​ជិះ​ម៉ូតូ​ចេញពី​កោះ​ពេជ្រ ត្រូវ​ក្មេងស្ទាវ​១​ក្រុម វាយ​រងរបួស​បែកក្បាល​ម្នាក់​

ភ្នំពេញ: យុវជន​៣​នាក់ ជិះ​ម៉ូតូ​ដើរលេង នៅ​កោះ​ពេជ្រ លុះ​ជិះ​មកដល់​មុខ Dreamland ត្រូវបាន​ក្រុមក្មេងស្ទាវ​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ដេញតាម​វាយ បណ្ដាល​ឲ្យ​បែកក្បាល ហូរឈាម​ស្រោច​ខ្លួន​ម្នាក់ កាលពី​វេលា​ម៉ោង ៨ និង​៣០​នាទី​យប់ ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅមុខ Dreamland ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។​

​ក្រោយពី​បាន​វាយ​គេ​ឲ្យ​របួស​ហើយ ក្រុម​ជនបង្ក បាន​ព្យាយាម​ជិះ​រត់គេចខ្លួន តែ​មក ដល់​ក្បែរ វិមានឯករាជ្យ ក៏​ត្រូវបាន​ប្រជាពលរដ្ឋ រួមជាមួយ​សមត្ថកិច្ច ឃាត់ខ្លួន​បាន​២​នាក់ រួមជាមួយម៉ូតូ​១​គ្រឿង​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ហៀ​ង អាយុ​២២​ឆ្នាំ ជា​សិស្ស រស់នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ។ ចំណែក​អ្នក​ឌុប​ឈ្មោះ លេង (​ពាក់​ម៉ាស​) អាយុ​២១​ឆ្នាំ ជា​សិស្ស ស្នាក់​សង្កាត់​ផ្សារកណ្ដាល​១ ខណ្ឌដូនពេញ ។​

​ចំណែក​ភាគី​រងគ្រោះ មាន​គ្នា​៣​នាក់ ដែល​បានដាក់​ពាក្យបណ្ដឹង ក្នុងនោះ​១-​ឈ្មោះ សុខ មករា អាយុ​២២​ឆ្នាំ រងរបួស​បែកក្បាល ជា​អ្នក​ឌុប​។ ២-​ឈ្មោះ វត កក្កដា អាយុ​២៣​ឆ្នាំ និង​៣-​ឈ្មោះ ឡាយ វីរៈ​ផា អាយុ​២៣​ឆ្នាំ ទាំង​៣​នាក់ ជា​និស្សិត ស្នាក់​នៅផ្ទះ​ជិតគ្នា ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ។​

​តាម​ជនរងគ្រោះ បាន​និយាយថា មុនពេល​កើតហេតុ​ពួកគាត់ បាន​ជិះ​ម៉ូតូ PCX មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FH-8776 ជិះ​លេង​នៅក្នុង​កោះ​ពេជ្រ ខណៈពេល​កំពុង​ជិះ​ចេញ ពី​កោះ​ពេជ្រ មកដល់​ចំណុច កើតហេតុ​ខាងលើ ស្រាប់​តែមាន​ក្មេងស្ទាវ​១​ក្រុម មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង បាន​ដក​ខ្សែក្រវាត់ ដេញ​វាយ​មកលើ​ពួកគាត់ បណ្តាល​ឲ្យ​គ្នា​គាត់​ម្នាក់ របួស​បែកក្បាល​។  ហើយ​ភ្លាមៗ​នោះ ជនបង្ក​បាន​ព្យាយាម​ជិះ​រត់គេចខ្លួន តែ​មកដល់​ក្បែរ​វិមាន ឯករាជ្យ ត្រូវបាន​ប្រជាពលរដ្ឋ រួមជាមួយ​សមត្ថកិច្ច ឃាត់ខ្លួន​បាន​២​នាក់ រួមជាមួយ​ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥ មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AH-4590 ។​

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​នគ​របាល នាំមក​ដាក់ពាក្យ​បណ្ដឹង នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលច​តុ​មុខ​។ ចំណែក​ជនសង្ស័យ​២​នាក់ ដែល​ជាប់ចោទ​ត្រូវ សមត្ថកិច្ច​កំពុង​សាកសួរ​បន្ត និង​ចាត់ការ​តាមច្បាប់​៕V​/S