​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បើក​បណ្តុះបណ្តាល ស្តីពី​ផ្សារ​មូល​ប​ត្រ ដល់​អ្នកសារព័ត៌មាន​

ភ្នំពេញ: អ្នកសារព័ត៌មាន​ជាតិ មកពី​ស្ថាប័ន​ព័ត៌មាន​ខុសៗ​គ្នា ចំនួន​៤១​នាក់ ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល មូលដ្ឋាន អំពី​មូល​ប​ត្រ និង​ទីផ្សារ​មូល​ប​ត្រ នៅ​កម្ពុជា រយៈពេល​ពេញ​មួយថ្ងៃ​នេះ ដើម្បី​ជា​ទុន ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន ដែល​រៀបចំ​ដោយ គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ​ភ្នំពេញ​។​

​លោក ស៊ូ សុជាតិ អគ្គនាយក នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​បើក វគ្គ​បណ្តុះបណ្តាល ស្តីពី​ការលើកកម្ពស់ ការយល់ដឹង​ពី​ទីផ្សារ​មូល​ប​ត្រ ដល់​អ្នក សារព័ត៌មាន ថា ការអភិវឌ្ឍ​វិស័យ​មូល​ប​ត្រ គឺជា​កម្មវត្ថុ​យុទ្ធសាស្ត្រ​មួយ នៃ​វិស័យ​ហិរញ្ញវត្ថុ ដែល​ទទួលបាន​ការយ​ក​ចិត្ត​ទុកដាក់ ខ្ពស់​ពី​រាជរដ្ឋាភិបាល ដោយមាន​កំណត់ក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ វិស័យ​ហិរញ្ញវត្ថុ ឆ្នាំ ២០១១-២០២០​។​

​លោក ស៊ូ សុជាតិ បាន​បន្តថា យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ វិស័យ​ហិរញ្ញវត្ថុ បានកំណត់​គោលនយោបាយ ជំរុញ​ការអប់រំ និង​ការយល់ដឹង ពី​មូល​ប​ត្រ និង​ទីផ្សារ​មូល​ប​ត្រ ទាំង​កិច្ចដំណើរការ និង​យន្តការ​នៃ ទីផ្សារ​មូល​ប​ត្រ ជាពិសេស​ការប្រើប្រាស់ វាក្យ​ស័ព្ទ គន្លឹះ អំពី​មូល​ប​ត្រ និង​ទីផ្សារ​មូល​ប​ត្រ ក៏ដូចជា​ប្រើប្រាស់​ពាក្យ​បច្ចេកទេស ដែល​ប្រើប្រាស់ ក្នុង​ច្បាប់ និង​បទ​ប្បញ្ញត្តិ​នានា ក្នុង​វិស័យនេះ ឱ្យបាន​ត្រឹមត្រូវ សម្រាប់​អ្នកសារព័ត៌មាន ព្រោះថា អ្នកសារព័ត៌មាន បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ផ្សព្វផ្សាយ​បន្ត ទៅកាន់​សាធារណជន​។​

​លោក​អគ្គនាយក បាន​បន្តទៀតថា ការដាក់ឱ្យ​ដំណើរការ និង​កិច្ចអភិវឌ្ឍន៍ ទីផ្សារ​មូល​ប​ត្រ ធ្វើឡើង ដោយ​ផ្អែកលើ​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ ឆ្នាំ ២០០៦-២០១៥ និង​បានធ្វើ​បច្ចុប្បន្ន​កម្ម ទៅជា​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ វិស័យ​ហិរញ្ញវត្ថុ ឆ្នាំ​២០១១-២០២០ របស់​រាជរដ្ឋាភិបាល​។ ទីផ្សារ​មូល​ប​ត្រ គឺជា​ជម្រើស​ហិរញ្ញប្បទាន រយៈពេល​វែង បំពេញបន្ថែម លើ​ហិរញ្ញប្បទាន ដែលមាន​ស្រាប់​ផ្តល់ ដោយ​ប្រព័ន្ធ​ធនាគារ និង​ជា​យន្តការ​ថ្មី មាន​សក្តានុពល​ខ្ពស់ ក្នុងការ​កៀរគរ​មូលធន សម្រាប់​វិនិយោគ និង​ជំរុញ ឱ្យមាន​កំណើនសេដ្ឋកិច្ច​ជាតិ​។​

​លោក​បាន​បន្ថែមថា វិស័យនេះ ផ្តល់​អត្ថប្រយោជន៍​ជាច្រើន ដល់​សង្គមជាតិ ដូចជា​ជួយ​ជំរុញ​ឱ្យ​មហាជន បង្កើន​នូវ​ការ​សន្សំ ដើម្បី​បង្កើត​នូវ​ទម្លាប់ នៃ​ការវិនិយោគ ហើយ​ជួយ​ប្រមូលផ្តុំ មូលធន​តូចៗ ទៅជា​មូលធន​ធំ​មួយ ដើម្បី​វិនិយោគ នៅក្នុង​វិស័យ សេដ្ឋកិច្ច​រូបវន្ត ជួយ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​នានា ប្រកប​អាជីវកម្ម ដោយ​ប្រសិទ្ធភាព ជួយ​ជំរុញ​ឱ្យ​ប្រភព​មូលធន ក្នុងស្រុក​មាន​ចរាចរ រស់​រវើក និង​មាន​តម្លាភាព ជួយ​ស្រូបយក​មូលធន ពី​បរទេស ជាពិសេស​ជួយ​សម្រួល ដល់​រាជរដ្ឋាភិបាល ក្នុងការ​អនុវត្ត​នូវ​កម្មវិធីអភិវឌ្ឍន៍ សេដ្ឋកិច្ច​-​សង្គម​ផ្សេងៗ​។​

​ជាមួយគ្នានេះដែរ ថ្វីត្បិតតែ​ដំណើរការ ទីផ្សារ​មូល​ប​ត្រ មិនសូវ​សកម្ម ដែល​មូលហេតុ​ចម្បង គឺ​ទីផ្សារ​មាន​សមាសភាព​ថ្មី តួអង្គ​ថ្មី ព្រមទាំង​វិនិយោគិន​ថ្មី ដែល​ការយល់ដឹង​ពី​ការជួញដូរ មូល​ប​ត្រ​នៅមានកម្រិត ដែល​ករណីនេះ ទាមទារ​ឱ្យមាន​ការខិតខំ​បន្ថែម ទៀត លើ​ការបញ្ជ្រាប ចំណេះដឹង ដល់​វិនិយោគិន​សាធារណៈ និង​ការទាក់ទាញ​ក្រុមហ៊ុនចុះបញ្ជី​លក់​មូល​ប​ត្រ ផ្សេងៗ​ទៀត​៕V​/S