រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ៖ បណ្តេញ ជនសង្ស័យ ជនជាតិចិន មិនពាក់ព័ន្ធ នយោបាយ

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ការអនុវត្ត ច្បាប់អន្តោប្រវេសន៍កម្ពុជា ក្នុងករីណចាប់បណ្តេញ ជនសង្ស័យជនជាតិចិន ជាច្រើនរូបទៅកាន់ ប្រទេសចិន វិញនោះ គឺវាមិនពាក់ព័ន្ធបញ្ហានយោបាយនោះទេ។ នេះបើយោងតាមគេហទំព័រ របស់អគ្គស្នងការ នគរបាលជាតិ។

ក្នុងពិធីចែករំលែក បទពិសោធន៍ស្តីពីការងារដឹកនាំ គ្រប់គ្រង និងការគ្រប់គ្រង សភាពការណ៍សន្តិសុខ សណ្តាប់ ធា្នប់សាធារណៈសម្រាប់ការបោះឆ្នោត និងក្រោយពេលបោះឆ្នោត នៅកម្ពុជានៅសាលាបណ្ឌិត សភានគរបាល កម្ពុជា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ សម្តេច ស ខេង បានចាត់ទុក ជនសង្ស័យជនជាតិចិន ចំនួន ១៦៨នាក់នោះ ជាក្រុមឧក្រិដ្ឋជនឆ្លងដែន ដែលមានអង្គការចាត់នៅស្រុកចិន ហើយបានមកតាំងមូល ដ្ឋាន ខេត្តព្រះសីហនុ ធ្វើសកម្មភាពចាប់ជំរិតទារយកប្រាក់ពីក្រុមឈ្មួញ អ្នកវិនិយោគ អ្នករកស៊ី និង អាជីវករជា ដើមនៅប្រទេសចិន តាមរយៈ ប្រព័ន្ធទូរស័ព្ទ ប្រព័ន្ធIntenet និងប្រព័ន្ធOnlineនានា។

សម្រាប់ការចុះ ស៊ើបអង្កេតតាមចាប់ឃាត់ខ្លួនជនសង្ស័យជនជាតិចិនទាំងនោះ គឺបានធ្វើឡើងបន្ទាប់ពីមាន ដីការនគរបាលរបស់ប្រទេសចិន បានស្នើសុំកិច្ចសហប្រតិបត្តិការជាមួយកងកំលាំងនគរបាលកម្ពុជា និងយោងតាមច្បាប់អន្តោប្រវេសន៍កម្ពុជា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ កម្លាំងនគរបាល អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និងកម្លាំងអន្តោប្រវេសន៍ខេត្តព្រះសីហនុ សហការជាមួយសមត្ថកិច្ចចិន ចូលឃាត់ខ្លួននៅភូមិគ្រឹះ ២កន្លែង ស្ថិតក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ក្បែរឆ្នេរអូរឈើទាល រហូតមកដល់ថ្ងៃទី១០ ខែវិច្ឆិកា ជនសង្ស័យជនជាតិចិន១៦៨នាក់ ត្រូវបានចាត់បញ្ជូនតាមជើងយន្តហោះពិសេសរបស់នគរបាលប្រទេសចិន។

 សម្តេច ក្រឡាហោម បញ្ជាក់ថា សម្រាប់ជនសង្ស័យទាំងនោះ បើកម្ពុជា មិនចាត់វិធានការបង្ក្រាបឲ្យទាន់ ពេលពេលនោះទេ នឹងធ្វើឲ្យប៉ះពាលដល់សន្តិសុខជាតិ ប៉ះពាលដល់ការវិនិយោគទុនបរទេស និងសេដ្ឋកិច្ចជាតិ៕

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ៖ បណ្តេញ ជនសង្ស័យ ជនជាតិចិន មិនពាក់ព័ន្ធ នយោបាយ