លោក សម រង្ស៊ី៖ រដ្ឋាភិបាល​នឹង​ប្រើ​មធ្យោបាយ​មិន​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ប្រទេស​ជប៉ុន​ថា រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ នឹង​ប្រើប្រាស់​មធ្យោបាយ​គ្រប់​ប្រភេទ​ដើម្បី​រារាំង​មិន​ឲ្យ​មាន​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨ ដោយសារ​តែ​ព្រួយ​បារម្ភ​ពី​ការ​ចាញ់​ឆ្នោត។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​របស់​ក្លឹប​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន លោក សម រង្ស៊ី បន្ត​ថា ក្តី​បារម្ភ​របស់​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ បន្ទាប់​ពី​លទ្ធផល​បោះឆ្នោត​បណ្ដោះអាសន្ន​នៅ​ប្រទេស​មីយ៉ាន់ម៉ា ឬ ភូមា បង្ហាញ​ថា គណបក្ស​ប្រឆាំង​ដែល​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុង សាន ស៊ូជី (Aung San Suu Kyi) បាន​ឈ្នះ​ឆ្នោត។

លោក សម រង្ស៊ី បន្ត​ថា យុទ្ធសាស្ត្រ​របស់​លោក ហ៊ុន សែន ដើម្បី​អាច​រក្សា​អំណាច​បាន​ទៅ​ទៀត​នោះ គឺ​បង្កើត​ឲ្យ​មាន​ឧបសគ្គ​ដើម្បី​រារាំង​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨ ខាង​មុខ។ លោក​បន្ត​ទៀត​ថា ដើម្បី​អាច​បង្ក​ឧបសគ្គ​មិន​ឲ្យ​មាន​ការ​បោះ​ឆ្នោត​នោះ រដ្ឋាភិបាល​ព្យាយាម​បង្កើត​អំពើ​ហិង្សា​ដើម្បី​អាច​ឈាន​ទៅ​ដល់​ការ​ធ្វើ​រដ្ឋប្រហារ ឬ​ក៏​ការ​ប្រកាស​អាសន្ន​ថ្នាក់​ជាតិ​ណា​មួយ។ លោក​ស្នើ​ឲ្យ​ប្រទេស​ម្ចាស់​ជំនួយ​កម្ពុជា ជាពិសេស​ប្រទេស​ជប៉ុន ជួយ​តាម​ដាន និង​ធានា​ថា ការ​បោះ​ឆ្នោត​ដែល​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ត្រូវ​តែ​កើត​ឡើង​នៅ​កម្ពុជា នៅ​ឆ្នាំ​២០១៨ ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។