​ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា ស្លាប់​ម្នាក់ នៅ​ស្រុក​ខ្សាច់កណ្តាល​

​កណ្តាល: យុវជន​ម្នាក់បាន​ស្លាប់​ភ្លាមៗនៅនឹងកន្លែង​កើតហេតុ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា នៅលើ​កំណាត់​ផ្លូវ​ខេត្ត ៣៨៣ K  នៅ​ភូមិ​ដុល ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។​

​ប៉ូលិស​ចរាចរណ៍ស្រុក​ខ្សាច់កណ្តាល បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់ឈ្មោះ យិន គិ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ ។​

​ប៉ូលិសបាន​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ មាន​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1AR-1481 បើកបរ​ដោយ​ឈ្មោះ ជឿន ម៉ៅ ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដុល ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ធ្វើដំណើរ​ក្នុងទិសដៅពី​លិចទៅ​កើត​។  លុះ​មកដល់​ចំណុច​ខាងលើ ម៉ូតូ​មួយ​នេះ​របស់ ជឿន ម៉ៅ បាន​បើក​ឆ្លងផ្លូវពី​លិចទៅ​ជើង ស្របពេលនោះក៏មាន​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង​1D5408 បើកបរ​ដោយ​ឈ្មោះ យិន គិ បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច បាន​បុក​គ្នា​ពេញ​មួយ​ទំហឹង បណ្តាល​ឲ្យ ឈ្មោះ យិន គិ ស្លាប់​ភ្លាមៗនៅនឹងកន្លែង​កើតហេតុ​។ ចំណែក​ឈ្មោះ​ជឿន ម៉ៅ បាន​រត់​គេចខ្លួនបាត់ ។​

​ប៉ូលិសបាន​បញ្ជាក់ថា ករណីនេះបណ្តាលមកពី​អ្នកបើកបរ​បង្កឈ្មោះ ជឿន ម៉ៅ បើកបរ​មិន​ប្រកាន់​ស្តាំ ខ្វះ​ការប្រុងប្រយ័ត្ន ។

ក្រោយ​កើតហេតុ សមត្ថកិច្ច បាន​វាស់វែងនិង​ដឹកយក​មធ្យោបាយ ទាំង​២​គ្រឿង ទៅ​រក្សាទុកនៅ​អធិការដ្ឋាន​នគរបាល​ស្រុកជា​បណ្តោះអាសន្ន​។ ចំណែក​សាកសព​ជនរងគ្រោះ សមត្ថកិច្ចបាន​ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យតាម​ប្រពៃណី៕V/S

​ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា ស្លាប់​ម្នាក់ នៅ​ស្រុក​ខ្សាច់កណ្តាល​