ទាំង​​​អស់​​​ត្រូវ​​​បាន​​​ចោទ​​​ពី​​​បទ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់ និង​​​ប្រើ​​​រណារ​​​គ្មាន​​​ការ​​​អនុញ្ញាត​​​ ដើម្បី​​​ប្រមូល​​​ផល​​​ព្រៃ​​​ឈើ។ បទ​​​ចោទ​​​កាប់​​​ឈើ​​​ដែល​​​ជន​​​សង្ស័យ​​​ទាំង​​​នោះ​​​បាន​​​សារភាព អាច​មាន​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​ដល់​​​ទៅ​​​ប្រាំ​​​ឆ្នាំ។

លោក លី លន់​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​”យើង​​​ បាន​​​ចោទ​​​ប្រកាន់​​​មនុស្ស​​​ប្រាំ​​​មួយ​​​នាក់​​​ និង​​​បាន​​​បញ្ជូន​​​ពួក​​​​​​គេ​​​ទៅ​​​ឃុំ​​​ខ្លួន​​​នៅ​​​ពន្ធនាគារ​​​ខេត្ត​​​។ យើង​​​បាន​​​សួរ​​​ទាហាន​​​នោះ​​​ និង​​​អ្នក​​​កាប់​​​ឈើ​​​ប្រាំ​​​នាក់​​​ ហើយ​​​ពួក​​​គេ​​​បាន​​​បដិសេធ​​​ថា​​​មិន​​​បាន​​​បាញ់​​​ស្លាប់​​​មន្ត្រី​​​ទាំង​​​ពីរ​​​នាក់នេះ​​​ទេ​​​​​​។ ពួក​​​គេ​​​បាន​​​ប្រាប់​​​យើង​​​ថា ពួក​​​គេ​​​មិន​​​បាន​​​ដឹង​​​អំពី​​​ឃាត​​​កម្ម​​​​​​នោះ​​​ទេ ពីព្រោះ​​​ពួក​​​គេ​​​គ្រាន់​​​តែ​​​ត្រូវ​​​គេ​​​ជួល​​​ឲ្យ​​​កាប់​​​ឈើ​​​ប៉ុណ្ណោះ”។

“យើង​​​គ្មាន​​​​​​ភ័ស្តុតាង​​​​​​ចោទ​​​ប្រកាន់​​​ពួក​​​គេ ថាបាន​​​ប្រព្រឹត្ត​​​អំពើ​​​ឃាត​​​កម្ម​​​ទេ​​​ដូច្នេះ​​​យើង​​​ឃាត់​​​ខ្លួន​​​ពួក​​​គេ​​​ដើម្បី​​​រង់​​​ចាំ​​​ក្រសួង​​​​​​ មហា​​​ផ្ទៃ​​​ស៊ើប​​​អង្កេត”។

នគរបាល​​​ខេត្ត​​​កាល​​​ពី​​​ពេល​​​មុន​​​នេះ​​​បាន​​​និយាយ​​​ថា ពួក​​​គេ​​​ប្រាំ​​​មួយ​​​នាក់​​​មិន​​​មែន​​​ជា​​​ទាហាន​​​ទេ។ ទោះ​​​យ៉ាង​​​ណា​​​ក៏​​​ដោយ​​​ អត្ត​​​សញ្ញាណ​​​របស់​​​លោក ប៊ុន​​​រឿន មាន​​​ន័យ​​​ថា ​​​ឥឡូវ​​​នេះ​​​ មាន​​​ទាហាន​​​ពីរ​​​នាក់​​​ហើយ​​​ត្រូវ​​​គេ​​​សង្ស័យ​​​ក្នុង​​​ករណី​​​ឃាត​​​កម្ម​​​នេះ។ លោក ចាន់ លឿង សមាជិក​​​ម្នាក់​​​ទៀត​​​នៃ​​​កងពល​​​តូច​​​លេខ​​​៩ ត្រូវ​​​បាន​​​​​​ចាប់​​​ខ្លួន​​​ពាក់​​​ព័ន្ធ​​​នឹង​​​ករណី​​​នេះ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ។

ពេល​​​ទាក់​​​ទង​​​កាល​​​ពី​​​ថ្ងៃ​​​ម្សិលមិញ មន្ត្រី​​​នគរ​​​បាល​​​មួយ​​​រូប​​​ឈ្មោះ ភេទ សុភ័ណ ដែល​​​ស្ថិត​​​ក្នុង​​​ក្រុម​​​ល្បាត​​​ពេល​​​យប់​​​នោះ​​​ដែរ​​​ ហើយ​​​​បាន​​​គេច​​​ខ្លួន​​​រួច​​​ បន្ទាប់​​​ពី​​​​​​ត្រូវ​​​គ្រាប់​​​កាំភ្លើង​​​មួយ​​​គ្រាប់​​​​​​របស់​​​ជន​​​ដៃ​​​ដល់​​​បាន​​​និយាយ​​​ថា ​​​លោក លឿង បាន​​​គំរាម​​​សម្លាប់​​​គាត់​​​ប្រហែល ​​​មួយ​​​ខែ​​​មុន។ ប៉ុន្តែ លោក សុភ័ណ បាន​​​និយាយ ​​​ថា លោក​​​មិន​​​អាច​​​ប្រាប់​​​អត្ត​​​សញ្ញាណ​​​ខ្មាន់​​​កាំភ្លើង​​​ក្នុងហេតុ​​​ការណ៍​​​​​​ការ​​​វាយ​​​ប្រហារ​​​នៅ​​​ថ្ងៃ​​​សៅរ៍​នោះ​បាន​​​ទេ។ លោក​​​បាន​​​និយាយ​​​ថា ​​​លោក​​​ជឿ​​​​​​ថា លោក លឿង ​ជាប់​​​ពាក់​​​ព័ន្ធ។

