គីម ហ៊ាង ​​​​​កំណើន​សំណង់​អគារ​ខុនដូ​ខ្លាំង​ដោយសារ​លំនឹង​សេដ្ឋកិច្ច

គីម ហ៊ាង ​​​​​កំណើន​សំណង់​អគារ​ខុនដូ​ខ្លាំង​ដោយសារ​លំនឹង​សេដ្ឋកិច្ច

ការ​សាងសង់​សំណង់​អគារ​ខុនដូ​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​នៅ​រយៈពេល​ចុងក្រោយ​រហូត​បណ្ដាញ​សារព័ត៌មាន​អន្តរជាតិ​ចុះផ្សាយ​ជា​ហូរហែ​ថា ​​កម្ពុជា​ជា​គោលដៅ​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ថ្មី​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍។​ ​ជុំវិញ​ ការ​កើន​ឡើង​នៃ​​ការ​អភិវឌ្ឍ​សំណង់​ខុនដូ​នេះ ​លោក​គីម ហ៊ាង​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បញ្ជាក់​ថា​​ ស្ថិរភាព​សេដ្ឋកិច្ច​​កម្ពុជា​​ ​និង​កត្តា​អំណោយ​ផល​​មួយ​ចំនួន​ទៀត​ជា​ចំណុច​ទាក់ទាញ​វិនិយោគិន។

 

គីម ហ៊ាង ​​​​​កំណើន​សំណង់​អគារ​ខុនដូ​ខ្លាំង​ដោយសារ​លំនឹង​សេដ្ឋកិច្ច

 

ការ​ពិនិត្យ​ប្លង់ពិត​​អំឡុង​ពេល​សម្ពោធ​​គម្រោង​ Camhomes ​កន្លង​មក

 

​​​«កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​មិន​ច្រើន​ដែល​រក្សា​កំណើន​សេដ្ឋកិច្ច​ ៧ ​ទៅ​ ៨ ​ភាគរយ​ក្នុង​​​​រយៈពេល ​១​ ​ទសវត្ស​ចុងក្រោយ»។ ​លោក​បន្ត​ថា ​ស្រប​គ្នា​នេះ​ប្រទេស​ជា​ច្រើន​ទៀត​មាន​កំណើន​ទាប ​​ដែល​តម្រូវ​​ឲ្យ​ក្រុម​អ្នក​វិនិយោគ​សម្លឹង​រក​ទីផ្សារ​ដែល​មាន​​សុវត្ថិភាព​ក្នុង​ការ​ចំណាយ​ជាង។

 

​​ក្រៅ​ពី​នេះ​ ​កត្តា​ប្រជាសាស្ត្រ ​និង​ភូមិសាស្ត្រ​ក៏​ជា​ចំណុច​ល្អ​ដែល​វិនិយោគិន​បរទេស​មើល​ឃើញ​។ ប្រធាន​ក្រុមហ៊ុន​ខ្មែរៀលអ៊ីស្ទេត​​ថា ​ចំពោះ​កត្តា​ប្រជាសាស្ត្រ​​ប្រជាជន​កម្ពុជា​ភាគច្រើន​ជា​មនុស្ស​វ័យ​ក្មេង​ កំពុង​ពេញ​កម្លាំង ​ដូច្នេះ​កម្លាំង​ពលកម្ម​​ក៏​ពេញ​ ​និង​​ការ​ចំណាយ​ក៏​ច្រើន​ដូច​គ្នា​នៅ​វ័យ​នេះ។ ​​​កត្តា​ភូមិសាស្ត្រ​វិញ ​សម្រាប់​អ្នក​មាន​លុយ​ចង់​រក​កន្លែង​ដែល​សុវត្ថិភាព​សម្រាប់​រស់នៅ​​ ​ព្រោះ​​​កម្ពុជា​កម្រ​រង​គ្រោះ​ដោយសារ​​គ្រោះធម្មជាតិ​ដូច​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​។

 

គីម ហ៊ាង ​​​​​កំណើន​សំណង់​អគារ​ខុនដូ​ខ្លាំង​ដោយសារ​លំនឹង​សេដ្ឋកិច្ច

 

លោក​គីម ហ៊ាង​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា

 

​​កត្តា​រួម​ផ្សំ​​ផ្សេង​ទៀត​រួម​មាន​ ​នយោបាយ​ (មិន​ចលាចល) ​​ច្បាប់​សម្រាប់​អ្នក​វិនិយោគ​ងាយស្រួល ​​និង​ប្រជាជន​មាន​ភាព​រួសរាយ​រាក់​ទាក់​ជាដើម។

 

​​​តួលេខ​ជាក់លាក់​ពាក់ព័ន្ធ​​នឹង​កំណើន​ការ​សាងសង់​ខុនដូ​មិន​ត្រូវ​បាន​លោក​បញ្ជាក់​ឲ្យ​ដឹង​ឡើង ​គ្រាន់​តែ​បញ្ជាក់​ថា ​មាន​ការ​កើន​ឡើង​ខ្លាំង​ក្នុង​មួយ​ឆ្នាំ​ចុងក្រោយ​នេះ។ ​​​អតិថិជន​​ដែល​​ទិញ​សំណង់​ខុនដូ​ជិត​ ៨០ ​ភាគរយ​ជា​វិនិយោគិន​បរទេស​មក​ពី​តៃវ៉ាន់ ​សិង្ហបុរី ​ចិន​ដីគោក ​និង​ជប៉ុន​ក្នុង​គោលបំណង​វិនិយោគ​ពោល​គឺ​ សម្រាប់​លក់ ​ឬ​ជួល​បន្ត។

 

​​លោក​គីម ហ៊ាង​បាន​សម្ដែង​សុទិដ្ឋិនិយម​ថា ​​ការ​អភិវឌ្ឍ​សំណង់​ខុនដូ​​នឹង​នៅ​តែ​បន្ត​កើន​ឡើង​​​​នៅ​ឆ្នាំ​ក្រោយ​ទៀត​ ​បើ​​​មិន​មាន​ការ​ប្រែប្រួល​ផ្នែក​នយោបាយ និង​ស្ថានភាព​ទូទៅ​ផ្សេង​ទៀត៕

 

អត្ថបទ៖ ​ប្រាក់ ចាន់សីហា​​​​​

​​​​