ភ្នាក់ងារ WADA ចង់ឱ្យ​មានការ​ដាក់បម្រាម​ប្រកួត​ទៅ​លើ​អត្ត​ព​លិ​ក​រុ​ស្ស៊ី

បណ្តា​អត្ត​ព​លិ​ក​របស់​រុ​ស្ស៊ី គួរ​ត្រូវ​បាន​ព្យួរ​ពី​ការ​ប្រកួត​ទាំងអស់​ដោយ​ក្នុង​នោះ​រួម​ទាំង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ឆ្នាំ​២០១៦​ផង​ដែរ ។ នេះ​បើ​យោង​តាម​គណៈកម្មការ​ឯករាជ្យ​នៃ​ភ្នាក់ងារ​ប្រឆាំង​សារធាតុ​ញៀន​ពិភពលោក (WADA) ទទួល​បន្ទុក​បញ្ហា​អំពើ​ពុក​រលួយ​និង​ការ​ប្រើប្រាស់​សារធាតុ​ញៀន​តាម​រយៈ​របាយការណ៍​មួយ ។

របាយការណ៍​ខាង​ដើម​បាន​បង្ហាញ​នូវ​ភស្តុ​តាង​នៃ​ការ​លួច​បន្លំ​ជា​ប្រព័ន្ធ​ដោយ​មានការ​ទទួល​ដឹង​ឮ និង​យល់ព្រម​ពី​អាជ្ញាធរ​ទីក្រុង​ម៉ូ​ស្គូ ហើយ​បាន​កត់​សម្គាល់ថា ការ​ធ្វើតេស្ត​គ្រឿងញៀន​សម្រាប់​អត្ត​ព​លិ​ក​គឺ​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​បន្ទប់ពិសោធន៍​ដែល​ខ្វះ​ភាព​ជឿជាក់ និង​គ្មាន​ក្រេ​ឌី​ត​ត្រឹមត្រូវ​ពី​ភ្នាក់ងារ WADA ។

គណៈកម្មការ​ដែល​មាន​គ្នា​ចំនួន​៣​រូប​ដឹកនាំ​ដោយ​អតីត​ប្រធាន WADA គឺ​លោក​រី​ឆា​ដ ផោន បាន​ផ្ដល់​ជា​អនុសាសន៍​ថា សហព័ន្ធ​កីឡាអត្តពលកម្ម​អន្តរជាតិ​គួរតែ​ព្យួរ​សមាជិកភាព​សហព័ន្ធ​អត្តពលកម្ម​រុ​ស្ស៊ី  (ARAF) ។ លោក​បាន​ប្រាប់​អ្នកកាសែត​ថា​៖«​ផ្ដល់​ឱ្យ​នូវ​វិសាលភាព​នៃ​ការ​លួច​បន្លំ​ក្នុង​ចំណោម​អត្ត​ព​លិ​ក​រុ​ស្ស៊ី ការ​ប្រើ​សារធាតុ​ញៀន​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​រដ្ឋ ហើយ​និង​មិន​អាច​កើតឡើង​បាន​ឡើយ​បើ​គ្មាន​ការ​យល់ព្រម​ពី​អាជ្ញាធរ​នៅ​ក្រុង​ម៉ូ​ស្គូ​» ។ លោក​ថា ការ​ប្រើប្រាស់​សារធាតុ​ហាមឃាត់​ក្នុង​ចំណោម​អត្ត​ព​លិ​ក​រុ​ស្ស៊ី​មាន​ភាព​ផុលផុស​និង​ធ្ងន់ធ្ងរ ហើយ​បាន​សំណូមពរ​ឱ្យ​រដ្ឋាភិបាល​ប្រទេស​នេះ​ដក​ឈ្មោះ​អត្ត​ព​លិ​ក​របស់​ខ្លួន​ពី​ព្រឹត្តិការណ៍​អូ​ឡាំ
ពិ​ក​ក្រុង​រី​យ៉ូ ។