លោក​​​បាន​​​និយាយ​​​ទៀត​​​ថា “ទាហាន​​​ឈ្មោះ  ចាន់​​​ លឿង ខឹង​​​ខ្លាំង​​​ ហើយ​​​បាន​​​សងសឹក​​​ពី​​​ព្រោះ​​​ក្រុម​​​មន្ត្រី​​​របស់​​​ខ្ញុំ​​​បាន​​​ចាប់​​​ខ្លួន​​​កូន​​​ប្រសារ ​​​ប្រុស​​​របស់​​គាត់​​​ ហើយ​​​ដាក់​​​គុក​​​កាល​​​ពី​​​ខែ​​​មុន នៅ​​​ពេល​​​គាត់​​​ទៅ​ទាន់​​​ពេល​​​កាប់​​​ឈើ”។

លោក សុភ័ណ បាន​​​អះ​​​អាង​​​ថា មន្ត្រី​​​ជាន់​​​ខ្ពស់​​​ច្រើន​​​នាក់​​​ក្នុង​​​កងពល​​​តូច​​​លេខ​​​៩បាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ការ​​​រក​​​ស៊ី​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​នៅ​​​ក្នុង​​​តំបន់​​​នោះ។

គាត់​​​បាន​​​និយាយ​​​ទៀត​​​ថា “ទាហាន​​​មក​​​ពី​​​កង​​​ពល​​​តូច​​​លេខ​​​៩ បាន​​​ជួល​​​​មនុស្ស​​​ឲ្យ​​​កាប់​​​ឈើ​​​ ហើយ​​​អ្នក​​​កាប់​​​ឈើ​​​ប្រាំ​​​មួយ​​​នាក់​​​ដែល​​​យើង​​​បាន​​​ចាប់​​​ខ្លួន​​​លើក​​​មុន​​​ គឺ​​​ជួល​​​ដោយ​​​កង​​​ពល​​​តូច​​​លេខ​​​៩”។

ក្រុម​​​មន្ត្រី​​​​​​​​​​​​​​​កងពល​​​តូច​​​លេខ​​​៩មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​ពន្យល់​​​​​​បាន​​​ទេ។ ប៉ុន្តែ លោក​ស្រី  ឌឹក មេបញ្ជាការ​​​កងពល​​​លេខ​​​៣​​​ ដែល​​​មើល​​​ការ​​​ខុស​​​ត្រូវ​​​កង​​​ពល​​​តូច​​​នេះ​​​បាន​​​បដិសេធ​​​ការ​​​ចោទ​​​ប្រកាន់​​​កាប់​​​ឈើ​​​នេះ។

មេបញ្ជាការ​​​រូប​​​នេះ បាន​​​មាន​ប្រសាសន៍​​​ថា “ខ្ញុំ​​​សូម​​​បដិសេធ​​​ថា ទាហាន​​​របស់​​​យើង​​​មិន​​​មែន​​​ជា​​​អ្នក​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ទេ​​​ ពី​​​ព្រោះ​​​ពួក​​​គេ​​​យល់​​​យ៉ាង​​​ច្បាស់​​​ថា ពួក​​​គេ​​​នឹង​​​ទទួល​​​ទណ្ឌកម្ម​​​តាម​​​វិន័យ​​​យោធា​​​ ប្រសិន​​​បើ​​ពួក​​​​​​គេ​​​ធ្វើ​​​ខុស”។

“ខ្ញុំ​​​បាន​​​ទទួល​​​ព័ត៌មាន​​​ថា ទាហាន​​​ពីរ​​​នាក់​​​ត្រូវ​​​បាន​​​គេ​​​នាំ​​​ទៅ​​​សាក​​​សួរ​​​​​​នៅ​​​ស្នងការដ្ឋាន​​​នគរ​​​បាល​​​ខេត្ត។ ប៉ុន្តែ ខ្ញុំ​​​សូម​​​ប្រាប់​​​ថា ​​​នគរ​​​បាល​​​​​​មិន​​​អាច​​​ចោទ​​​ប្រកាន់​​​ពួក​​​គេ​​​ពី​​​បទ​​​មនុស្ស​​​ឃាត ​​​បាន​​​ទេ​​​ ប្រសិន​​​បើ​​​ពួក​​​គេ​​​មិន​​​មាន​​​ ភ័ស្តុ​​​តាង​​​បញ្ជាក់”។

លោក ខាត់ ហ៊ុន ស្នង​​​ការ​​​រង​​​នគរ​​​បាល​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក ​​​លឿង ​​​កំពុង​​​ត្រូវ​​​គេ​​​សាក​​​សួរ​​​នៅ​​​ឡើយ​​​ ហើយ​​​មិន​​​ទាន់​​​ត្រូវ​​​ចោទ​​​ប្រកាន់​​​អំពី​​​ឧក្រិដ្ឋ​​​កម្ម​​​ណា​​​មួយ​​នៅ​​​​ឡើយ​​​​​​​​​ទេ៕និត

The post ជនសង្ស័យប្រាំ​​​មួយ​​​នាក់​​​ក្នុងករណី​​​​​​ឃាត​​​កម្ម​​​លើ​​​ក្រុម​​​ល្បាត​​​ព្រៃ​ ​​ជាប់​​​ចោទ​​​​​​ពីបទ​​​កាប់ឈើ​​​ខុស​​​ច្បាប់​​​ appeared first on ខេមបូឌា ដេលី.