ចិន មានទំនុកចិត្ត នឹងរក្សាទំនាក់ទំនងល្អ ជាមួយ មីយ៉ាន់ម៉ា ក្រោយបោះឆ្នោត

គុណមីង៖ លោករដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី បានថ្លែងកាលពីថ្ងៃពុធ ថា ប្រទេសចិន មានទំនុកចិត្តជានិច្ច ថាប្រទេសមីយ៉ាន់ម៉ា នឹងនៅតែបន្តទំនាក់ទំនងការទូតប្រកបដោយ មិត្តភាពល្អជានិច្ច ក្នុងនាមជាប្រទេសក្បែរខាងគ្នា ក្រោយការបោះឆ្នោតបានបញ្ចប់ទៅ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ ២០១៥ នេះ ទៀតថា ការលើកឡើងរបស់លោក វ៉ាង បានកើតឡើងបន្ទាប់ពីគណកម្មការបោះឆ្នោត មីយ៉ាន់ម៉ា ប្រកាសពីជោគជ័យ របស់គណបក្សសម្ព័ន្ធភាពជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ របស់ លោកស្រី អ៊ុងសាន ស៊ូជី ថាបានទទួលជ័យជម្នះ។

គួរបញ្ជាក់ថាលោកស្រី អ៊ុងសាន ស៊ូជី បានបំពេញទស្សនកិច្ច ទៅកាន់ប្រទេសចិន កាលពី ខែមិថុនា ដោយក្នុងនោះ មេដឹកនាំចលនា ប្រជាធិបតេយ្យ នៅមីយ៉ាន់ម៉ា រូបនេះក៏បានជួប ពិភាក្សាដោយផ្ទាល់ជាមួយនឹងលោកប្រធានាធិបតីចិន ស៊ី ជីនពីង ផងដែរ។

ដោយឡែកលោក វ៉ាង បានជួបពិភាក្សាផ្ទាល់ជាមួយនឹង សមភាគី មីយ៉ាន់ម៉ា គឺលោក យូ វុនណា ម៉ង ល្វីន នៅក្នុងកិច្ចប្រជុំ មួយនាខេត្តយូនណាន ប្រទេសសចិន កាលពីថ្ងៃពុធ។ ក្នុងនោះរដ្ឋមន្ត្រី ចិន បានកោតសរសើរ ចំពោះការបោះឆ្នោតរបស់ មីយ៉ាន់ម៉ា ជាប្រវត្តិសាស្ត្រ ដែលបានប្រព្រឹត្ត យ៉ាងរលូន ជាទីបំផុត។

យ៉ាងណាក៏ដោយប្រទេសចិន បានសម្តែងនូវសុទិដ្ឋិនិយមខ្ពស់ ចំពោះប្រទេសជិតខាងមួយ នេះ ថានឹងអាចរក្សាបាននូវស្ថិរភាព, សេចក្តីថ្លៃថ្នូរ, និង ការរីកចំរើនប្រកបដោយការរួបរួម គ្នា រវាងគណបក្សនយោបាយទាំងអស់ ទៅតាមអ្វីដែលសមគួរ សម្រាប់ស្ថានភាពជាតិ៕

ចិន មានទំនុកចិត្ត នឹងរក្សាទំនាក់ទំនងល្អ ជាមួយ មីយ៉ាន់ម៉ា ក្រោយបោះឆ្នោត