ព្រម​ពេល​ជាមួយ​គ្នា​នេះ WADA ក៏​បាន​អំពាវនាវ​ឱ្យ​ព្យួរ​ការ​ប្រកួត​របស់​អត្ត​ព​លិ​ក​រុ​ស្ស៊ី​ចំនួន​៥​រូប​អស់​មួយ​ជីវិត​ផង​ដែរ​។ ឯ​លោក Sebastien  Coe ជា​ប្រធាន​សហព័ន្ធ​កីឡាអត្តពលកម្ម​ពិភពលោក (IAAF) បាន​បញ្ចេញ​ប្រតិកម្ម​ជា​លើក​ដំបូង​របស់​ខ្លួន​ពី​ទីក្រុង​ឡុ​ង​ដ៍​ដោយ​និយាយ​ថា ការ​សន្និដ្ឋាន​ចុង​ក្រោយ​របស់​របាយការណ៍​លើក​នេះ​គឺជា​ការ​ប្រកាស​អាសន្ន និង​ថា​ជា​បញ្ហា​«​គួរ​ឱ្យ​ព្រួយបារម្ភ​»​។ ប៉ុន្តែ​លោក​ក៏​បាន​គាំទ្រ​ដំណើរការ​នៃ​ការ​ពិចារណា​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​សហព័ន្ធ​អត្តពលកម្ម​រុ​ស្ស៊ី (ARAF) ផង​ដែរ ។ លោក​បន្ត​ថា ៖ «​យើង​ត្រូវការ​ពេលវេលា​ដើម្បី​សិក្សា​ឱ្យ​ស៊ីជម្រៅ​ត្រឹមត្រូវ​និង​យល់​ឱ្យ​លម្អិត​ក្នុង​បញ្ហា​ដោយ​រួម​បញ្ចូល​ទាំង​របាយការណ៍​នេះ​ផង ។ ទោះជា​យ៉ាងនេះ​ក្តី ខ្ញុំ​បាន​ជំរុញ​ឱ្យ​ក្រុមប្រឹក្សាវិន័យ​ចាប់ផ្តើម​ដំណើរការ​នៃ​ការ​ពិចារណា​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​សហព័ន្ធ ARAF ហើយ​» ។

ចំពោះ​ភាគី​ខាង​រុ​ស្ស៊ី​វិញ នៅ​ក្នុង​ប្រតិកម្ម​ដំបូង​របស់​ខ្លួន លោក​រដ្ឋមន្ត្រីក្រសួង​កីឡា Vitaly Mutko បានឱ្យ​ដឹង​ថា គណៈកម្មការ WADA មិន​អាច​ទទួលយក​សេចក្តី​សម្រេចចិត្ត​ណាមួយ​ក្នុង​ការ​ផ្អាក​ប្រទេស​រុ​ស្ស៊ី​ចេញពី​ការ​ប្រកួត​ទាំង​អស់នោះ​ទេ ។ លោក Mutko បាន​ប្រាប់​ថា ៖ «​វា​គ្មាន​ភាព​ចាំបាច់​ដែល​ត្រូវ​យល់​ច្រឡំ​នោះ​ទេ ពោល​គឺ​គណៈកម្មការ​នេះ​មិន​មាន​សិទ្ធិ​ក្នុង​ការ​ព្យួរ​ឬ​ផ្អាក​អ្នក​ណា​ម្នាក់​នោះ​ឡើយ​»​។ លោក​ថា អាជ្ញាធរ​រុ​ស្ស៊ី​នឹង​ចេញផ្សាយ​សេចក្តីថ្លែងការណ៍​ពេញលេញ​មួយ​នៅ​ពេល​ក្រោយ​។
សូម​បញ្ជាក់​ថា រឿងរ៉ាវ​នៃ​ការ​ប្រើ​សារធាតុ​ហាមឃាត់​ជា​ប្រព័ន្ធ​របស់​អត្ត​ព​លិ​ក​រុ​ស្ស៊ី​បាន​ផ្ទុះ​ឡើងជា​លើក​ដំបូង​តាំងពី​ខែធ្នូ ២០១៤ មក​ម្លេ​៉ះ ដោយនៅ​ពេល​នោះ ទូរទស្សន៍​មួយ​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់​បាន​ចាក់​ផ្សាយ​ឯកសារ​ពី​បញ្ហា​នេះ ៕