រថយន្ត​២​គ្រឿង​បុក​គ្នា​​បណ្តាល​ឱ្យ​មាន​អ្នក​រង​របួស​នៅ​ចំណុច​ផ្លូវបែក​ជា​បួន ​

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាងរថយន្ត​និងរថយន្តបុក​​ពេញទំហឹង នៅ​ចំណុចផ្លូវបែក​ជា​បួន បណ្តាល​ឱ្យ​មាន​មនុស្ស​រង​របួស​ធ្ងន់ ​ឯ​រថយន្ត​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ កាលពីវេលា​ម៉ោង​ជិត​១​​រំលង​អធ្រាត្រ​ឈាន​ចូលថ្ងៃ​ទី១២ ​វិច្ឆិកា ​២០១៥ ​​នៅ​ចំណុច​ផ្លូវ​លេខ១១៣ ​និង​​ផ្លូវ​លេខ​៣៦០ ស្ថិត​នៅ​ក្នុងសង្កាត់​បឹង​កេងកងទី៣ ខណ្ឌចំការមន ។

​សាក្សី​នៅ​​កន្លែង​កើតហេតុ បានឱ្យ​ដឹង​ថា ​​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក MATIZ MINI ពណ៌ទឹកប្រាក់ មួយ​គ្រឿង ពាក់​ស្លាក​លេខភ្នំពេញ  2U-2806 បើកបរ​ដោយ​នារី​ម្នាក់និង​​​រួម​ដំណើរជា​គ្រួសារ​២​នាក់​ទៀត ​​​​​ទិស​ដៅពី​ជើង​ទៅ​ត្បូង ​លុះ​មក​ដល់ចំណុច​កើតហេតុ ក៏​មាន​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ មួយ​គ្រឿង ពណ៌​ស្ករ ពាក់​ស្លាក​លេខភ្នំពេញ2R-1199 បើកបរ​ដោយ​បុរសម្នាក់​​​ ពី​កើត​ទៅ​លិច ​យ៉ាង​លឿន​​ជ្រុលមក​​បុក​រថយន្ត MATIZ MINI ចំពាក់​កណ្តាល វិល​គូទ​រថយន្តទៅ​ចិញ្ចើម​ផ្លូវ រង​ការ​ខូចខាត និង​អ្នកបើកបរ​រង​របួស​​ភ្នែក​​ធ្ងន់ ​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​​ព្យា​បាល​នៅ​មន្ទីរពេទ្យ​​ភ្លាម​ៗ ។ ​ចំណែក​រថយន្តហា​យ​ឡែ​ន​ឌ័​រ​ ក៏​រង​ការ​ខូចខាត មួយ​កំណាត់​មុខ​ដែរ ប៉ុន្តែ​សំណាងល្អ អ្នកបើកបរពុំ​មាន​រងគ្រោះថ្នាក់​​ចុះ​ពីលើ​រថយន្ត​របស់​ខ្លួន​ឡើង​ទៅ​ជិះ​រថយន្តម៉ាក​​ឡិចស៊ី​ស​មួយ​គ្រឿង​ទៀត​​គេ​ច​​ខ្លួន​បាត់​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​​សហការ​ជាមួយ​​នគរ​បាល​ចរាចរ​ក្រុងបាន​ចុះ​វាស់វែង រួច​យក​រថយន្តទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​ស្នងការ​ដ្ឋាន​​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​គ្នាតាម​ផ្លូវច្បាប់ ​៕​