វិចារណកថាៈ សន្តិសុខសង្គម មានតម្លៃធំធេង សម្រាប់ ប្រជាពលរដ្ឋ

រយៈពេលប្រមាណ២ខែចុងក្រោយនេះ បទល្មើសប្លន់ប្រដាប់អាវុធ មិនមែនកើតឡើង តែនៅក្នុងរាជធានីភ្នំពេញ ប៉ុណ្ណោះទេ គឺនៅក្នុងខេត្តកំពង់ស្ពឺ ខេត្តឧត្តរមានជ័យ ខេត្តកំពត និងបណ្តាខេត្តមួយចំនួនទៀត ក៏កើតឡើង គួរឲ្យព្រួយ បារម្ភដែរ ។ ប្រការនេះបានធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំងពីអសន្តិសុខសង្គម ហើយអំពាវ នាវ ដល់មន្រ្តីអាជ្ញាធរ និងសមត្ថកិច្ ចឲ្យយកចិត្តទុកដាក់ពង្រឹងសន្តិសុខសង្គមឡើងវិញ ដោយទប់ស្កាត់បទ ល្មើស ផ្សេងៗដូចជាអំពើចោរកម្ម គ្រឿងញៀន ល្បែងស៊ីសង និងអំពើឃាតកម្មជាដើមប្រកបដោយប្រសិទ្ធភាព ។ ប្រជាពលរដ្ឋទូទៅបានលើកឡើងថា សន្តិសុខសង្គម មានតម្លៃធំធេងណាស់ សម្រាប់ពួកគាត់ក្នុងការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត ដោយសុខសាន្តគ្មានការ ភ័យខ្លាចពី សុវត្ថិភាពផ្ទាល់ខ្លួន ។ ជាមួយគ្នានេះប្រជាពលរដ្ឋ បានបញ្ជាក់ថា ការកើនឡើងនៃអំពើចោរកម្ម បទល្មើស គ្រឿងញៀន និងល្បែងស៊ីសង ធ្វើឲ្យពួកគាត់មានការ ភ័យខ្លាចគ្រប់ពេលវេលា ជាពិសេសករណីប្លន់ប្រដាប់អាវុធ និង ចោរឆក់តាមដងផ្លូវ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់សន្តិសុខសង្គម ។

  តាមសង្កេតជាក់ស្តែងសមត្ថកិច្ច ក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តបន្ទាយមានជ័យ ខេត្ត សៀមរាប ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល និងបណ្តាខេត្តផ្សេងៗទៀត បានយកចិត្តទុកដាក់ក្នុងការបង្រ្កាប បទល្មើស ផ្សេងៗ ដើម្បីពង្រឹងសន្តិសុខសង្គម ស្របទៅតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និង បទបញ្ជារបស់នាយ ឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងការពង្រឹងសន្តិសុខសង្គម ។ រយៈពេលប៉ុន្មានខែកន្លងមក នេះសមត្ថកិច្ចក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានាបង្រ្កាបបទល្មើសចោរកម្មលួច ឆក់ ប្លន់ បទល្មើសគ្រឿងញៀន និងល្បែងស៊ីសងបានរាប់រយករណីដូចដែលសារព័ត៌មាន និងគេហទំព័រនានា បានចុះផ្សាយជាសាធារណៈ ។ ក៏ប៉ុន្តែបទ ល្មើសដូចរៀបរាប់ខាងលើនេះ ហាក់ដូចជាពុំមានការថយចុះគួរ ឲ្យកត់សម្គាល់នៅឡើយទេ ហើយប្រជាពលរដ្ឋនៅតែ សម្តែងសេចក្តីព្រួយបារម្ភចំពោះអសន្តិសុខសង្គម ព្រោះសូម្បីតែនៅតំបន់ដាច់ស្រយាលមួយចំនួន ក៏មានបទល្មើស គ្រឿងញៀនកើតឡើងយ៉ាងពេញបន្ទុកដែរ ។

កាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ កម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្រ្កាប និងចាប់ ខ្លួនមុខ សញ្ញាចែកចាយគ្រឿងញៀន លួចម៉ូតូ និងគាស់ផ្ទះក្នុងមូលដ្ឋានបានចំនួន៥នាក់នៅចំណុចភូមិថ្មគោល១ សង្កាត់ចោម ចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ប្រតិបត្តិការនេះបានធ្វើឲ្យប្រជាពលរដ្ឋ ក្នុងសង្កាត់ ចោមចៅគាំទ្រយ៉ាង ពេញទំហឹង ព្រោះកន្លងមកបទល្មើសចោរកម្ម និងគ្រឿងញៀនក្នុងមូលដ្ឋាន របស់ពួក គាត់កើតឡើងយ៉ាងអនាធិបតេយ្យ ហើយសមត្ថកិច្ច និងមន្រ្តីអាជ្ញាធរមូលដ្ឋាន មិនយកចិត្តទុកដាក់បង្រ្កាប បទល្មើសឡើយ ។ នៅក្នុងរាជធានីភ្នំពេញ ខណ្ឌ ពោធិ៍សែនជ័យ ខណ្ឌសែនសុខ ខណ្ឌមានជ័យ ខណ្ឌទួលគោក និងខណ្ឌច្បារអំពៅជាដើម បទល្មើសផ្សេងៗកើតឡើង ទាំងយប់ទាំងថ្ងៃ ហើយសមត្ថកិច្ចមិនទាន់បង្រ្កាប ប្រកបដោយប្រសិទ្ធភាពទេ ។ នៅតាមផ្លូវ ២៦១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក គឺនៅមុខអធិការដ្ឋាន នគរបាលខណ្ឌ ក្រុមចោរធ្វើសកម្មភាពឆក់កាបូបប្រជាពលរដ្ឋជាញឹកញាប់ ហើយ កម្លាំងនគរបាលខណ្ឌ ទួលគោកមិនដែលបង្រ្កាបបានមួយករណីណាឡើយ ។

នៅក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ កម្លាំងកងរាជអាវុធហត្ថខេត្តសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងតំណាងអយ្យការបានបើកប្រតិបត្តិការឆែកឆេរនៅផ្ទះសំណាក់សុវណ្ណា ក្នុងភូមិក្រាំង ពលទេព សង្កាត់រកាធំ ក្រុងច្បារមន ហើយមុខសញ្ញាជួយដូរចែកចាយ ប្រើប្រាស់គ្រឿងញៀន និងមុខ សញ្ញា ចោរកម្មចំនួន៨នាក់ ត្រូវបានចាប់ខ្លួន ។ នៅក្នុងប្រតិបត្តិការនោះដែរ សមត្កកិច្ចរកឃើញវត្ថុតាង យ៉ាងច្រើនដូច ជា គ្រឿងញៀន ឧបករណ៍ សម្រាប់ជក់ ស្លាកលេខម៉ូតូ និងលុយជិត១ម៉ឹនដុល្លារ ហើយនៅក្នុងបន្ទប់នីមួយៗ នៃផ្ទះសំណាក់សុវណ្ណាសុទ្ធតែជា កន្លែងក្រុមជនសង្ស័យលាក់ខ្លួន ធ្វើសកម្មភាពចែកចាយគ្រឿងញៀន និងជក់គ្រឿងញៀន ។ ប្រជាពលរដ្ឋក្នុងក្រុងច្បារ មនបានគាំទ្រចំណាត់ការរបស់សមត្ថកិច្ច ក្នុងការបង្រ្កាបបទ ល្មើសនៅផ្ទះសំណាក់សុវណ្ណា ព្រោះកន្លងមកក្រុមជន សង្ស័យដែលស្នាក់នៅក្នុងផ្ទះសំណាក់នេះ តែងធ្វើ សកម្មភាពខុសច្បាប់ ដោយគ្មានញញើតអ្វីទាំងអស់ ។

  រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះដែរ ស្នងការនគរបាលខេត្តព្រះសីហនុ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងខេត្តមួយចំនួនទៀត បានដាក់ចេញនូវផែនការពង្រឹង សន្តិសុខក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសគឺ ការបង្រ្កាបបទ ល្មើសចោរកម្ម បទល្មើសគ្រឿងញៀន និងល្បែងស៊ីសងជាដើម ដើម្បីពង្រឹងសន្តិសុខសង្គម ។ បញ្ហានេះប្រជាពលរដ្ឋ រង់ចាំមើលលទ្ធផលជាក់ស្តែងរបស់សមត្ថកិច្ចក្នុងការពង្រឹងសន្តិសុខសង្គម ព្រោះសន្តិសុខ សង្គមមានតម្លៃធំធេង សម្រាប់ការរស់នៅរបស់ពួកគាត់ ។ មជ្ឈដ្ឋាននានាបានកត់សម្គាល់ថា នៅក្នុងសប្តាហ៍នេះ សមត្ថកិច្ចក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាបង្រ្កាបបទល្មើសផ្សេងៗបានជាច្រើនករណី ជាពិសេស ល្បែងស៊ីសង គ្រឿងញៀន និងមុខ សញ្ញាចោរឆក់ ចោរប្លន់ និងចោរគាស់ផ្ទះជាដើម ។ ប្រជាពលរដ្ឋអំពាវនាវ ឲ្យសមត្ថកិច្ច និងមន្រ្តីអាជ្ញាធរគ្រប់លំដាប់ ថ្នាក់ចាត់វិធានការបង្រ្កាបបទល្មើសពង្រឹងសន្តិសុខសង្គមជាប្រចាំ ដើម្បីធានាភាពកក់ក្តៅ និងទំនុកចិត្តរបស់ប្រជាពលរដ្ឋក្នុងការរស់នៅ និងប្រកបរបរទទួលទានដោយសុខសាន្ត ៕